ស្តេចអុក២សម័យកាល បានធ្លាក់ត្រឹមវគ្គជម្រុះ ខណៈជើងខ្លាំងទាំង៨ មានបេក្ខភាពចាស់១រូប

កីឡាករ ឈាវ បូរ៉ា ដែលធ្លាប់ដណ្តើមបានតំណែងជើងឯកស្តេចអុកចំនួន២ឆ្នាំជាប់ៗគ្នានោះ បានបាត់បង់ឱកាសឡើងទៅការពារតំណែងជើងឯកនេះ ក្នុងការប្រកួតផ្តាច់ព្រ័ត្រអុកចត្រង្គ ឆ្នាំ២០១៦ នៅអង្គរសង្រ្កាន្ត ខេត្តសៀមរាប នាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ នាពេលខាងមុខនេះហើយ ខណៈរូបគេត្រូវបានបេក្ខភាពចំណូលថ្មី ទម្លាក់ក្នុងការប្រកួតត្រឹមវគ្គ១៦នាក់ចុងក្រោយ កាលពីព្រឹកថ្ងៃសុក្រនេះ។
1
បើទោះបីជា ឈាវ បូរ៉ា បានទទួលជ័យជម្នះដោយមិនសូវពិបាក ក្នុងការប្រកួតវគ្គដំបូង១២៨នាក់ វគ្គ៦៤នាក់ និងវគ្គ៣២ ប៉ុន្តែសម្រាប់ការប្រកួតវគ្គ១៦នាក់ចុងក្រោយ នៅទីស្នាក់ការ NOCC កាលពីព្រឹកមិញនេះ បូរ៉ា បានធ្លាក់ចេញពីការប្រកួតនេះដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ខណៈរូបគេបានចាញ់បេក្ខភាពចំនូលថ្មី ហេង សាវឌី។

ចំណែកម្ចាស់ជើងឯកការប្រកួតអុកពានរង្វាន់សម្តេចហ៊ុនសែន ឆ្នាំ២០១០ ឆយ វីរ៉ា ក៏បានធ្លាក់ចេញពីការប្រកួតនេះ ត្រឹមវគ្គជម្រុះ១៦នាក់ចុងក្រោយ កាលពីព្រឹកនោះដែរ ដោយរូបគេបានចាញ់កីឡាករ ហូយ សុខណា។ ប៉ុន្តែកីឡាករ ម៉េង សេរីសម្បត្តិ ដែលជាបេក្ខភាព៨នាក់ចុងក្រោយ កាលពីឆ្នាំ២០១៥នោះ បានយកឈ្នះកីឡាករ ធឹម ឌីណា ដើម្បីឡើងទៅប្រកួតវគ្គដំណាក់កាលផ្តាច់ព្រ័ត្រ នៅអង្គរសង្រ្កាន្ត ម្តងទៀត។
2
ចំណែកកីឡាករ រៀម វាសនា, នូ ច័ន្ទផានិត, សៅ ប៊ិចសុភា, សេង សុធា និង រស់ រិទ្ធីយ៉ា បានយកឈ្នះកីឡាករ ស៊ឹង រដ្ឋា ហើយបេក្ខភាពឈ្នះទាំង៨នាក់នេះ នឹងត្រូវឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ នៅអង្គរសង្ក្រាន្ត ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥ ដល់១៦ ខែមេសា ឆ្នាំ២០១៦ ដើម្បីស្វែងរកស្តេចអុក ដែលនឹងទទួលបានប្រាក់រង្វាន់១២លានរៀល លេខ២បាន៨លានរៀល និងលេខ៣បាន៤លានរៀល រួមទាំងរង្វាន់ផ្សេងៗមួយចំនួនទៀត៕
3