ការ​រត់ពន្ធ​អាវុធ​រីក​ដុះដាល​តាម​FACEBOOK

ដោយ​ដកស្រង់​របាយការណ៍​មួយ​របស់​ក្រុមហ៊ុន​ឯកជន​អា​​មេ​រិ​ក ARMAMENT RESEARCH SERVICES (ARES) កាសែត​ញូ​វ​យ៉​ក​ថែម​រាយការណ៍​កាលពី​ថ្ងៃ​ទី​៧ មក​រា ថា ពួក​ភេរវ​ករ​បាន​ទិញ​បណ្តា​មី​ស៊ី​ល​ដី​-​អាកាស ជើង​ទម្រ​បាញ់​គ្រាប់​រ៉ុក្កែត កាំភ្លើងយន្ត អាវុធ​ប្រឆាំង​រថក្រោះ ព្រមទាំង​គ្រឿង​អាវុធ​ឯទៀត​ៗ តាម​អីុ​ន​ធើ​រ​ណេ​ត ។

ពួក​ភេរវ​ករ​ប៉ុនប៉ង​ចំនួន​៩៧​លើក​ឱ្យ មាន ការ​លក់​អាវុធ​ដោយ​ខុសច្បាប់​តាម​បណ្តាញ​សង្គម FACEBOOK នៅ​លី​ប៊ី​ចាប់តាំងពី​ឆ្នាំ​២០១៤​មក ។ អាវុធ​ស្នើ​ទិញ​តាម FACEBOOK ទាំងនេះ​រួម​មាន​មី​ស៊ី​ល​ដី​-​អាកាស កាំភ្លើងយន្ត​ធុន​ធ្ងន់ ជើង​ទម្រ​បាញ់​រ៉ុក្កែត​ចម្រុះ ប្រព័ន្ធ​ប្រឆាំង​រថក្រោះ ។​ល​។

យោង​តាម ARES ថា ការ​លក់​ជា​ឯកជន​នូវ​អាវុធ​ទាំងនេះ​ត្រូវ​បាន​ហាមឃាត់​ជា​ផ្លូវការ​តាម​FACEBOOK ចាប់តាំងពី​ខែមករា​មក ដែល​ការ​លក់​បែប​នេះ​មាន​ជា​ពិសេស​ក្នុង​បណ្តា​ដែនដី​ត្រួតត្រា ដោយ​ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ិ​ស្លា​ម  ក៏​ដែនដី​ដែល​មាន​វត្តមាន​ពួក​ភេរវ​ករ​អាល់​កៃ​ដា ។

ដែនដី​ទាំងនេះ​ពិសេស​គឺ​នៅ​អីុ​រ៉ា​ក់ លី​ប៊ី យេ​ម៉ែ​ន និង​ស៊ី​រី ។

បណ្តា​ក្រុម​នៅ​អីុ​រ៉ា​ក់តាម FACEBOOK លក់​ជា​ពិសេស​កាំភ្លើង​កា​រ៉ា​ប៊ី​ន COLT M4 កាំភ្លើង​វាយលុក​ធុន M-16 កាំភ្លើងយន្ត​ធុន​ស្រាល M249 កាំភ្លើងខ្លី​ពាក់កណ្តាល​ស្វ័យ​ប្រវត្តិ GLOCK និង MPS ព្រមទាំង​អាវុធ​ឯទៀត​ៗ ផលិត​នៅ​សហរដ្ឋ​អា​មេ​រិ​ក ។ ការ​លក់​អាវុធ​ទាំងនេះ​បង្ហាញ​ពី​បរាជ័យ​នៃ​កម្មវិធី​ជួយ​បណ្តុះបណ្តាល​កងកម្លាំង​ក្នុងស្រុក​លើក​ឡើង​ដោយ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន ។ ញូ​វ​យ៉​ក​ថែម​បញ្ជាក់​ថា អាវុធ​ជា​ច្រើន​សុទ្ធតែ​ជា​អាវុធ​ស្ថិត​ក្នុង​បញ្ជី​របស់​កងទ័ព​អា​មេ​រិ​ក ។

បណ្តា​សហគមន៍​ស៊ី​រី បាន​ប្រកាស​លក់​តាម FACEBOOK បណ្តា​កាំភ្លើង​វាយលុក ព្រមទាំង​អាវុធ​ឯទៀត​ៗ ដែល​មាន​សណ្ឋាន​ដូច​គ្នា​នឹង​បណ្តា​អាវុធ ដែល​សហរដ្ឋ​អា​េ​ម​រិ​ក​ផ្តល់​ឱ្យ​ពួក​ឧទ្ទាម​ស៊ី​រី ។ ចំណែក​សមាជិក​នៃ​បណ្តា​សហគមន៍​លី​ប៊ី​តាម​អីុន​ធើ​រ​ណេ​ត​លក់​បណ្តា​កាំភ្លើងខ្លី​ដែល​តម្លៃ​មួយ​ដើម​រវាង​ពី​២.២០០ ទៅ​៧.០០០​ដុល្លារ ព្រមទាំង​គ្រឿង​សព្វាវុធ​ឯទៀត​ៗ ដែល​ពួក​ភេរវ​ករ​ចង់បាន ក្នុង​នោះ​រួម​មាន​គ្រាប់រំសេវ អាវ​ការពារ​គ្រាប់ គ្រាប់បែកដៃ វិទ្យុទាក់ទង គ្រាប់​រ៉ុក្កែត​ប្រឆាំង​មនុស្ស សម្លៀក​បំពាក់​ឯក​សណ្ឋាន រួម​ទាំង​ឯកសណ្ឋាន​ប៉ូលិស ព្រមទាំង​កាមេរ៉ា​អាំង​ហ្វ្រា​រូ ។

កាសែត​ញូ​វ​យ៉​ក​ថែម​កាលពី​ថ្ងៃ​ទី​៤ មេ​សា បាន​ចេញផ្សាយ​អាសយដ្ឋាន​របស់​ក្រុម​៧ ដែល​ប្រើ FACEBOOK អាច​រំលោភ​បំពាន​ដល់​បណ្តា​បទដ្ឋាន​នៃ​បណ្តាញ​សង្គម ។ FACEBOOK បាន​ធ្វើការ​លុប​ចោល​ក្រុម​៦​ក្នុង​ចំណោម​ក្រុម​ទាំង​៧​នេះ​ចេញពី​បណ្តាញ​របស់​ខ្លួន ៕