អាណោចអាធ័ម​ណាស់ ! រថយន្ត​បុក​ស្លាប់​ទាំង​ម្តាយ​ទាំង​កូន ម្តាយធំរបួសធ្ងន់

ខេត្ត​ត្បូងឃ្មុំ ៖ ស្ត្រី​២​នាក់​ជា​ម្តាយ​និង​កូន​បាន​ស្លាប់​បន្តបន្ទាប់​គ្នា ឯ​ម្តាយធំ​បាន​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​សាំង​យ៉ុ​ង​បុក​មនុស្ស​ដែល​កំពុង​ឈរ​ទិញ​ដូង​នៅ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៧៣ ក្នុងភូមិ​ថ្នល់កែង ឃុំ​សេ​ដា ស្រុក​តំបែរ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៧ ខែមេសា  ឆ្នាំ​២០១៦ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​បាន​រត់គេច​ខ្លួន​បាត់​បន្សល់​ទុក​តែ​រថយន្ត​ប៉ុណ្ណោះ ។

លោក​វរសេនីយ៍ត្រី សូ សា​រ៉ាត់ នាយការិយាល័យ​ចរាចរ​ផ្លូវគោក​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹង​ថា មាន​ស្ត្រី​៣​នាក់​កំពុង​ឈរ​តថ្លៃ​ទិញ​ដូង​នៅ​ត្រង់​ចំណុច​កើតហេតុ​ដោយ​មិន​ទាន់​នឹង​រួចរាល់​ផង​នោះ ស្រាប់តែ​ត្រូវ​​រថយន្ត​ម៉ាក​សាំង​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង 2A-7532 ដឹកគោ​២​ក្បាល ​បើក​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​យ៉ាង​លឿន​ក៏​បាន​មក​បុក​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ផ្លោង​ចេញពី​កន្លែង​លក់ដូរ​នោះ​ដួល​ដេក​ទៅ​លើ​ដី​រដូករណែល ហើយ​រថយន្ត​បន្ត​ទៅ​បុក​ដើមឈើ​រហូត​រលើង​ទាំង​ឫស​ទើប​ទៅ​មុខ​លែង​រួច ។

លោក​វរសេនីយ៍ត្រី សូ សា​រ៉ាត់ បន្ត​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ ១-​ឈ្មោះ តុល​ឡោះ ស្រី​ម៉ាស អាយុ​៣៣​ឆ្នាំ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​), ២-ឈ្មោះ ម៉ាត់​ម៉ៃ សំ អាយុ​៥៣​ឆ្នាំ ជា​ម្តាយ​របស់​ជន​រង​គ្រោះ​ទី​១ (​ស្លាប់​នៅ​មន្ទីរពេទ្យ​) និង ៣-ឈ្មោះ ម៉ាត់ ស្រី​ភ័ស អាយុ​៥៨​ឆ្នាំ ត្រូវជា​ម្តាយធំ​របស់​ជន​រង​គ្រោះ​ទី​១ បាន​រង​របួសធ្ងន់ ។ ស្ត្រី​រង​គ្រោះ​ទាំង​៣​នាក់​ជា​ជនជាតិ​ខ្មែរឥស្លាម រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​សេ​ដា ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​នាំ​យក​រថយន្ត​បង្ក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​តំបែរ ព្រមទាំង​កំពុងធ្វើការ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​ដឹក​គោ​ដែល​បង្ក​គ្រោះថ្នាក់​បុក​មនុស្ស​ស្លាប់​២​នាក់ និង​របួសធ្ងន់​ម្នាក់ ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ៕