ដោះ​លែង​បណ្តោះអាសន្ន អ្នក​បើករថយន្ត​កា​ពី​តូ​ល និង​អ្នក​រត់​ម៉ូតូឌុប

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលាដំបូង​រា​ធានី​ភ្នំពេញ​ឱ្យ​ដឹង​ថា លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ កាលពី​រសៀល​ថ្ងៃ​ទី​៦ មេ​សា​២០១៦ បាន​សម្រេច​ដោះ​លែង​អតីត​អ្នកបើកបរ​រថយន្ត​ក្រុមហ៊ុន​កា​ពី​តូ​ល និង​អ្នក​រត់​ម៉ូតូឌុប​ម្នាក់ ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន តាម​សំណើ​របស់​មេធាវី ។ ទោះបី​យ៉ាងណា ពួក​គេ​ទាំង​២​នាក់ ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​ដោយ​ភ្ជាប់​លក្ខខណ្ឌ​មួយចំនួន ។

ជន​ត្រូវ​ចោទ​ទាំង​២​នាក់ មានឈ្មោះ​ណ​ន វ​ណ្ណា អាយុ​៣៨​ឆ្នាំ ជា​អតីត​អ្នកបើកបរ​រថយន្តក្រុង​កា​ពី​តូ​ល មាន​ទីលំនៅ​ផ្ទុះ​ជួល ផ្លូវលំ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​ឈ្មោះ​រស់ ស៊ី​ផៃ អាយុ​៣៣​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ផ្ទះ​លេខ​៥៨០ ផ្លូវ​ឡ​កំបោ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ព្រែក​ព្នៅ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ កាលពី​ល្ងាច​ថ្ងៃ​ទី​៨ កុម្ភៈ ២០១៦ កន្លង​មក ។

ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ដោយ​ប្រើ​អាវុធ​បទ​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ និង​បទ​រារាំងជាឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ក្រុមហ៊ុន​កា​ពី​តូ​ល ក្នុង​ខណ្ឌ​៧​មក​រា កាលពី​ថ្ងៃ​ទី​៦ កុម្ភៈ តាម​បញ្ញត្តិ​មាត្រា ២១៨ មាត្រា​៥០៤ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៨០​នៃ​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក ។