ប្លន់​ប្រដាប់អាវុធ​មួយ​ករណី​នៅ​ស្រុក​ពួក បាញ់​ម្ចាស់ផ្ទះ​បាក់ជើង​ម្នាក់ ​និង​ប្រមូល​យកលុយ មាស អស់​ជាច្រើន​

​សៀមរាប:
ហេតុការណ៍​ប្លន់​ប្រដាប់អាវុធ យ៉ាង​កក្រើក​មួយ​កើតឡើង​នៅ​ចំណុច​ភូមិ​គោក​ឬ​ស្សី ឃុំ កែវ​ពណ៌ ស្រុក​ពួក ខេត្តសៀមរាប កាលពី​វេលា​ម៉ោង​២១​យប់ ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៦ មាន​ករណី​ប្លន់​នោះបាន​បាញ់​ម្ចាស់ផ្ទះ​បាក់​ភ្លៅ និង​ធ្វើ​សកម្មភាព​ប្លន់​យកលុយ និង​មាសប្រាក់​អស់​ជាច្រើន​ទៀត​។ បន្ទាប់ពី​ប្លន់​ក្រុមចោរ​ប្រដាប់អាវុធ បានគេចខ្លួន​ដោយ​សុវត្ថិភាព​។​
​    ​
លោក​វរសេនីយ៍ត្រី​ទេព ពុំសែន អធិការ​ស្រុក​ពួក​បាន​និយាយថា ជនដៃដល់​បាន​រត់គេចខ្លួន ប៉ុន្តែ​សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ទាំងយប់​ថ្ងៃកើតហេតុ​មកម្ល៉េះ ដើម្បី​ប្រមូល​ពត៌មាន ស្រាវជ្រាវ និង​តាម​ចាប់​ជនដៃដល់​។
​   
​ពត៌មាន​បាន​រាយការណ៍​ពី​កន្លែងកើតហេតុ​ថា នៅ​យប់នោះ គឺមាន​ជនប្រដាប់អាវុធ​ចំនួន​៣​នាក់ ដោយ​គេ​មិនបាន​បញ្ជាក់ថា មាន​មធ្យោបាយ​ធ្វើដំណើរ​អ្វី​ទេ​ក្នុង​ការធ្វើសកម្មភាព ប៉ុន្តែ​ជន​នោះ មាន​គ្នា​៣​នាក់ ប្រដាប់​ដោយ​អាវុធ​AK មួយ​ដើម អាវុធខ្លី​១​ដើម និង​ដែក​ស្បែង​សំរាប់​បុក​ទម្លុះ​ចំនួន មួយ​ដើម​ផងដែរ បាន​ចូលទៅ​ធ្វើ​សកម្មភាព​ប្លន់​នៅផ្ទះ​ជនរងគ្រោះ​ខាងលើ​។
​   
​នៅពេល​ទៅដល់​ផ្ទះកើតហេតុ​ជា​ដៃដល់​បានធ្វើ​សកម្មភាព​ភ្ជង់​ម្ចាស់ផ្ទះ​រងគ្រោះ ដោយមាន ធ្វើការ​បាញ់​ដោយ​កាំភ្លើង​ជាច្រើន​គ្រាប់ ហើយ​ជនប្រដាប់អាវុធ បាន​ចូលទៅ​ប្រមូល​រុះរើ​កកាយ ដោយ​យកលុយ​ចំនួន​៣​ម៉ឺន​បាត​, លុយ​ខ្មែរ​ចំនួន​៣០​លាន​រៀល​, លុយ​ដុល្លារ​ចំនួន​៥​ពាន់​ដុល្លារ​, កងដៃ​ប្លា​ទីន​មួយឈុត ស្មើ​៥​កង​, ចិញ្ចៀនមាស​១​វង់ និង​ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង​។
​   
​លោក​អធិការ​ស្រុក​បាន​និយាយថា នៅពេល​ប្លន់​នោះ ធ្វើ​ឲ្យ​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ប៉ោង ត្រា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ត្រូវជា​ក្មួយ​ម្ចាស់ផ្ទះ ត្រូវបាន​ជនប្រដាប់អាវុធ​បាញ់​ត្រូវ​ភ្លៅ​ខាងស្តាំ បណ្តា​ល​ឲ្យ​បាក់ និង​រងរបួស​ជា​ទម្ងន់​។
​    ​
ដោយឡែក​ម្ចាស់ផ្ទះ​ខាងលើ​មានឈ្មោះ ម៉ន ម៉ុ​យ អាយុ​៣៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ មួន ម៉ាច អាយុ​៣៤​ឆ្នាំ​។ ជនរងគ្រោះ​ស្នាក់នៅ​ភូមិ​គោក​ឬ​ស្សី ឃុំ​កែវ​ពណ៌ ស្រុក​ពួក ខេត្តសៀមរាប​។ ក្រោយ ពី​កើតហេតុ​នោះដែរ ជនប្រដាប់អាវុធ​បាន​រត់គេចខ្លួន​ដោយ​សុវត្ថិភាព ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​អំពី​រឿងនេះ​៕

ប្លន់​ប្រដាប់អាវុធ​មួយ​ករណី​នៅ​ស្រុក​ពួក បាញ់​ម្ចាស់ផ្ទះ​បាក់ជើង​ម្នាក់  ​និង​ប្រមូល​យកលុយ មាស អស់​ជាច្រើន​
​រូបភាព​៖​សកម្មភាព​នៅ​កន្លែងកើតហេតុ បន្ទាប់ពី​ក្រុមចោរ​ធ្វើ​សកម្មភាព​ប្លន់​រួច​៕​គូលែន​