លោក យឹម សុវណ្ណ ចង់ឃើញ​រដ្ឋាភិបាល​កែទម្រង់​ជា​ចាំបាច់​លើ​វិ​ស័​យុត្តិធម៌ និង​សុខាភិបាល​

បន្ទាប់ពី​រិះគន់​ពី​ភាពទន់ខ្សោយ​នៃ​វិស័យ​សេវាសាធារណៈ​នៅ​ប្រទេស​កម្ពុជា​មក​នោះ លោក យឹម សុវណ្ណ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា គណបក្ស​សង្គ្រោះ​ជាតិ ក៏ដូចជា​ប្រជាពលរដ្ឋ​ចង់ឃើញ​រដ្ឋាភិបាល​កែទម្រង់​ជាពិសេស​លើ​វិស័យ​សុខាភិបាល និង​វិស័យ​យុត្តិធម៌​ដែល​កំពុង​រង​ការរិះគន់​។​

​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា លោក ហ៊ុន សែន គប្បី​កែទម្រង់​ជា​ចាំបាច់​ប្រព័ន្ធ​សុខាភិបាល និង​ប្រព័ន្ធយុត្តិធម៌​។ លោក យឹម សុវណ្ណ បាន​ពន្យល់ថា គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​អត់​ឃើញ​អី​មានការ​ប្រែប្រួល​ទេ​។ យើង​ឃើញ​ហើយ​អំពើ​អយុត្តិធម៌​ក្នុងសង្គម​កើតឡើង ប្រព័ន្ធយុត្តិធម៌​ទាំងមូល​ត្រូវតែ​កែប្រែ វិស័យ​សុខាភិបាល​ក៏​ចឹ​ង​ដែរ អត់​មាន​គុណភាព​ទេ ទន់ខ្សោយ យឺតយ៉ាវ និង​អសកម្ម​។​

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​សង្កត់ធ្ងន់ថា ចង់ឃើញ លោក ហ៊ុន សែន កែប្រែ​គណៈរដ្ឋមន្ត្រី​រប​ស់​ខ្លួន​ឲ្យ​មាន​ក្បាល​តូច​ជាង​ខ្លួន ដោយ​កាត់បន្ថយ​ចំនួន​ក្រសួង ចំនួន​មន្ត្រី​ជា​ក្បាលម៉ាស៊ីន​នៅតាម​ក្រសួង​ស្ថាប័ន មិនមែន​ត្រូវ​ផ្លាស់ប្ដូរ​រដ្ឋមន្ត្រី​បន្ថែម​នោះទេ​។ លោក យឹម សុវណ្ណ បាន​សង្កត់ធ្ងន់ថា វិស័យ​សេវាសាធារណៈ​នៅ​កម្ពុជា​ចាំបាច់​ត្រូវធ្វើ​ការកែទម្រង់ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​បានល្អ ពិសេស​ការដំឡើង​ប្រាក់ខែ​ឲ្យ​មន្ត្រីរាជការ​អាច​រស់នៅ​បាន​សមរម្យ ដើម្បី​ឲ្យ​ពួកគាត់​មានលទ្ធភាព​ធ្វើ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​។

ការលើកឡើង​របស់លោក យឹម សុវណ្ណ ត្រូវគេ​សង្កេតឃើញថា​ស្របទៅនឹង​ការ​ត្អូញត្អែរ ក៏ដូចជា​ការរិះគន់រ​បស់​ប្រជាពលរដ្ឋ​ដែលថា​ការបំពេញ​ការងារ​មិនបាន​ល្អ​របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​បង្ក​ឲ្យ​មាន​បញ្ហា​នៅក្នុង​សង្គម ភាពអយុត្តិធម៌ និង​មាន​អំពើពុករលួយ​នៅក្នុង​ប្រព័ន្ធតុលាការ​។ ចំណែក​ក្នុង​វិស័យ​សុខាភិបាល គឺ ខ្វះ​សម្ភារៈ​បច្ចេកទេស ឱសថ ពេទ្យ​គ្មាន​ជំនាញ​ច្បាស់លាស់ គ្រូពេទ្យ​ខ្លះ​ខ្វះ​ក្រមសីលធម៌ ធ្វេសប្រហែស​ក្នុងការ​បំពេញការងារ និង​ធ្វើ​ឲ្យ ពលរដ្ឋ​ឈឺចាប់ បាត់បង់​ជំនឿ​លើ​គ្រូពេទ្យ​ខ្មែរ ហើយ​អ្នកមាន​ទ្រព្យ​ច្រើន រត់​ទៅ​ព្យាបាល​ជំងឺ​នៅ​បរទេស ខណៈ​ពលរដ្ឋ​ក្រីក្រ​គ្មាន​លទ្ធភាព ត្រូវ​បង្ខំចិត្ត​ទទួលយក​សេវា​រយីក​រយាក​នៅក្នុង​ស្រុក​៕

cnrp_press_conference_pha_lina​    ​