មេបក្ស​អំណាច​ខ្មែរ ស្នើ​ឲ្យប្រធាន ACU បំភ្លឺ​ពី​ស្រោមសំបុត្រ​ដែល​យកទៅ​ចែក​ដល់​ទាហាន​

​លោក សួន សេរី​រដ្ឋា ប្រធាន​បក្ស​អំណាច​ខ្មែរ ស្នើ​ឲ្យ​លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចេញមុខ​បកស្រាយ​ពី​អំណោយ​ដែល​លោក យកទៅ​ចែក​ដល់​ទាហាន​នៅ​ខេត្តព្រះវិហារ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។ ទំនងជា​លោក សួន សេរី​រដ្ឋា យល់ថា​អំណោយ ដែល​យកទៅ​ចែកជូន​ដល់​ទាហាន បានមកពី​ប្រភព​គួរ​ឲ្យ​សង្ស័យ​ណាមួយ ទើប​មេបក្ស​ថ្មី​រូបនេះ ស្នើ​ឲ្យ​លោក ឱម យិនទៀង ស្រាយ​បំភ្លឺ​ដូច្នេះ​។​

​ខណៈពេលដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ កំពុងតែ​សកម្ម​ក្នុងការ​វែកមុខ​ជន​ប្រព្រឹត្ត​អ​ពើ​ពុករលួយ ស្រាប់តែ​មេបក្ស​អំណាច​ខ្មែរ លោក សួន សេរី​រដ្ឋា ស្នើ​ឲ្យ​ស្ថាប័ន​កំចាត់​ភាពមិន​ស្អាតស្អំ​មួយ​នេះ ចេញមុខ​បំភ្លឺ​ពី​ទង្វើ​របស់​ខ្លួនឯង​វិញ​ម្តង​។ នៅ​ថ្ងៃទី​៨ ខែមេសា​នេះ លោក សួន សេរី​រដ្ឋា បាន​សរសេរ​លិខិត​ទៅកាន់​លោក ឱម យិនទៀង ដើម្បី​សុំ​ការពន្យល់​ពី​ចំនួន​ស្រោម​សំបុត្រ និង​វត្ថុ​ក្នុង​ស្រោម​សំបុត ដែល​លោក ឱម យិនទៀង យកទៅ​ចែកជូន​គ្រួសារ​នាយទាហាន និង​ពលទាហាន​កង​ធំ​អន្តរាគមន៍​លេខ​៣ ប្រចាំខេត្ត​ព្រះវិហារ កាលពី​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៦ ។​

​ក្នុង​លិខិត​នោះ លោក សួន សេរី​រដ្ឋា បាន​លើក​សំនួរ ទៅកាន់​លោក​ឱម យិនទៀង​បែបនេះ​ថា​៖«​តើ​ក្នុង​ស្រោមសំបុត្រ​មាន​អ្វី​? ជា​លុយ​សុទ្ធ​ឬ​ជា​អ្វី​ផ្សេង ? បើជា​លុយ​សុទ្ធ តើ​មាន​ចំនួន​ប៉ុន្មាន​ក្នុង​មួយ​សំបុត្រ​? បាន​មកពីណា ? ជា​ថវិកា​របស់​ឯកឧត្តម ឬ​បានមកពី​ខាង​ណា​? ឬ​ជា​ថវិការដ្ឋ​? ស្រោមសំបុត្រ​ទាំងអស់ មាន​ចំនួន​បុ​ន្មា​ន​?»​។​

​គួរ​ចាប់អារម្មណ៍​ថា ការទាមទារ​ឲ្យ​លោក ឱម យិន​ទៀត ចេញមុខ​បកស្រាយ​ពី​សំណាក់​លោក សួន សេរី​រដ្ឋា ស្រប​ពេលដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ កំពុងតែ​ញាប់ដៃ​ញាប់ជើង​ក្នុងការ​លាតត្រដាង​នូវ​ករណី​ដ៏​រសើប​ចំនួន​ពីរ គឺ​រឿងអាស្រូវ​ស្នេហា​រវាង​កញ្ញា ខុម ចាន់​តារា​ទី​ជាមួយ​ឯកឧត្តម កឹម សុខា និង​រឿងរ៉ាវ​របស់លោក ស៊ុត ឌី​ណា អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ ប្រទេស​កូរ៉េខាងត្បូង​៕