ស្ថានការណ៍​ព្រំដែន​ខ្មែរ​-​ឡាវ ជំនួប​ចរចា​នៅ​មិន​ទាន់​ចប់

ខេត្តស្ទឹងត្រែង ៖ បន្ទាប់​ពី​ការ​ហាមឃាត់​ពី​សំណាក់​កងកម្លាំងប្រដាប់អាវុធ​ការពារ​ព្រំដែន​កម្ពុជា​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល​ចំនួន​៦​លើក ភាគី​ឡាវ​នៅ​តែ​បន្តសកម្មភាព​ជីករណ្តៅ ដើម្បី​សាងសង់​ប៉ុស្តិ៍​ឈ​ជើង​ថ្មី នៅ​ចំណុច​ត្រ​ពាំ​គ្រៀល​ភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង​ដដែល បើ​ទោះបីជា​មានការ​ជួប​ពិភាក្សា​វែកញែក​ទីតាំង​នោះ​ជា​តំបន់​សក៍​ដោយ​។

ប្រភព​ព័ត៌មាន​ពី​កងកម្លាំង​ការពារ​ព្រំដែន​បាន​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៨ មេ​សា ២០១៦​នេះ ប្រធាន​វរៈ​ការពារ​ព្រំដែន​ទាំង​ពីរ​បាន​ទៅ​ជួប​ពិ​ភាគ​ក្សា​គ្នា ភាគីកម្ពុជាបានស្នើរ​ឲ្យ​បញ្ឈប់​ការ​សាងសង់​ប៉ុស្តិ៍​នោះ​បណ្តោះអាសន្ន​សិន រង់ចាំ​ថ្នាក់​ជាតិ​ជួប​ពិ​ភាគ​ក្សា​ដោះស្រាយ​ជា​មុន​សិន ។ ចំណែកភាគី​ឡាវ បាន​ឆ្លើយ​តប​ជា​ដដែល​ថា ការ​សាងសង់​នេះ គឺ​មាន​បទបញ្ជា​ពី​ថ្នាក់​ជាតិ ដោយ​មានការ​ផ្តល់​ថវិការ​សាងសង់ ប្រ​សិន​មានការ​បញ្ឈប់​លុះត្រាតែ​មាន​បទបញ្ជា​ពី​ថ្នាក់​ជាតិ​របស់​គេ​វិញ ទើប​ពួក​គេ​បញ្ឈប់​ការ​សាងសង់ ។

ទាក់ទង​ការ​ហាមឃាត់​ជា​ច្រើន​លើក​ពី​អាជ្ញាធរ​កម្ពុជា​យ៉ាង​ក៍ដោយ ក៍​ពួក​នៅ​តែ​បន្តសកម្មភាព​សាងសង់​ដដែល ប៉ុន្តែ​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​បាន​ដាក់​បទបញ្ជា​ឲ្យ​កងកម្លាំង​ការពារ​ព្រំដែន​បង្អាក់​ដំណើរការ​សាងសង់​របស់​ពួក​គេ​ដោយ​បិទ​ច្រក​មិន​ឲ្យ​ពួក​គេ​យក​គ្រឿងសំណង​ឆ្លងកាត់​ពី​ប្រទេស​ឡាវ មក​ចំណុច​សាងសង់​ប៉ុស្តិ៍​ថ្មី​នោះ​ហើយ ប្រ​សិន​ពួក​គេ​ទិញ​គ្រឿងសំណង់​នៅ​ដី​ខ្មែរ ក៍​មិន​អនុញ្ញាតិ​ឲ្យ​លក់​ឬ​ដឹក​មក​សាងសង់​នោះ​ដែរ តែ​ទោះបី​យ៉ាងណាមិញ ចាប់តាំងពី​ថ្ងៃ​ទី​៣១ មីនា ២០១៦ មក​ដល់​ថ្ងៃ​ទី​៨ មេ​សា​២០១៦​នេះ កម្មករ​ជាងសំណង​ភាគី​ឡាវ​បាន​ជីករណ្តៅ​បាន​ចំនួន​១២​រណ្តៅ​ទៅ​ហើយ​។

គួរ​បញ្ជាក់​ថា ស្ថិត​ក្នុង​សកម្មភាព​សាងសង់​ប៉ុស្តិ៍​ថ្មី មានការ​អះអាង​ពី​កងកម្លាំងប្រដាប់អាវុធ​ការពារ​ព្រំដែន​កម្ពុជា​ថា ឡាវ​ពុំ​មាន​បញ្ជូន​តម្រួត​មក​កាន់​ព្រំដែន​នោះ​ទេ​មាន​តែ​កម្លាំង​តម្រួត​ឈ​ជើង​ចាស់​ប៉ុណ្ណោះ តែ​ភាគី​ឡាវ​ពិតជា​បាន​ដាក់​កម្មករ​ជាងសំណង​ជា​ជនជាតិ​ឡាវ​ពិតប្រាកដ​មែន ៕