នាង ខុ​ម ចាន់​ដា​រា​ទី សុំ​ពន្យារពេល​ចូល​បំភ្លឺ ការ​កោះហៅ​របស់​តុលាការ

រាជធានី​ភ្នំពេញ ៖ កញ្ញា ខុ​ម ចាន់​ដា​រា​ទី ហៅ ស្រី​មុំ ដែល​ត្រូវ​បាន​សង្ស័យ​ថា មាន​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា បានដាក់​ពាក្យសុំ​ពន្យារពេល​ចូល​បំភ្លឺ​តុលាការ ដែល​បាន​កោះហៅ​ឱ្យ​ចូលខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​៨ មេ​សា​នេះ ។

ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក (ADHOC) លោក នី សុខា បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​៦ មេ​សា ថា បច្ចុប្បន្ន កញ្ញា ស្រី​មុំ មិន​ទាន់​រក​មេធាវី​ការពារ​ក្ដី​ករណី​ចូល​បំភ្លឺ​តាម​ការ​កោះហៅ​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅឡើយ​ទេ ។ ទោះបី​យ៉ាងណា លោក នី សុខា ថ្លែង​ថា សមាគម​អា​ដ​ហុ​ក នៅ​តែ​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​ដល់​កញ្ញា ស្រី​មុំ ប្រសិនបើ​នាង​បន្ត​ស្វែងរក​អន្តរាគមន៍​ពី​សមាគម​អា​ដ​ហុ​ក ។

លោក នី សុខា ប្រមើល​មើល​ថា ប្រសិនបើ​តុលាការ​ប្រកាន់​យក​ឯករាជ​ភាព យុត្តិធម៌ នោះ​ការ​ចូល​ឆ្លើយ​បំភ្លឺ​របស់​កញ្ញា ស្រី​មុំ នឹង​មិន​ប៉ះពាល់​អ្វី​ដល់​នាង​ឡើយ ។ ពីព្រោះ​ថា រឿង​របស់​ស្រី​មុំ នេះ គាត់​អត់​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ហ្នឹង​ទេ ។ លោក​គិត​ថា មិន​មាន​បញ្ហា​ទេ ព្រោះ​បទល្មើស​ទាំង​ពីរ​ដែល​តុលាការ​បាន​កោះហៅ​ទៅ​សួរ​តាម​របាយការណ៍​របស់ ប៉ូលិស​នេះ គឺ​មិន​ទាក់ទង​នឹង​កំហុស​ខុសច្បាប់​អ្វី​ទេ​សម្រាប់​ស្រី​មុំ​ទេ ។

ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ​កញ្ញា ខុ​ម ចាន់​ដា​រា​ទី ហៅ​ស្រី​មុំ ឲ្យ​ចូល​បំភ្លឺ​តុលាការ នៅ​ថ្ងៃ​ទី​៨ មេ​សា នេះ បន្ទាប់​ពី​របាយការណ៍​របស់​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​រក​ឃើញ​ថា កញ្ញា ស្រី​មុំ ជាប់​ពាក់ព័ន្ធ​ការ​ផ្ដល់​សក្ខីកម្ម​ក្លែង និង​អំពើ​ពេស្យាចារ ៕