យប់មិញ​! ភ័យ​ស្លន់ស្លោ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ

រាជធានី​ភ្នំពេញ ៖ អណ្តាតភ្លើង​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោសន្ធៅ និង​ដាច់​ធ្លាក់​ខ្សែភ្លើង​រាយ​ប៉ាយ​ពេញ​ផ្លូវ បន្ទាប់​ពី​ទុ​ស្សេ​ខ្សែភ្លើង​ឆាប​ឆេះ​កាប៊ី​ន​ភ្លើង បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១០ និង​៥០​យប់​ថ្ងៃ​ទី​០៧ មេ​សា ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន ។

សាក្សី​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​អណ្តាតភ្លើង​ផ្ទុះ​ចេញពី​កាប៊ី​ន​ភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​​​មាន​លំនៅ​ឋាន​ក្បែរ​កន្លែង​កើតហេតុ ភ័យ​ស្លន់ស្លោ​រាយការណ៍​ទៅ​កម្លាំង​សមត្ថកិច្ច ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​អន្តរាគមន៍​ចំនួន​៥​គ្រឿង​មួយ​ជួយ​អន្តរាគមន៍​ភ្លាម ។

គេ​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​ជួយ​ចំនួន​៥​គ្រឿង ក្នុង​នោះ​របស់​អង្គភាព​កងពលតូច​ង​៧០ ចំនួន​៤​គ្រឿង និង​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចំនួន​១​គ្រឿង ដែល​បាញ់​ទឹក​អស់ ទម្រាំ​តែ​អណ្តាតភ្លើង​រលត់​ទាំងស្រុង ដោយ​ប្រើ​រយៈពេល​១​ម៉ោង ទើប​រលត់ ។ អគ្គិភ័យ​នេះ មិន​បណ្តាល​ឱ្យ​ឆ្លង​រាលដាល​ដល់​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ទេ គ្រាន់តែ​ឆេះ​ធ្វើ​ឱ្យ​ដាច់​ធ្លាក់​ខ្សែភ្លើង​រាយ​ប៉ាយ​ពេញ​ផ្លូវ និង​ធ្វើ​ឱ្យ​ដាច់​ចរន្តអគ្គិសនី​នៅ​ចំណុច​ខាងលើ ៕