កុងតឺន័រ​បុក​ម៉ូតូលោក​មេ​ភូមិ​ពីក្រោយ សម្លាប់​១ របួសធ្ងន់​២

ខេត្តព្រៃវែង ៖ មេ​ភូមិ​ស្ទឹង​ស្លូត លោក ឃុន ចាប និង​ភរិយា បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ឯ​នារី​​វ័យក្មេង​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារ​តែ​ត្រូវ​រថយន្ត​កុង​ទី​ន័​របុក​ពីក្រោយ និង​កិន​អូស​ជាង​១០​ម៉ែត្រ ចំណែក​រថយន្ត​កុងតឺន័រ​បាន​បើក​គេច​ខ្លួន​បាត់ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ខាង​មុខ​ស្នាក់​ការ​សាខា​គយ​និង​រដ្ឋាករ​ខេត្តព្រៃវែង ស្ថិត​ក្នុងភូមិ​ស្ទឹង​ស្លូត ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។

ជន​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍​នេះ ១-​ឈ្មោះ ឃុន ចាប ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ ជា​មេ​ភូមិ​ស្ទឹង​ស្លូត​, ២-​ឈ្មោះ បាន នាង ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ជា​ប្រពន្ធ​របស់​លោក​មេ​ភូមិ អ្នក​ទាំង​២​បាន​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​ទាំង​យប់ និង ៣-​ឈ្មោះ ហួ​ន សុគន្ធ​លី​ណា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជា​អ្នកចម្រៀង មាន​ទីលំនៅ​ក្នុងភូមិ​លេខ​១ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា លោក ឃុន ចាប ក្រៅពី​ការងារ​ជា​មេ​ភូមិ លោក​មាន​មុខរបរ​មួយទៀត គឹ​ក្រុម​ភ្លេង​អក​កេះ​ច្រៀង​តាម​រោងការ ហើយ​នៅ​ល្ងាច​ថ្ងៃ​កើតហេតុ​នោះ ជន​រង​គ្រោះ​ទាំង​៣​នាក់​បាន​ទៅ​លេងភ្លេង និង​ច្រៀង​នៅ​ក្នុង​ពិធី​មង្គលការ​នៅ​ខាង​ត្បូង​សាលា​ឃុំ​អ្នក​លឿង ។ ក្រោយ​ចប់​កម្មវិធី អ្នក​ទាំង​៣​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង 1-E3865 ធ្វើ​ដំណើរ​ត្រឡប់​មក​​ផ្ទះ​វិញ​នៅ​ភូមិ​ស្ទឹង​ស្លូត ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ពេល​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ត​កុង​ទី​ន័​រ​១​គ្រឿង​បើក​មក​ពីក្រោយ​ហើយ​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​ដួល​បោក​ទៅ​លើ​ថ្នល់ ខ្ទាត​ប្តី​ប្រពន្ធ​លោក​មេ​ភូមិ​ទៅ​ចិញ្ចើមថ្នល់ ចំណែក​នារី​អ្នកចម្រៀង​ត្រូវ​រថយន្ត​កិន​អូស​ជាង​១០​ម៉ែត្រ​ទើប​របូត​ចេញពី​រថយន្ត និង​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង រីឯ​រថយន្ត​បង្ក​បាន​បើក​គេច​បាត់​ដោយ​សុវត្ថិភាព គ្មាន​អ្នក​ណា​បានដឹង​ពី​អត្តសញ្ញាណ​នោះ​ទេ ។

ក្រោយ​កើតហេតុ សព​នារី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ប្តី​ប្រពន្ធ​លោក​មេ​ភូមិ​ត្រូវ​កូន​ៗ​នាំ​យក​ទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​កា​ឡាន់ ប្រទេស​វៀតណាម ៕