លោក យឹម ផេង ស្នងការរង​នគរបាល​ខេត្តកោះកុង ធ្វើជា​បង្អែក​ឲ្យ​ប្រពន្ធ​និង​សាច់ញាតិ​រកស៊ី​នាំចូល​ទំនិញគេចពន្ធ​

​ប្រភពពី​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង ជាច្រើន​នាក់​បាន​បង្ហើប​ឲ្យ​ដឹងថា លោក យឹម ផេង ហៅ​រស្មី ជា​ស្នងការរង​នគរបាល​ខេត្ត ទទួលបន្ទុក​ប្រធានការិយាល័យ​កណ្ដាល​យុត្តិធម៌​នោះ កំពុង​ធ្វើជា​បង្អែក​ឲ្យ​ប្រពន្ធ​និង​សាច់ញាតិ​របស់ខ្លួន​រក​ស៊ី​នាំចូល​ទំនិញគេចពន្ធ​ពី​ប្រទេស​សៀម​តាមដាន​សមុទ្រ​យ៉ាង​រលូន​។ សមត្ថកិច្ច​ពាក់ព័ន្ធ​គយ និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជាដើម មិនដែល​ឃើញ​ចាត់វិធានការ​បង្ក្រាប​ទំ​និ​ញ​គេចពន្ធ​ដែល​ប្រពន្ធ​និង​សាច់ញាតិ​លោក យឹម ផេង ចូល​នោះទេ​។ បញ្ហា​នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ពិនិត្យ​ខ្លះ​ផង​ព្រោះ​ការនាំ​ចូល​ទំនិញគេចពន្ធ​របស់​ប្រពន្ធ​និង​សាច់ញាតិ​លោក យឹម ផេង ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ​។

តាម​ប្រភពពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា ទំនិញគេចពន្ធ​ដែល​ប្រពន្ធ​និង​សាច់ញាតិ​លោក យឹម ផេង នាំចូល​តាម​ដែនសមុទ្រ​ខេត្តកោះកុង គឺ​យកមក​ចែកចាយ​លើ​ទីផ្សារ​ក្នុង​ខេត្តកោះកុង និង​ចែកចាយ​មកដល់​រាជធានី​ភ្នំពេញ​ទៀតផង​។ សមត្ថកិច្ច​នៅក្នុង​ខេត្តកោះកុង ហាក់​មានការ​យោគយល់​ដល់​លោក យឹម ផេង ទើប​បណ្ដោយ​ឲ្យ​ប្រពន្ធ​និង​សាច់ញាតិ​លោក យឹម ផេង នាំចូល​ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ នៅក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង អ្នកណា​ក៏​ស្គាល់​លោក យឹម ផេង ដែរ​ព្រោះ​ស្នងការរង​នគរបាល​ខេត្តកោះកុង​ម្នាក់នេះ បាន​ប្រើប្រាស់​អំណាច​និង​តួនាទី​របស់ខ្លួន​ធ្វើជា​បង្អែក​ឲ្យ​ប្រពន្ធ​និង​សាច់ញាតិ​របស់ខ្លួន​នាំចូល​ទំនិញគេចពន្ធ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។

ប្រភពពី​មន្ត្រីរាជការ​ក្នុង​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា លោក យឹម ផេង មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សមត្ថកិច្ច​ដទៃទៀត ដើម្បី​ជួយ​ឲ្យ​របរ​រកស៊ី​របស់​ប្រពន្ធ​និង​សាច់ញាតិ​របស់ខ្លួន​ដំណើរការ​ដោយ​គ្មាន​ឧបសគ្គ តាមរយៈ​ការផ្ដល់​ផលប្រយោជន៍​ជាប្រចាំ​។ ទំនិញគេចពន្ធ​ដែល​ប្រពន្ធ​លោក យឹម ផេង នាំចូល​ភាគច្រើន​ជា​ទំនិញ​ដែល​ត្រូវ​បង់ពន្ធ​ក្នុង​កម្រិត​ខ្ពស់​បង្កប់​នៅ​បាត​ទូក​ឬ​កប៉ាល់ ដោយមាន​ដាក់​ឥ​វ៉ាន់​ចាប់ហួយ​និង​ក្រដាសអនាម័យ​ពីលើ​ដើម្បី​បិទបាំង​។ សមត្ថកិច្ច​គយ និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ឈរជើង​ក្នុង​ខេត្តកោះកុង សុទ្ធតែ​បានដឹង​រឿង​ប្រពន្ធ​លោក យឹម ផេង រកស៊ី​នាំចូល​ទំនិញគេចពន្ធ​ឬ​បង់ពន្ធ​យ៉ាងច្រើន​ត្រឹម​១០​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​លោក យឹម ផេង ក្លាយទៅជា​អ្នកមាន​ទ្រព្យសម្បត្តិ​យ៉ាង​ស្ដុកស្ដម្ភ​ក្នុង​ខេត្តកោះកុង ហើយ​សមត្ថកិច្ច​តូចតាច​មិន​ហ៊ាន​ប៉ះពាល់​មុខរបរ​ប្រពន្ធ​លោក យឹម ផេង ទេ​ព្រោះ​ខ្លាច​រង​ការស្ដីបន្ទោស​ពី​មេ​ធំៗ​នៅ​ខាងលើ​៕

12939328_1542467219382188_609944738_nលោក យឹម ផេង ហៅរស្មី ស្នងការរងនគរបាលខេត្តកោះកុង