រាប់បាត្រ​ព្រះសង្ឃ​៥៦០​អង្គ ថ្វាយ​ព្រះរាជ​កុសល​ព្រះបាទ ​នរោត្តម សីហ​មុនី

រាជធានីភ្នំពេញ ៖ ក្រសួង​ធម្មការ និង​សាសនា កាលពីព្រឹក​​ថ្ងៃ​ទី​៨ ​មេសា ​២០១៦ នេះ នៅ​​សាល​មហោស្រព​ចតុមុខ រាជធានី​ភ្នំពេញ បាន​រៀបចំ​ពិធី​រាប់បាត្រ​ព្រះសង្ឃ​ចំនួន​៥៦០​អង្គ​ ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​ពុទ្ធសាសនា​អន្តរជាតិ​ និង​ថ្វាយ​ព្រះរាជ​កុសល ព្រះរាជ​សព្វ​សាធុការ ថ្វាយ​ព្រះករុណា ​ព្រះបាទ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ក្ពុ​ជា ដែល​ព្រះ​អង្គ​បាន​ទទួល​ព្រះរាជ គោរមងារ​កិត្តិយស «​ព្រះ​ស្រី​លោក​ធម្ម​ក​រាជ» ពី​ព្រះសង្ឃ​ជាន់ខ្ពស់​ពុទ្ធសាសនា​ ដែល​មាន​ប្រទេស​ចូលរួម​៤១​ប្រទេស តំណាង​ឲ្យ​ព្រះពុទ្ធ​សាសនិក​ទូ​ទាំង​សាកលលោក​៥១០​លាន​នាក់​ កាលពី​ពេល​កន្លង​ទៅ​ ។

ពិធី​នេះ ​មានការ​យាង និមន្ត ពី​សម្តេច​សម្តេចព្រះ​អភិ​សិរី​សុ​គ​ន្ធា​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី សម្តេចព្រះសង្ឃរាជ​នៃ​គណៈ​ធម្ម យុ​ត្តិក​និកាយ សម្តេចព្រះ​មហាសុមេធាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត សម្តេចព្រះ​សង្ឃនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ​ចូលរួម​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​លោក ហ៊ឹ​ម ឆែម ទេស​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា​និង​លោកស្រី​ជា​ភរិយា ព្រមទាំង​ថ្នាក់ដឹកនាំ​ទាំងអស់​និង​មន្ត្រីរាជការ​មក​ពី​គ្រប់​ក្រសួង​ស្ថាប័ន​​ ។