លោក សម រ​ង្ស៊ី សរសើរ​វៀតណាម​ដែល​ផ្លាស់​ប្តូរ​នាយក​រដ្ឋមន្ត្រី​១០​ឆ្នាំ​ម្តង

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​បាន​អបអរសាទរ​ចំពោះ​នាយក​រដ្ឋមន្ត្រី​វៀតណាម​ដែល​ទើប​ឡើង​កាន់​តំណែង លោក ង្វៀ​ន ស៊ន់​ហ្វ៊ុ​ក (Nguyen Xuan Phuc) និង​កោតសរសើរ​ថ្នាក់ដឹកនាំ​វៀតណាម​ដែល​រៀបចំ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​នាយក​រដ្ឋមន្ត្រី​យ៉ាង​ទៀងទាត់​យ៉ាង​យូរ​១០​ឆ្នាំ​ម្តង​។

មេ​បក្ស​ប្រឆាំង​រូប​នេះ បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) ដោយ​បញ្ជាក់​ថា "​ខ្ញុំ​សូម​អបអរសាទរ យ៉ាង​ស្មោះ ចំពោះ​ការ​ឡើង​កាន់​តំណែង​របស់​លោក Nguyen Xuan Phuc ជា​នាយក​រដ្ឋមន្ត្រី​ថ្មី នៃ​ប្រទេស​វៀតណាម ថ្ងៃនេះ ។ ខ្ញុំ​សូម​ជូនពរ​ឲ្យ​លោក Nguyen Xuan Phuc បំពេញការងារ​របស់​លោក ប្រកបដោយ​ជោគជ័យ​។

ខ្ញុំ​ជឿជាក់​ថា ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម នឹង​មាន​ភាព​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត នៅ​ពេល​អនាគត ក្នុង​ស្មារតី​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​សហការ​ជាមួយ​គ្នា ដើម្បី​ភាព​រុងរឿង នៃ​ប្រទេស​យើង​ទាំង​ពីរ​។

ខ្ញុំ​ក៏​សូម​កោតសរសើរ​យ៉ាង​ស្មោះ​ដែរ ចំពោះ​ថ្នាក់ដឹកនាំ ជា​សមូហភាព​របស់​ប្រទេស​វៀតណាម ក្នុង​ការ​ចាត់វិធានការ​យ៉ាង​ពិតប្រាកដ និង​ម៉ឺងម៉ាត់ ដើម្បី​ប្រឆាំង​អំពើ​ពុក​រលួយ និង​ក្នុង​ការ​រៀបចំ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​នាយក​រដ្ឋមន្ត្រី យ៉ាង​យូរ​១០ ឆ្នាំ​ម្តង យ៉ាង​ទៀងទាត់ ដើម្បី​ឲ្យ​មាន​ឈាម​ថ្មី គំនិត​ថ្មី និង​ទេព​កោសល្យ​ថ្មី ដែល​ជា​បច្ច័យ​ចាំបាច់ ធ្វើ​ឲ្យ​ការ​ដឹកនាំ​ប្រទេស មាន​លក្ខណៈ​ល្អ​ប្រសើរ​៕"