ក្រសួង​​ភាគច្រើន​​មិនសូវ​រវល់​ធ្វើ​ទំនើប​​កម្ម​ព័ត៌មាន​តាម​​វ៉េប​សាយ

សម្តេច​តេ​ជោ ហ៊ុន​ សែន បាន​បើ​ក​ទូលាយ​បំផុត​ ការ​ទំនាក់ទំនង​ព័ត៌មាន​​ជាមួយ​ប្រជាជន​កម្ពុជា ​តាម​រយ​:​ការ​បង្កើត​វ៉េប​​សាយ​ផ្ទាល់​ខ្លួន ការ​បង្កើត​អែប (app) និង​ការ​បង្កើត​​ផេ​​ក​ហ្វេ​ស​ប៊ុ​ក​ ។ ប៉ុន្តែ​តើ​ក្រសួង​រដ្ឋ​ទាំងអស់​ បាន​ត្រៀមខ្លួន​ជា​ស្រេច​ហើយ​ឬ​នៅ​ សម្រាប់​ការ​បើក​ទូលាយ​​លំហូរ​ព័ត៌មាន​បែប​នេះ?

បន្ទាប់​ពី​សម្តេច​តេ​ជោ​ ជំរុញ​ដល់​មន្ត្រី​ក្រោម​បង្គាប់​អោយ​ទាញ​​យក​ផលប្រយោជន៍​ពី​បច្ចេកវិទ្យា​ព័ត៌មាន​ ដើម្បី​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​​ប្រជាជន​នោះ គេ​ឃើញ​មានការ​ស្ទុះស្ទារ​ខ្លះ​​កើត​មាន​ឡើង ​ដោយ​ខិតខំ​បង្កើត​ផេ​ក​ហ្វេ​ស​ប៊ុ​ក ​ឬ​ក៏​ធ្វើ​ទំនើប​កម្ម​វ៉េប​​សាយ​ព័ត៌​មាន​​ជាង​​មុន ​។

ក្រសួង​​ដែល​មាន​ភាព​សកម្ម​ នៅ​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​ផ្នែក​​ព័ត៌មាន​តាម​វ៉េប​​សាយ​​របស់​ក្រសួង​រួម​មាន ក្រសួង​អប់រំ ក្រសួង​សេដ្ឋកិច្ច​និង​​ហិរញ្ញវត្ថុ ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម ក្រសួង​ការពារ​ជាតិ ​និង​ក្រសួងបរិស្ថាន​ជាដើម ​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​​ក៏​ដោយ​ចុះ ក្រសួង​ជា​ច្រើន​ មិន​បាន​យកចិត្តទុកដាក់​ឱ្យ​​គ្រប់គ្រាន់ ​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​​ព័ត៌មាន​ជូន​ប្រជា​ពលរដ្ឋ​ឡើយ​ ។ វ៉េប​​សាយ​ក្រសួង​ភាគច្រើន​ គឺ​មិន​មាន​ទិន្នន័យ​​គ្រប់គ្រាន់ ​ឬ​ក៏​ទិន្នន័យ​​ចាស់​ហួស​ ។

ទោះបីជា​​ក្រសួង​មួយ​ចំនួន​បាន​បង្កើន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​​ក្តី ព័ត៌មាន​សំខាន់​ៗ​ទាក់ទង​នឹង​​សកម្មភាព​ និង​បញ្ហា​នៃ​ក្រសួង​នីមួយ​​ៗ​ដូច​ជា​របាយការណ៍​ប្រចាំឆ្នាំ​លម្អិត​ និង​គម្រោង​សំខាន់​ៗ​ជាដើម​ មិន​ត្រូវ​បាន​គេ​ដាក់​បង្ហាញ​ប្រជាជន​ឡើយ​ ។

វា​សំខាន់​ណាស់​ ដែល​ប្រជាជន​ត្រូវ​បានដឹង​អំពី​ស​មិ​ទ្ធ​​ផល​​នៃ​ក្រសួង​នីមួយ​ៗ​តាម​រយ​:​ព័ត៌មាន​នៅ​ក្នុង​របាយការណ៍​ប្រចាំត្រីមាស ប្រចាំឆមាស ឬ​ប្រចាំឆ្នាំ​របស់​ក្រសួង​នីមួយ​ៗ​ ។ ដោយ​​មិន​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យ​​មាន​ប្រ​សិ​ទ្ធ​​ភាព​នោះ ប្រជាជន​​ក៏​មិន​អាច​ដឹង​ច្បាស់​អំពី​អ្វី​ដែល​ក្រសួង​ទាំងនោះ​ បាន​ធ្វើការ​បម្រើប្រជាជន​កម្ពុជា​ ។

ដល់​ពេល​ដែល​ក្រសួង​រដ្ឋ​ទាំងអស់​​បង្កើន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​​ជូន​ប្រជាពលរដ្ឋ ​ដូចដែល​អ្វី​ដែល​សម្តេច​តេ​ជោ​ហ៊ុន ​សែន ​បាន​ធ្វើ​៕