អា​មេ​រិ​ក​នឹង​មិន​អាច​រារាំង​រុ​ស្ស៊ី​ក្នុង​ការ​ផ្តល់​S-300​ដល់​អីុរ៉​ង់

សេត​វិមាន​បាន​សម្រេច​រឹត​បន្តឹង​ការ​គាបសង្កត់​ប្រឆាំង​អីុ​រ៉​ង់ ហើយ​គ្រោង​រាំង​ខ្ទប់​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ការ​លក់​បណ្តា​យន្តហោះ​ប្រដេញ និង​ប្រព័ន្ធ​ការពារ​ប្រឆាំង​​មី​ស៊ី​ល​រុ​ស្ស៊ី​ឱ្យ​ដល់​អីុ​រ៉​ង់ ។ កាសែត​វ៉ា​ស៊ី​ន​តោន​ថែម​យល់​ថា អាជ្ញាធរ​អា​មេ​រិ​ក​ហាក់​ពុំ​អាច​រារាំង​ការ​ផ្តល់​អាវុធ​ទាំងនេះ​ឡើយ ។

កាសែត​វ៉ា​ស៊ី​ន​តោន​ថែម​សរសេរ​ថា សេត​វិមាន​បាន​តវ៉ា​ប្រឆាំង​ការ​ប្រគល់​យន្តហោះ​ប្រដេញ SU-30 និង​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល S-300 រុ​ស្ស៊ី​ឱ្យ​ដល់​អីុរ៉​ង់ ។ ក៏​ប៉ុន្តែ​វា​មាន​លទ្ធភាព​តិច​ណាស់ ដែល​ការ​ហាមឃាត់​នេះ​ផ្តួចផ្តើម​ដោយ​រដ្ឋការ​អា​មេ​រិ​ក​អាច​រារាំង​ក្រុង​មូ​ស្គូ និង​ក្រុង​តេ​ហេ​រ៉​ង់​ចុះហត្ថលេខា​លើ​ការ​ប្រគល់​អាវុធ​ទាំងនេះ ។

កាសែត​នោះ​ធ្វើការ​កត់​សម្គាល់ថា រុ​ស្ស៊ី​ពុំដែល​លាក់លៀម​ឡើយ​នូវ​ចេតនា​ពង្រីក​ការ​រកស៊ី​ជាមួយ​អីុ​រ៉​ង់ បើ​ដរាបណា​ទណ្ឌកម្ម​អន្តរជាតិ​ត្រូវ​លុប​ចោល ។ នេះ​ជា​ការ​ប្រគល់​បណ្តា​យន្តហោះ​មានមុខ​ងារ​ច្រើន​ធុន SU-30 SM ដែល​កិច្ចព្រមព្រៀង​ត្រូវ​ចុះហត្ថលេខា​ក្នុង​ឆ្នាំ​២០១៦​នេះ ព្រមទាំង​ប្រព័ន្ធ​មី​ស៊ី​ល S-300 ។

យោង​តាម​ប្រមុខ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាន់ខ្ពស់​រុ​ស្ស៊ី ROSTEC លោក SERGUEI TCHERMEZOV ថា​ការ​ផ្តល់​ប្រព័ន្ធ​ការពារ​អាកាស​នឹង​ចាប់ផ្តើម​នា​ខែសីហា ឬ​ខែកញ្ញា ឆ្នាំ​២០១៦ ។

កាសែត​វ៉ា​ស៊ី​ន​តោន​ថែម​បន្ត​ថា ទោះបី​យ៉ាងណា ដោយសារ​ហេតុផល​មួយ​ចំនួន​ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​សម្រេច​ជំរុញ​ខ្សែបន្ទាត់​ក្រហម​មួយ ហើយ​​មិន​អនុញ្ញាត​ឱ្យ​អីុ​រ៉​ង់​ទិញ​យន្តហោះ​ប្រដេញ SU-30 ។ ក្រ​សួង​ការ​បរទេស​អា​មេ​រិ​ក​ថ្លែង​ថា សហរដ្ឋ​អា​មេ​រិ​ក​នឹង​រាំង​ខ្ទប់​រាល់​ការ​ប៉ុនប៉ង​លក់​យន្តហោះ​ប្រដេញ​ធុន​នេះ។

ម្យ៉ាងវិញទៀត សេត​វិមាន​មានការ​ព្រួយបារម្ភ​ចំពោះ​ឥរិយាបថ​មាន​បញ្ហា​របស់​អីុ​រ៉​ង់ ពិសេស​តាម​រយៈ​ការ​សាកល្បង​បណ្តា​មី​ស៊ី​ល​បាលី​ស្ទិ​ក ។

លោក TODD WOOD អ្នក​រៀបរៀង​អត្ថបទ​ពី​រឿង​នេះ​របស់​កាសែត​វ៉ា​ស៊ី​ន​តោន​ថែម​យល់​ថា ខ្ញុំ​សង្ស័យ​ថា​សកម្មភាព​មួយ​ចំនួន​របស់​អាមេ​រិ​ក​នៅ អ​.​ស​.​ប ដើម្បី​រារាំង​រុ​ស្ស៊ី​ក្នុង​ការ​លក់​អាវុធ​ទំនើប​ទាំងនេះ​ឱ្យ​អីុ​រ៉​ង់​នឹង​មិន​អាច​ទៅ​រួច ។ វា​ហាក់ដូចជា​ខ្សែបន្ទាត់​ក្រហម​នោះ​របស់​លោក​អូ​បា​ម៉ា នឹង​ទទួល​បាន​លទ្ធផល​ដូច​បណ្តា​ខ្សែបន្ទាត់​ក្រហម​លើក​មុន​ៗ ៕