ពលរដ្ឋ​នៅ​ខេត្ត​កំពង់ធំ​បារម្ភ​​អំពី​ការ​ឈូស​ឆាយ​និង​ដុត​ព្រៃ​លិច​ទឹក

ប្រជាពលរដ្ឋ​នៅ​ឃុំ​កំពង់គោ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ លើក​ឡើង​ថា ព្រៃ​លិច​ទឹក​នៅ​ក្នុង​តំបន់​អភិរក្ស​ត្រូវ​គេ​ដុត និង​ឈូស​ឆាយ​យ៉ាង​អនាធិបតេយ្យ។ ពលរដ្ឋ​បារម្ភ​ថា ជម្រក​មច្ឆា​ជាតិ ព្រមទាំង​សត្វ​ស្លាប​ផ្សេងៗ នឹង​ត្រូវ​បាត់បង់ ប្រសិនបើ​អាជ្ញាធរ​មិន​បាន​ចាត់វិធានការ​ចំពោះ​បញ្ហា​នេះ​ឱ្យ​បាន​ទាន់​ពេល​វេលា​នោះ​ទេ។

ប្រជា​សហគមន៍ ឃុំ​កំពង់​គោ ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ស្រាវជ្រាវ​ករណី​ដុត​ព្រៃ និង​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក នៅ​បឹងព្រះស្នែង និង​តាម​ដង​ស្ទឹងសែន ដែល​កើត​ឡើង​ប្រមាណ ២​ខែ​មក​ហើយ។ ពលរដ្ឋ​ថា បើ​ទោះ​បី​ជា​មាន​សកម្មភាព​ដុត និង​យក​គ្រឿងចក្រ​ចូល​ទៅ​ឈូស​ឆាយ​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​យ៉ាង​ណា​ក៏ដោយ ប៉ុន្តែ​មិន​ឃើញ​អាជ្ញាធរ​មូលដ្ឋាន​ចូល​រួម​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ។

ពលរដ្ឋ​នៅ​ឃុំ​កំពង់គោ មួយ​រូប លោក ឡូយ ឡាយ ឱ្យ​ដឹង​ថា ព្រៃ​លិច​ទឹក​នៅ​តំបន់​បី ក្នុង​បរិវេណ​បឹង​ព្រះស្នែង ត្រូវ​បាន​ឆាប​ឆេះ​ជា​បន្តបន្ទាប់។ លោក​ថា ការ​ឆាប​ឆេះ​ទាំង​នោះ បណ្ដាល​មក​ពី​ការ​ដុត​ជញ្ជ្រាំង​ស្រូវ  ព្រមទាំង​ការ​ដុត​ព្រៃ​ដើម្បី​ចាប់​សត្វ និង​រក​ឃ្មុំ​ផង។ បន្ថែម​ពី​នេះ​ទៀត លោក​ឃើញ​សកម្មភាព​នាំ​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​ចូល​ក្នុង​តំបន់​ព្រៃ​អភិរក្ស ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ថា គេ​ឈូស​ឆាយ​អស់​ព្រៃ​ប៉ុន្មាន​ហិកតារ​នោះ​ទេ៖ «ជួយ​លុប​បំបាត់ ប្រជាពលរដ្ឋ​ក្ដី ឬ​ខាង​ណា​ដែល​គេ​កាប់ឆ្ការ​បំផ្លាញ​ព្រៃ​ហាម​ឃាត់​នៅ​ជុំវិញ​បឹង​នោះ​ឯង»

ស្រដៀង​គ្នា​នេះ ពលរដ្ឋ​មួយ​រូប​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ លើក​ឡើង​ថា សកម្មភាព​ដុត និង​ឈូស​ឆាយ​ព្រៃ​តំបន់​អភិរក្ស​យក​ដី​ធ្វើជា​កម្មសិទ្ធិ នៅ​តែ​កើត​មាន​ឡើង។ លោក​ថា អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​យកចិត្តទុកដាក់​ឡើយ ចំណែក​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ឃើញ​ចុះទៅ​តំបន់​នោះ​ដែរ ប៉ុន្តែ​ពួកគេ​ទៅ​ដើម្បី​យក​ប្រាក់​ពី​អ្នក​បំផ្លាញ​ព្រៃ​លិច​ទឹក​ទាំង​នោះ​តែប៉ុណ្ណោះ៖ «បាទ! ព្រួយ​បារម្ភ អ៊ីចឹង​បារម្ភ​ថា អា​កូន​សា​ក្រោយ​អត់​មាន​ស្គាល់​ត្រី​រ៉ស់ ត្រី​អណ្ដែង​អី»

​ទាក់ទង​បញ្ហា​នេះ នាយ​ខណ្ឌ​ជលផល​ខេត្ត​កំពង់ធំ លោក ប៉ែន វណ្ណារិទ្ធ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៨ មេសា ថា កាល​ពី​ខែ​មីនា តំបន់​ព្រៃ​អភិរក្ស​បឹង​ព្រះស្នែង ត្រូវ​បាន​ភ្លើង​ឆេះ​អស់​ជាង ១០០​ហិកតារ ដោយសារ​សកម្មភាព​រុក​រក​ឃ្មុំ និង​សត្វព្រៃ​នៅ​តំបន់​នោះ។ លោក​បន្ត​ថា អាច​នឹង​មាន​សកម្មភាព​ដុត​ព្រៃ​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ពី​សំណាក់​ពលរដ្ឋ​ខ្លះ​មែន ប៉ុន្តែ​មិន​ពាក់ព័ន្ធ​ជាមួយ​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ឡើយ ហើយ​ខាង​លោក​ក៏​បាន​ចាត់​វិធាន​ហើយ​ដែរ៖ «គឺ​មិន​អនុញ្ញាត​ឱ្យ​ពួកគាត់​ទៅ​ឈូស​ឆាយ​ដី​ព្រៃ កន្លែង​ដែល​ឆេះ​ហ្នឹង​បន្ត​ទេ»

នាយ​ខណ្ឌ​ជលផល​ដដែល​បន្ថែម​ទៀត​ថា បញ្ហា​ចំពោះ​មុខ មន្ត្រី​ជំនាញ​នឹង​ខិតខំ​អប់រំ​ពលរដ្ឋ​ឱ្យ​ចូល​រួម​ការ​ពារ​ព្រៃ​លិច​ទឹក និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ព្រមទាំង​បង្កើន​សកម្មភាព​ចុះ​ល្បាត​របស់​មន្ត្រី​ជំនាញ​បន្ថែម​ទៀត។

មន្ត្រី​សម្របសម្រួល​សហគមន៍​នៃ​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល អ្នកស្រី នូ សារឹម មាន​ប្រសាសន៍​ថា មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប កើត​មាន​គួរ​ឱ្យ​បារម្ភ។ អ្នកស្រី​ថា ការ​បាត់បង់​ព្រៃ​លិច​ទឹក​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជម្រក​ត្រី​ពង​កូន បាត់បង់​ជម្រក​សត្វ​ស្លាប ព្រមទាំង​សត្វព្រៃ​មួយ​ចំនួន។ បន្ថែម​ពី​នេះ ព្រៃ​លិច​ទឹក​អាច​ជួយ​ការពារ​ការ​ហូរ​ច្រោះ​នៃ​ទឹក​ជំនន់ ឬ​ទឹក​ភ្លៀង និង​ជា​របាំង​ការពារ​ខ្យល់​ព្យុះ​ជាដើម។ ជាមួយ​គ្នា​នេះ អ្នកស្រី​ទាមទារ​ឱ្យ​អាជ្ញាធរ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ និង​អប់រំ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឱ្យ​បាន​ជា​ប្រចាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។