ចោរ​កាលី​ប បើកឡាន​ដើរ​លួច​​ពង​ទា

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ព័ទ្ធ​ចាប់ខ្លួន​បាន​ប្រគល់​ឲ្យ​ប៉ូលិស​ស្រុក​បូ​រី​ជលសារ ខណៈ​ជនសង្ស័យ​ម្នាក់​នេះ​បើក​ឡាន​ដើរ​លួច​ជា​ច្រើន​លើក​ច្រើនសារ ។ ហេតុការណ៍​ប្រជាពលរដ្ឋ​ព័ទ្ធ​ចាប់ចោរ​បើក​ឡាន​ដើរ​លួច​ពង​ទា​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​ព្រៃ​ម្លប់ ឃុំ​ដូង​ខ្ពស់​ស្រុក​បូ​រី​ជលសារ ខេត្តតាកែវ ។

លោក​វរសេនីយ៍ត្រី យុ​ត ភិន អធិការ​នគ​បាល​ស្រុក​បុរី​ជលសារ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​មានឈ្មោះ វ៉ុ​ក វឿ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ទួល​សំបួរ ឃុំ​ព្រះ​ផាត ស្រុក​អូរ​រាំង​ឪ ខេត្តកំពង់ចាម តែ​មក​ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ស្នោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ បាន​ធ្វើ​សកម្មភាព​បើកឡាន​ចូល​ទៅ​លួច​ពង​ទា​របស់​ឈ្មោះ ស៊ឺម មឿ​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ ។

លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ជិះឡាន​ម៉ាក​កាម​រី​ស្វិត ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2B-4119 ចូល​ទៅ​លួច​ពង​ទា​នៅ​ក្នុង​រោង​ទា​របស់​ជន​រង​គ្រោះ​ខាងលើ​ពេល​ដែល​ជន​រង​គ្រោះ​កៀងទា​ឲ្យ​ស៊ី​ចំណី​នៅ​តាម​វាលស្រែ ។ ពេល​កំពុង​ធ្វើ​សកម្មភាព​ក៏​ត្រូវ​​ប្រជាពលរដ្ឋ​ច្រូតស្រូវ​ក្បែរ​នោះ​បានឃើញ និង​មានការ​សង្ស័យ​ម ក៏​ឆោឡោ​ឡើង​រួច​ព័ទ្ធ​ចាប់​ប្រគល់​ឲ្យ​ប៉ូលិស​តែ​ម្តង ។

នៅ​ចំពោះ​មុខ​ប៉ូលិស ជនសង្ស័យ វ៉ុ​ក វឿ​ន បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ជិះឡាន​ដើរ​លួច​ពង​ទា​របស់​គេ​ពិតប្រាកដ​មែន ហើយ​ធ្លាប់​ជិះឡាន​ដើរ​លួច​ពង​ទា​ចំនួន​៤​លើក និង​លួច​ស្រូវ​១​លើក​(​សរុប​៥​លើក​) ។ បច្ចុប្បន្ន​ជនសង្ស័យ​ជិះឡាន​ដើរ​លួច​យក​ពង​ទា​យ៉ាង​សកម្ម​នេះ​ត្រូវ​បាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕