សិង្ហបុរីផ្តើមធ្វើលំហាត់សម ទ្រង់ទ្រាយធំប្រឆាំងនឹងការគំរាមកំហែង ភេរវកម្ម

ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ការ​គំរាមកំហែង​អំពើ​ភេរវកម្ម​ កង​កម្លាំង​ប្រដាប់​អាវុធ​ប្រទេស សិង្ហបុរី និង​ជំរុញ​ចាត់​វិធាន​ការ​បន្ថែម​កាន់​តែ​ខ្លាំង​ទៀត​ក្នុង​ការ​ធ្វើ​លំហាត់​សម​ ប្រឆាំង​នឹង​ភេរវកម្ម​ជា​មួយ​សម្ភារៈ​ប្រើប្រាស់​របស់​យោធា និង​ បន្ថែម​កញ្ចប់​ថវិកា​ទៅ​លើ​វិស័យ​ការពារ​ជាតិ។ រដ្ឋ​មន្ត្រី​ការពារ​ប្រទេស សិង្ហបុរី លោក Ng Eng Hen ថ្លែង​ថា នា​ពេល​បច្ចុប្បន្ន​នេះ​សិង្ហបុរី​ មិន​ទាន់​មាន​ភ្នាក់ងារ​សម្ងាត់​ច្បាស់​លាស់​នោះ​ឡើយ​ ដើម្បី​តាម​ដាន​នូវ​រាល់​គម្រោង​វាយប្រហារ​ភេរវកម្ម​នៅ​សិង្ហបុរី។

 

ក្រុម​រដ្ឋ​ឥស្លាម​ស៊ីរី និង អ៊ីរ៉ាក់ ISIS គឺ​ជា​ក្រុម​ដែល​គំរាមកំហែង​ខ្លាំង​ជាង​គេ​នៅ​សិង្ហបុរី ហើយ​ទីក្រុង​រដ្ឋ​សំខាន់​របស់​ប្រទេស គឺ​ជា​គោលដៅ​ដ៏​ទាក់ទាញ​សម្រាប់​ក្រុម​និយម​ជ្រុល នេះ​បើ​តាម​សំដី​របស់​លោក Ng Eng Hen។ លោក Ng Eng Hen បាន​រំលឹក​ដល់​សភា​ថា កាល​ពី​ឆ្នាំ​មុន​ ក្រុម​រដ្ឋ​ឥស្លាម​បាន​កំណត់​ថា សិង្ហបុរី គឺ​ជា​សត្រូវ​របស់​ខ្លួន ហើយ​បាន​អំពាវ​នាវ​ឲ្យ​ពួក​ជីហាត​នៅ​ក្នុង​ស្រុក​ ធ្វើ​ការ​ប្រឆាំង​និង​សិង្ហបុរី​ទៀត​ផង។

 

សិង្ហបុរី​បាន​ចាប់​ផ្តើម​រឹត​បន្តឹង​សន្តិសុខ​កាន់​តែ​ខ្លាំង នៅ​តាម​មជ្ឈមណ្ឌល​ផ្សារ​ទំនើប និង នៅ​រាល់​កន្លែង​ដែល​មាន​មនុស្ស​កុះករ​ ដែល​ជា​ជន​ស៊ីវិល​ស្លូត​ត្រង់​ និង​ជា​គោល​ដៅ​វាយប្រហារ​ដល់​សំខាន់​របស់​ក្រុម​រដ្ឋ ឥស្លាម។ លោក Ng Eng Hen បន្ថែម​ថា​នៅ​ក្រោម​កាលៈទេសៈ​បែប​នេះ យើង​ក៏​មិន​អាច​ធានា​បាន​ដែរ​ថា​នឹង​មិន​មាន​ភេរវកម្ម​នៅ​សិង្ហបុរី​ ហើយ​អ្វី​ដែល​ត្រូវ​ធ្វើ​គឺ​ពួក​យើង​ពង្រឹង​សមត្ថភាព​ការពារ នឹង​ការ​ប្រឈម​មុខ​ដល់​សំខាន់​ ដើម្បី​ត្រៀម​រៀប​ចំ​ដោះ​ស្រាយ​។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: channelnewsasia.com