ប្រជាមតិ​រដ្ឋធម្មនុញ្ញ​ថៃ ក្លាយជា​វិញ្ញាសារ​ថ្មី​នៃ​ការស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​

​គណៈកម្មាធិការ​ព្រាងរ​ដ្ឋ​ធម្មនុញ្ញ​ថៃ បានកំណត់​យក​ថ្ងៃទី​០៧ ខែសីហា ខាងមុខនេះ​ដើម្បី​ធ្វើ​ប្រជាមតិ​លើ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​ទើបតែ​បញ្ចប់​នោះ​។ សំណួរ​មួយចំនួន​ដែល​លើកយក​ទៅធ្វើ​ប្រជាមតិ ក៏ត្រូវ​បាន​សភា​កំណត់​ហើយ​។ តែ​បញ្ហា​នោះ​គឺ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ភាពរលូន​ក្នុង​ដំណើរ​នេះ សភា​ថៃ ក៏បាន​អនុម័ត​ច្បាប់​មួយ​ដាក់ទណ្ឌកម្ម​អ្នក​រំខាន​ឬ​បង្កបញ្ហា​ដែល​មតិ​មួយចំនួន​ចោទថា​ជាការ​បំបិទ​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ​។​

​សភា​ថៃ​នៅ​ថ្ងៃទី​០៧ ខែមេសា ម្សិលមិញ បាន​បោះឆ្នោត​គាំទ្រ​ក្នុងការ​លើកយក​បទបញ្ញត្តិ​ក្នុង​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​«​ព្រឹទ្ធសភា ដែល​កើតឡើង​តាម​ការតែងតាំង អាចមាន​សមត្ថកិច្ច​ក្នុងការ​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​» ដើម្បី​ដាក់​ជា​សំណួរ​ចម្បង​ឲ្យ​ប្រជាជន​បោះឆ្នោត​គាំទ្រ​ឬ​មិន​គាំទ្រ​តាមរយៈ​ប្រជាមតិ​។ ជាមួយគ្នា​នោះ សភា​ក៏បាន​កំណត់​ដែរ​ថា ប្រសិនបើ​មាន​សំណួរ​ផ្សេងទៀត​ដែល​គួរតែ​ត្រូវបាន​បន្ថែម គឺ​ត្រូវ​ស្ថិតក្នុង​ការសម្រេច​រប​ស់​សភា​កែទម្រង់​ជាតិ​ដែល​ត្រូវបានតែងតាំង​ដោយ​លោក​ឧ​ត្ត​ម​សេនីយ​ប្រា​យុទ្ធ ច័ន្ទ អូ​ចា​នាពេល​កន្លងទៅ ។​

១. តើ​អ្វី​ជា​ប្រជាមតិ​ថ្ងៃទី​០៧ ខែសីហា​?
​គណៈកម្មាធិការ​ព្រាងរ​ដ្ឋ​ធម្មនុញ្ញ នៅ​ថ្ងៃទី​២៩ ខែមីនា​កន្លងទៅ បានប្រកាសថា ថៃ នឹង​រៀបចំ​ការធ្វើប្រជាមតិ​ជាតិ​មួយ​លើ​សេចក្តីព្រាងច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មី​នៅ​ថ្ងៃទី​០៧ ខែសីហា​ខាងមុខនេះ​ដើម្បី​ស្ទង់​មតិ​ប្រជាជន​ថៃ​ថា​តើ​សេចក្តីព្រាង​នោះ​សមស្រប និង​គ្រប់​ជ្រុងជ្រោយ​ដែរ​ឬ​យ៉ាងណា​។ សេចក្តីព្រាងច្បាប់ ថ្មី​នោះ​គឺជា​សេចក្តីព្រាង​លើក​ទី​២​ដែល​ធ្វើឡើង​ក្រោម​ការដឹកនាំ​ប្រទេស​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ច័ន្ទ អូ​ចា​។ សេចក្តីព្រាង​លើក​ទី​១ ត្រូវបាន​បរាជ័យ​កាលពី​ចុងឆ្នាំ​២០១៥​កន្លងទៅ ដ្បិត​សភា​ជំទាស់​។ បើ​សេចក្តីព្រាងច្បាប់​លើក​ទី​២​នេះ អាច​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ប្រជាជន នោះ​សេចក្តីព្រាង​នឹង​ក្លាយជា​រដ្ឋធម្មនុញ្ញ​ទី​២០​ក្នុង​អាយុកាល​នៃ​លទ្ធិប្រជាធិបតេយ្យ​ថៃ​៨៤​ឆ្នាំ​។​

​យ៉ាងណាក៏ដោយ វា ក៏មាន​បញ្ញា​ត្តិ​មួយចំនួន​ក្នុង​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​នោះ​ដែល​អាចជា​ឧបសគ្គ​ធ្វើ ឲ្យ​ប្រជាជន​មិន​ពេញចិត្ត​ហើយ​មិន​ចូលរួម ឬ​បោះឆ្នោត​ជំទាស់​ដែល​អាចធ្វើ​ឲ្យ​ដំណើរការ​ប្រជាមតិ​បរាជ័យ ពោលគឺ​សេចក្តីព្រាង​ត្រូវ​បរាជ័យ​។ បទបញ្ញត្តិ​នោះ​គឺ​រដ្ឋាភិបាល​អាច​ឡើងកាន់​អំណាច​ដោយ មិនចាំបាច់​ឆ្លងកាត់​ការបោះឆ្នោត​ក្នុងពេលដែល​ប្រទេស​ស្ថិតនៅក្នុង​ស្ថានភាព​អាក្រក់ ឬ​ជាប់គាំង​នយោបាយ និង ព្រឹទ្ធសភា​ដែល​កើតឡើង​តាមរយៈ​ការតែងតាំង​អាចមាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​បុគ្គល​ណាមួយ​ជា​នាយករដ្ឋមន្ត្រី​បាន​។ ជាពិសេស​នោះ មានមតិ​មួយចំនួន​ក៏បាន​រិះគន់​ដែរ​ថា បទបញ្ញត្តិ​នៃ​សេចក្តីព្រាង​រដ្ឋ​ធម្ម​នោះ ភាគច្រើន​បម្រើ​ផលប្រយោជន៍​យោធា​តែប៉ុណ្ណោះ​។

​តែបើ​ប្រជាមតិ​បរាជ័យ ក៏​មិន​ប៉ះពាល់​ដល់​ការបោះឆ្នោត​ឆ្នាំ​២០១៧​ដែរ​។ កាលពី​ថ្ងៃទី​២៦ ខែមីនា​កន្លងទៅ​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី​ថៃ​ប្រា​យុទ្ធ ច័ន្ទ​អូ​ចា បានប្រកាស​ជាថ្មី​ថា ការបោះឆ្នោត​សកល នឹងត្រូវ​ធ្វើឡើង​នៅ​ឆ្នាំ​២០១៧​ជាដាច់ខាត បើទោះបីជា​រដ្ឋធម្មនុញ្ញ មិនអាច​ឆ្លង​ផុតពី​ដំណាក់​ការ​នៃ​ការធ្វើប្រជាមតិ​ក៏ដោយ​។

២. ថៃ បង្កើត​ច្បាប់​ដាក់ទោស​អ្នក​ប៉ុនប៉ង​រំខាន​ប្រជាមតិ ជាការ​រឹតត្បិត​សិ​ទិ្ធ​សេរីភាព​?
​ដើម្បី​សម្រួល​ដល់​ដំណើរការ​នៃ​ការធ្វើប្រជាមតិ សភា​ថៃ បានអនុម័ត​ច្បាប់​ថ្មី​មួយ​។ បើ​យោងតាម​សារ ព័ត៌មាន​បាងកក​ប៉ុស្តិ៍ ច្បាប់​នោះ បាន​កំណត់ថា​រាល់​បុគ្គល​ទាំងឡាយណា​ដែល​បង្ក​ឲ្យ​មាន​ហិង្សា ឬ រំខាន​ដល់​ប្រជាមតិ នឹងត្រូវ​ប្រឈម​នឹង​ទោស​ពន្ធនាគារ​១០​ឆ្នាំ​។ តាម​ប្រភពព័ត៌មាន​ដដែល​សម្មភាព ដែល​រំខាន​នោះ រាប់បញ្ចូល​ទាំង​ការចែករំលែក​សារ ឬ​រូបភាព​តាម​កាសែត វិទ្យុ ទូរទស្សន៍ និង ប្រព័ន្ធ ផ្សព្វផ្សាយ​អេឡិចត្រូនិក​ផ្សេង ដែល​ញុះញង់​ឲ្យ​មាន​ហិង្សា ឬ​ការ​គំរាម ដើម្បី​ទប់ស្កាត់​អ្នកបោះឆ្នោត​មិន​ឲ្យ​ទៅ​បោះឆ្នោត​។ ជាមួយគ្នានេះ ច្បាប់​នោះ ក៏បាន​ហាមឃាត់​មិន​ឲ្យ​មាន​យុទ្ធនា​ការណ៍​ផ្សេងៗ​ដើម្បី​បញ្ចុះបញ្ចូល​ប្រជាជន​ឲ្យ​គាំទ្រ ឬ​ច្រានចោល​សេចក្តីព្រាងច្បាប់​នោះ​ផងដែរ​។

​ក្នុង​ក្រសែភ្នែក​អ្នកវិភាគ ការបង្កើត​ច្បាប់​នេះ គឺជា​ចំណាត់ការ​មួយ​ដែល​រឹតត្បិត​ដល់​សិទ្ធិសេរីភាព​នៃ ការបញ្ចេញមតិ ដ្បិត ប្រជាជន នៅតែ​មិនអាច​ជួបជុំ​ដើម្បី​ជជែក​ដេញដោល​ពី​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ ថ្មី​នោះ​។ ជាមួយគ្នា គណបក្ស​ភឿ​ថៃ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ក្រុម​អាវ​ក្រហម​នោះ បានទាមទារ ឲ្យ​រដ្ឋាភិបាល​ដក​បទបញ្ញត្តិ​មួយចំនួន​ក្នុងអំឡុងពេល​នៃ​ការរាប់​ថយក្រោយ​នៃ​ការមកដល់​នៃ​ការធ្វើប្រជាមតិ​ដែល​រឹតត្បិត​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ​។ ក្នុងនោះ ពួកគេ បាន​អះអាងថា​ការដកចេញ​នៃ​ការដាក់កំហិត​នោះ នឹង​ជួយ​ដល់​ដំណើរ​នៃ​ការផ្សះផ្សា​ជាតិ​៕