ពិធី​សប្បុរសធម៌​និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល

រាជធានី​ភ្នំពេញ ​៖ ​កាលពី​​ព្រឹក​ថ្ងៃ​ទី​០៧ ​មេសា​ ​២០១៦ ​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ បាន​ប្រារព្ធ​​​ពិធី​សប្បុរសធម៌​និស្សិត​សាកលវិទ្យាល័យ​ វិទ្យាសាស្ត្រ​សុខាភិបាល​ ក្រោម​វត្តមាន​​លោក​វេជ្ជបណ្ឌិត ម៉​ម ប៊ុ​ន​ហេង ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ ។

លោក​បាន​​កោតសរសើរ​ចំពោះ​និស្សិត​​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ ដែល​ជា​និស្សិត​ឆ្នើម​ទាំង​ការ​​សិក្សា ទាំង​ក្នុង​សកម្ម​ភាព​​កីឡា​ និង​ការងារ​មនុស្ស​ធម៌​​ ។ ​លោក​មាន​​មោទនភាព​​ដោយ​ឃើញ​និស្សិត​ដែល​បា​ន​បញ្ចប់​ពី​សា​កលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខា​ភិ​បាល​ទទួល​បាន​នូវ​ចំណេះដឹង​ជំនាញ ​និង​ឥរិយា​បទ​​ល្អ ​មានការ​ទទួលខុសត្រូវ​លើ​វិជ្ជាជីវៈ​​ខ្ពស់​ ការ​ចូលរួម​ក្នុង​សកម្មភាព​សង្គម ​និង​សកម្មភាព​មនុស្សធម៌​​នានា​ ពិសេស​បាន​ចូលរួម​ក្នុងសកម្មភាព​មនុស្សធម៌​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​ចូល​រួម​យ៉ាងច្រើន​កុះករ​ ក្នុង​កម្មវិធី​មនុស្សធម៌​​មួយទៀត​​នៃ​និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ​ដែល​បង្ហាញ​អំពី​ការ​ស្រលាញ់ចេះ​ជួយ​ចែករំលែក​ដល់​និស្សិត​ខ្វះខាត​ ស្រប​តាម​ប្រធានបទ​យុវជន ​និង​វប្បធម៌​​ចែក​រំលែក​។