កីឡាករ​កម្ពុជា​-​ថៃ​ដល់​ថ្ងៃ​ប៉ះ​គ្នា​អបអរ​បុណ្យចូលឆ្នាំ​ខ្មែរ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃអាទិត្យ ​ទី​១០ មេ​សា ខាន​ស្អែក​នេះ កីឡាករ​កម្ពុជា​៤​រូប និង​កីឡាករ​ថៃ​៤​រូប បាន​ត្រៀមខ្លួន​រួច​ហើយ​ ដើម្បី​ប៉ះ​គ្នា​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ នេះ​ជា​ការ​ប្រកួត​អន្តរជាតិ​ដែល​ត្រូវ​គេ​មើលឃើញ​ថា ជា​ជំនួប​មិន​ខុស​ពី​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ដែល​ត្រៀម​ចូល​មក​ដល់ ខណៈ​ដែល​ការ​ប្រកួត​របស់​ពួក​គេ ក៏​ត្រូវ​គេ​ជឿ​ថា ​នឹង​មាន​អ្នក​ចាប់អារម្មណ៍​តាមដាន​ភាគច្រើន ។

ការ​ប្រកួត​ដែល​ត្រូវ​គេ​បែងចែក​ឲ្យ​ឡើង​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​២​ផ្សេង​គ្នា​នោះ គឺ​ការ​ប្រកួត​ប្រដាល់​អន្តរជាតិ​ពេល​ព្រឹក​ចាប់ពី​ម៉ោង​៨​ព្រឹក​រហូត​ដល់​ម៉ោង​១០​កន្លះ និង​ការ​ប្រដាល់​ពេល​រសៀល​ដែល​នឹង​ចាប់ផ្ដើម​ពី​ម៉ោង​២​រសៀល​រហូត​ដល់​ម៉ោង​៤​កន្លះ ដែល​រៀបចំ​នៅ​ក្នុង​ស្ទី​ឌី​យោ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​។ កីឡាករ​៤​រូប​របស់​កម្ពុជា​រួម​មាន កីឡាករ សា​រឿ​ន ច័ន្ទ កីឡាករ ឡុ​ង សុវណ្ណ​ឌឿ​ន កីឡាករ ផង់ សុភាព និង​កីឡាករ ផា​ន់ គ្រាន់ ដែល​ម្នាក់​ៗ​សុទ្ធតែ​ជា​ជើង​ខ្លាំង និង​ល្បីឈ្មោះ​នៅ​លើ​សង្វៀន​នា​ពេល​កន្លង​មក​ទាំងអស់ ។ កីឡាករ​ទាំង​៤​រូប​ត្រូវ​គេ​អះអាង​ថា​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ​ដើម្បី​ការ​ប្រកួត​ថ្ងៃខាន​ស្អែក​កុំឱ្យ​អ្នក​ទស្សនា​ខកចិត្ត​នោះ​ផង ។ យ៉ាងណាមិញ គេ​មិន​ទាន់​ដឹង​ថា ​ក្នុង​ចំណោម​អ្នក​ទាំង​៤​នឹង​មាន​ប៉ុន្មាន​នាក់​ឈ្នះ​ថៃ​ ហើយ​នាំ​ជោគជ័យ​ត្រឡប់​ទៅ​ស្រុក​ក្នុង​អំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ​នោះ​ទេ ដោយសារ​តែ​កីឡាករ​ថៃ​ដែល​នឹង​បង្ហាញ​វត្តមាន​សុទ្ធតែ​ជា​ជើង​ខ្លាំង ហើយ​ក្នុង​ចំណោម​ជើង​ខ្លាំង​របស់​កម្ពុជា​ទាំង​៤​សុទ្ធតែ​មានឈ្មោះ​ចាញ់​កីឡាករ​ថៃ​មិន​មាន​អ្នក​ណា​មិន​ធ្លាប់​បរាជ័យ​ទេ ។

នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ពេល​ព្រឹក កីឡាករ​ឡុ​ង សុវណ្ណ​ឌឿ​ន មក​ពី​ក្លិប​សាល​វ័​ន្ដ​កីឡា នឹង​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ចូ ចូ ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​។ អ្នក​ទាំង​ពីរ​សុទ្ធតែ​មាន​ប្រវត្តិ​ខ្លាំង និង​ល្បីឈ្មោះ​នៅ​លើ​ទឹកដី​រៀងខ្លួន ។ កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៧៧​ដង ឈ្នះ​៦៥​ដង ចាញ់​១១​ដង និង​ស្មើ​១​ដង ដោយ​ក្រេ​ឌី​ត​ចុង​ក្រោយ​​ដែល​បាន​បង្ហាញ​ឡើង​គឺ​គេ​ធ្លាប់​ផ្ដួល​កីឡាករ​ថៃ​ដូច​គ្នា និង​កីឡាករ​បរទេស​ច្រើន​នាក់​មក​ហើយ​មុន​ពេល​មានឈ្មោះ​ឡើង​មក​ប្រកួត​នៅ​ក្នុង​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ សម្រាប់​ភាគី​ខាង​កីឡាករ​កម្ពុជា​វិញ គេ​មិន​អន់​នោះ​ទេ ព្រោះ​ក្រៅពី​មានឈ្មោះ​ជា​ពិធីករ និង​ជា​អ្នក​ប្រដាល់​ល្បីឈ្មោះ គេ​ក៏​មាន​ប្រវត្តិ​ឡើង​រេញ​ច្រើន​ជាង​កីឡា​ករ​​ថៃ​នោះ​ដែរ ។ ឆ្លងកាត់​ការ​ប្រកួត​បាន​៨៥​លើក ឈ្នះ​៧២​លើក ចាញ់​១០​លើក និង​ស្មើ​៣​លើក សុទ្ធតែ​បង្ហាញ​ថា ឡុ​ង សុវណ្ណ​ឌឿ​ន មានបទពិសោធន៍​ខ្ពស់​ជាង​ថៃ ។ ប៉ុន្តែ​គូ​នេះ​ភាគច្រើន​រំពឹង​ត្រឹម​បាន​ពិន្ទុ​ស្មើ​ប៉ុណ្ណោះ ដោយសារ​តែ​កីឡាករ​ថៃ​ក៏​ខ្លាំង ហើយ​ខាង​កម្ពុជា​ក៏​មាន​ថ្វីដៃ​រហ័ស ខណៈ​ដែល​លទ្ធផល​សន្លប់​សម្រាប់​ពួក​គេ​ទំនង​ពិបាក​កើតឡើង ។ ក្រុម​អ្នកគាំទ្រ​ហាក់​កត់សម្គាល់​ពី​គូ​នេះ​ជាងគេ​ដោយសារ​ចង់​ដឹង​ថា​អ្នក​ខ្លាំង​ប៉ះ​ខ្លាំង​ពិតជា​ស្មើ​ពិន្ទុ​គ្នា​ចុង​ក្រោយ ឬ​ភាគី​ណា​ទទួល​ជ័យជម្នះ ។

កីឡាករ សា​រឿ​ន ច័ន្ទ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ក៏​ត្រូវ​គេ​ឱ្យ​ត្រៀម​កណ្ដាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ​ឈ្មោះ កាំ​ឡៃ យោគ ផង​ដែរ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ។ ការ​ប្រកួត​រវាង​អ្នក​ទាំង​ពីរ​ភាគច្រើន​រំពឹង​ថា ថៃ​នឹង​ឈ្នះ ប៉ុន្តែ​ក៏​មាន​មួយ​ក្រុម​ផ្សេង​ជឿ​ថា​កីឡាករ​កម្ពុជា​ឈ្នះ បើ​ទោះជា​ភាគី​ខាង​ថៃ​ត្រូវ​គេ​មើលឃើញ​ថា​មាន​កម្លាំង​ស៊ុ​ហ្វ​ល្អ​ជាង ។

កីឡាករ​ថៃ​ឆ្លងកាត់​ការ​ប្រកួត​៦៩​លើក ឈ្នះ​៥៦​លើក និង​ចាញ់​១៣​លើក ខណៈ​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​៧៨​លើក ឈ្នះ​៦៧​លើក ចាញ់​១០​លើក និង​ស្មើ​១​លើក​។ ក្រុម​មន្ត្រី​អ្នក​រៀបចំ​កម្មវិធី​ប្រកួត​មាន​ជំនឿ​ភាគច្រើន​ថា គូ​នេះ​នឹង​មាន​ពិន្ទុ​ចាញ់​ឈ្នះ ដោយ​មិន​អាច​ស្មើ​បាន​ទេ បើ​ទោះជា​ពួក​គេ​មិន​ហ៊ាន​បញ្ជាក់​ថា កីឡាករ​ណា​នឹង​ឈ្នះ​។ ទោះបី​យ៉ាងណា គេ​នៅ​តែ​កត់​សម្គាល់ថា ​កីឡាករ​ថៃ​ល្អ​ជាង​ថ្វី​ដ្បិតតែ​គេ​ឡើង​ប្រកួត​តិច​ជាង​សា​រឿ​ន ច័ន្ទ ប្រមាណ​៩​លើក​ក្ដី ។

សម្រាប់​ព្រឹត្តិការណ៍​ប្រដាល់​ពេល​រសៀល​វិញ កីឡាករ ផា​ន់ គ្រាន់ មក​ពី​ក្លិប​គជសារ​កីឡា ដែល​អ្នក​ណា​ក៏​ស្គាល់​ថា​ជា​ជើង​ខ្លាំង និង​ល្បីឈ្មោះ​យូរ​ក្រែល​ដែរ​មក​ហើយ នឹង​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ឈាង ក្រៃ ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។ ការ​ប្រកួត​របស់​គូ​នេះ មានការ​សន្និដ្ឋាន​ស្ទើរ​ទាំងអស់​ក្នុង​ចំណោម​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ថា ​នឹង​រុញ​ឲ្យ​កក្រើក​សង្វៀន​មុន​ឱកាស​បុណ្យចូលឆ្នាំ ។ នោះ​គឺ​ដោយសារ​តែ​ពួក​គេ​ខ្លាំង ហើយ​មាន​ថ្វីដៃ​រៀងខ្លួន​។

យ៉ាងណា​ក៏​ដោយ​មានការ​ជឿជាក់​ភាគច្រើន​ថា ​កីឡាករ​កម្ពុជា​មាន​សមត្ថភាព និង​បច្ចេកទេស​ការពារ​ខ្លួន​ល្អ​ជាង ។ បើ​ទោះជាមិន​អាច​ឈ្នះ​ដោយ​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់ ក៏​ពិតជា​ឈ្នះ​ដោយ​ពិន្ទុ​ដែរ បើ​ទោះជា​ជ័យជម្នះ​របស់​ផា​ន់ គ្រាន់ អាច​នឹង​ត្រូវ​ចំណាយ​កម្លាំង​បន្តិច​ក្ដី ។ ការ​ប្រកួត​គូ​នេះ មានការ​ចាប់អារម្មណ៍​មិន​ខុស​ពី​គូប្រកួត​របស់ ឡុ​ង សុវណ្ណ​ឌឿ​ន ជាមួយ​គូបដិបក្ខ​នោះ​ទេ ។

ផា​ន់ គ្រាន់ ធ្លាប់​ប្រកួត​៧៨​លើក ឈ្នះ​៦៦​លើក ចាញ់​១០​លើក និង​ស្មើ​២​លើក តិច​ជាង​កីឡាករ​ថៃ ឈាង ក្រៃ ដែល​ធ្លាប់​ប្រកួត​៨៥​លើក ឈ្នះ​៦៣​លើក ចាញ់​២០​លើក និង​ស្មើ​២​លើក ប៉ុន្តែ​អ្នកគាំទ្រ​ហាក់​ទុកចិត្ត​លើ​សមត្ថភាព​របស់​កីឡាករ​កម្ពុជា​ជាង ។

គូ​អន្តរជាតិ​មួយគូ​ទៀត​ដែល​នឹង​ប្រកួត​នៅ​រសៀល​ថ្ងៃអាទិត្យ​នោះ​ដែរ គឺ​កីឡាករ ផង់ សុភាព មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​ឬ​ទ្ធិ នឹង​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ឈួ​ក ឆៃ ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។ គូ​នេះ​អត់​មាន​អ្នក​ហ៊ាន​ប៉ាន់ស្មាន​ពី​ជ័យជម្នះ​នោះ​ទេ ដោយសារ​ភាគី​ទាំង​ពីរ​សុទ្ធតែ​មាន​ចំណុច​ស្ទើរ​ប្រហែល​គ្នា​។ ម្នាក់​ៗ​ហាក់​ផ្ដោត​លើ​ភាព​ជាក់ស្ដែង​ក្នុង​ពេល​ពួក​គេ​ប្រកួត​គ្នា​ច្រើន​ជាង ទើប​អាច​ដឹង​ថា​អ្នក​ណា​ទៅ​រួច​អ្នក​ណា​ទៅ​មិន​រួច ។ កីឡាករ​ផង់ សុភាព ធ្លាប់​ប្រកួត​៦៨​លើក ឈ្នះ​៥០​លើក ចាញ់​១៣​លើក និង​ស្មើ​៥​លើក ក្នុង​ពេល​ដែល​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៦១​លើក ឈ្នះ​៤៧​លើក ចាញ់​១៣​លើក និង​ស្មើ​១​លើក​នៅ​លើ​សង្វៀន ៕