មន្ត្រី​គយ​ឈ្មោះ ក្តុល ណុ​ច រង​ការរិះគន់​ក្នុងករណី​ពុករលួយ តែ​បែរជា​បាន​កាន់​មុខតំណែង​ល្អ​

មានការ​រិះគន់​ពី​មន្ត្រី​គយ​ជាច្រើន​នាក់​បានកើត​ឡើងជា​បន្ត​បន្ទាប់​ក្រោយពី មន្ត្រី​គយ​ឈ្មោះ ក្តុល ណុ​ច ត្រូវបាន​មេៗ​ថ្នាក់លើ​ក្នុង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជួយ​ជ្រោមជ្រែង​ផ្លាស់ប្ដូរ​ការងារ ពី​កន្លែង​ការងារ​ចាស់​មក​ក្ដោប​ក្ដាប់​ការងារ​កន្លែង​ថ្មី​ដែល​អាចមាន​លទ្ធភាព​ប្រព្រឹត្ត​អំពើពុករលួយ​បាន​ប្រាក់​ច្រើនជាង​មុន​។ ប្រភព​ដដែល​បាន​សម្តែង​ការសោកស្តាយ​ថា មិនគួរ​មន្ត្រី​គយ​ជាប់​ពាក់ព័ន្ធ​រឿងអាស្រូវ​ពុករលួយ​ដូច​លោក ក្តុល ណុ​ច មិនត្រូវ​បាន​ដក​មុខតំណែង ឬ​ស៊ើបអង្កេត​តាមផ្លូវ​ច្បាប់ តែ​បែរជា​ថ្នាក់លើ​ប្រគល់​ភារកិច្ច និង​មុខតំណែង​កាន់តែ​ល្អ​ខ្ពង់ខ្ពស់​ជាង​មុន​ទៅទៀត​ដែល​សកម្មភាព​បង្ហាញថា​ការកែទម្រង់​របស់​រដ្ឋា​ភិ​បាល​គ្មាន​ប្រសិទ្ធភាព​នោះទេ​។​

​ការរិះគន់​ខាងលើនេះ ត្រូវគេ​សង្កេតឃើញថា កើតឡើង​ក្រោយពី លោក ក្តុល ណុ​ច ជា​មន្ត្រី​គយ ត្រូវបាន​ថ្នាក់លើ​ដូរ​ជា​បន្ត​បន្ទាប់ពី​អតីត​ប្រធាន ទីស្នាក់ការ​គយ និង​រដ្ឋាករ ស្រុក​មេមត់ ដែល​ធ្លាប់​គ្រប់គ្រង ច្រក​ដូនរ័ត្ន ច្រក​ចាន់​មូល និង​ច្រក​បឹង​ជ្រោង​នោះ ឲ្យ​ឡើងមក​ធ្វើ​មេ​គយ​នៅ​ផែស្ងួត សូ ងួន យ៉ាង​រលូន​ទៅវិញ​។ មន្ត្រី​គយ​មួយចំនួន​បាន​រិះគន់ថា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង អគ្គនាយក​គយ លោក គុណ ញឹម គប្បី​ត្រួតពិនិត្យ​ករណី​រឿងអាស្រូវ​ពុករលួយ​របស់​មន្ត្រី​គយ ឈ្មោះ ក្ដុល ណុ​ច ឲ្យ​បាន​ហ្មត់ចត់​ផង​មុននឹង​ផ្តល់​មុខតំណែង​ថ្មី ខណៈ​មន្ត្រី​គយ រូបនេះ​ជាប់​ពាក់ព័ន្ធ​រឿងអាស្រូវ​ពុករលួយ​ច្រើន​ករណី​មកហើយ​។

​គួរ​បញ្ជាក់ថា  លោក ក្ដុល ណុ​ច កាល​នៅ​ធ្វើជា​មន្ត្រី​គយ​ច្រក​ដូនរ័ត្ន ច្រក​ចាន់​មូល និង​ច្រក​បឹង​ជ្រោង ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​ឈ្មួញ​រកស៊ី រិះគន់ថា តែងតែ​បិទ​ភ្នែក បណ្ដោយ​ឲ្យ​ពួក​ឈ្មួញ​រកស៊ី​ធំៗ​នាំគ្នា​ដឹកជញ្ជូន​ឈើ​ប្រណីតៗ ឆ្លងកាត់​ច្រក​ទាំង​៣ ស្ទើរ​រាល់ថ្ងៃ​។ ទន្ទឹមនឹងនេះ មន្ត្រី​គយ​ឈ្មោះ ក្តុល ណុ​ច ថែមទាំង​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ឬ​បង់ពន្ធ​មិន​គ្រប់ ដែល​ករណីនេះ បានធ្វើ​ឲ្យ​លោក ក្តុល ណុ​ច និង​បក្ខពួក​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​យ៉ាង​ស្តុកស្តម្ភ ខណៈ​មន្ត្រី​គយ​កំប៉ិកកំប៉ុក ឬ​មន្ត្រី​គយ​ស្អាតស្អំ​រកតែ​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ឲ្យ​រស់នៅ​សមរម្យ​ដូច​គេឯង​មិនបាន​ផង​៕

320