ក្មេងទំនើង៩នាក់ ត្រូវកម្លាំង អ ហ ចាប់ខ្លួនយកទៅអប់រំ ក្រោយពួកគេបើការ​ វាយកាប់ចាក់គ្នា ដូចកុនហុងកុង

បន្ទាយមានជ័យ៖ ក្មេងទំនើងចំនួន២ក្រុម មានគ្នា៩នាក់ ត្រូវកម្លាំង អ ហ ក្រុងសិរីសោភ័ណ ចាប់ខ្លួនយកទៅ សួរនាំនិងធ្វើការអប់រំ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦នេះ ក្រោយពីពួកគេប្រដាប់ដោយដំបង កាំបិតខ្វែវ ដេញកាប់គ្នា យ៉ាងប្រសេចប្រសាច រហូតមានមនុស្សរបួសម្ខាងៗ ដូចក្នុងរឿងចិនហុងកុង កាលពីយប់ថ្ងៃព្រហស្បតិ៍។

លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងងថា ក្មេងទំនើងទាំង៩នាក់ នោះរួមមាន៖១/ឈ្មោះ ចាន់ សែន ភេទប្រុស អាយុ២៩ឆ្នាំ, ២/ឈ្មោះ សុខ សិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ, ៣/ឈ្មោះ សែម ទីន ភេទប្រុស អាយុ២១ឆ្នាំ, ៤/ឈ្មោះ យីស៊ីថេត ភេទប្រុស អាយុ២០ឆ្នាំ, ៥/ឈ្មោះ ប្រាង ធុយ ភេទប្រុស អាយុ១៦ឆ្នាំ, ៦/ឈ្មោះ ប៉ាវ វិត ភេទប្រុស អាយុ២៣ឆ្នាំ, ៧/ឈ្មោះ ជៀក ថាវី ភេទប្រុស អាយុ២២ឆ្នាំ ទាំង៧នាក់ រស់នៅក្នុងភូមិគោកលន់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ, ៨/ឈ្មោះ រឿម នេត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ, និង៩/ឈ្មោះ ចាន់ និច ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឃុំរហាល ស្រុកព្រះនេត្តព្រះ ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូត វត្ថុតាងម៉ូតូ៣គ្រឿង ដំបង១ កាំបិតផ្គាក់១ ។

លោក ព្រហ្ម ថេង បានបន្តថា ក្មេងទំនើងទាំងនេះ ត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង១ រំលងអាធ្រាត្រ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ នៅចំណុចមុខ ក្លិបកំសាន្តវិមានរៀម ស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ខណៈកម្លាំងសមត្ថកិច្ច យើងចុះល្បាត គ្រប់ភូមិសាស្រ្តរបស់ខ្លួន ដើម្បីធ្វើការត្រួត ពិនិត្យអាវុធជាតិផ្ទុះ និងសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅពេលខាងមុខនេះ ក៏ប្រទះឃើញក្មេងទំនើង ២ក្រុម កំពុងប្រដាប់ដោយកាំបិត ដំបងកំពុងបើកការ ប្រយុទ្ធគ្នា ទើបសមត្ថកិច្ច យើងឃាត់ខ្លួន​ ពួកគេយកមកសួរនាំ។ 

បច្ចុប្បន្នក្មេងទំនើងទាំង៩នាក់ នោះត្រូវបានសមត្ថកិច្ច ធ្វើការអប់រំនិងធ្វើកិច្ចសន្យា រួចមកត្រូវបាន ឪពុកម្ដាយឬអាព្យាបាល ធានាយកទៅផ្ទះវិញ ដើម្បីអប់រំបន្ត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត