MH370៖ ម៉ាឡេស៊ី កំពុង​សិក្សា​លើ​បំណែក​ថ្មី​ទៀត រក​ឃើញ​នៅ​លើ​កោះ​ម៉ូរីស

នាយកដ្ឋានអាកាសចរណ៍ស៊ីរិល របស់ប្រទេសម៉ាឡេស៊ី បានទាក់ទងកាលពីថ្ងៃព្រហស្បត្តិ៍នេះ មកអាជ្ញាធរ​របស់​ប្រទេសម៉ូរីស (កោះមួយនៅកណ្ដាលមហាសមុទ្រឥណ្ឌា) ដើម្បីបញ្ជូនក្រុមការងាររបស់ខ្លួន មកពិនិត្យ​បំណែក​ថ្មី​មួយ​ទៀត ដែល​ត្រូវ​បាន​ក្រុម​អ្នកទេសចរណ៍ រកឃើញនៅលើឆ្នេរកោះ «Rodrigues» តាំងពី​ច្រើនថ្ងៃ​មក​ហើយ។
MH370៖ ម៉ាឡេស៊ី កំពុង​សិក្សា​លើ​បំណែក​ថ្មី​ទៀត រក​ឃើញ​នៅ​លើ​កោះ​ម៉ូរីស

ប្រភេទយន្ដហោះប៊ូអីង របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។ (រូបថតក្រុមហ៊ុន)

បំណែកយន្ដហោះថ្មីមួយនេះ ត្រូវបានរកឃើញ កាលពីថ្ងៃអង្គារសប្ដាហ៍មុន នៅលើឆ្នេរសមុទ្រ នៃកោះ «Rodrigues» ដែលស្ថិតនៅភាគខាងកើត នៃប្រទេសម៉ូរីស (Maurice - ជាប្រជុំកោះ នៅភាគខាងលិច​នៃ​មហា​សមុទ្រ​ឥណ្ឌា)។ គឺអ្នកទេសចរណ៍ពីរនាក់ប្ដីប្រពន្ធ មកពីកោះ រ៉េអ៊ុយញ៉ុង (Réunion) ជាអ្នក​បាន​ឃើញ​មុន​គេ នូវបំណែកមួយនេះ។

MH370៖ ម៉ាឡេស៊ី កំពុង​សិក្សា​លើ​បំណែក​ថ្មី​ទៀត រក​ឃើញ​នៅ​លើ​កោះ​ម៉ូរីស

គេបានសង្ស័យថា បំណែកនោះ ជាផ្នែកមួយនៃយន្ដហោះ ប៊ូអីង (Boeing ប្រភេទ 777-200ER) របស់​ក្រុមហ៊ុន​អាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ដែលភ្ជាប់ជើងហោះហើរ លេខ «MH370» ពីរដ្ឋធានី កូឡាឡំពួរ ឆ្ពោះ​ទៅ​រដ្ឋធានី ប៉េកាំង និងដែលបានបាត់ខ្លួនយ៉ាងអាចកំបាំង កាលពីព្រឹកព្រហាមថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ជាមួយ​នឹង​អ្នក​ដំណើរ ២៣៩នាក់។

តាមប្រភពព័ត៌មាននៅនឹងកន្លែង បានឲ្យដឹងថា អ្នកជំនាញខាងអាកាសចរណ៍ស៊ីវិល របស់ប្រទេសម៉ាឡេស៊ី ដែលទទួលបន្ទុកស៊ើបអង្កេត ករណីយន្ដហោះបាត់ខ្លួននេះ បានទាក់ទងមកអាជ្ញាធរ របស់ប្រទេសម៉ូរីស ដើម្បី​អះអាង ពីការបញ្ជូនមន្ត្រីរបស់ផងខ្លួន មកធ្វើការពិនិត្យបំណែកថ្មី ដែលទើបនឹងត្រូវបានរកឃើញ នៅ​ក្នុង​យប់​ថ្ងៃ​ព្រហស្បត្តិ៍នេះ។ ប៉ុន្តែគេនៅមិនទាន់ដឹងថា តើក្រុមអ្នកជំនាញទាំងនេះ នឹងត្រូវត្រូវធ្វើដំណើរ ជា​បន្ត​ឆ្ពោះ​ទៅ​កាន់កោះ «Rodrigues» ដើម្បីពិនិត្យកន្លែង ដែលបំណែកថ្មីត្រូវបានរកឃើញ ឬយ៉ាងណាឡើយ។

MH370៖ ម៉ាឡេស៊ី កំពុង​សិក្សា​លើ​បំណែក​ថ្មី​ទៀត រក​ឃើញ​នៅ​លើ​កោះ​ម៉ូរីស

អាជ្ញាធរនៃប្រទេសម៉ូរីស​គ្រាន់តែអាចដឹងថា ក្រុមអ្នកជំនាញម៉ាឡេស៊ី នឹងធ្វើការពិនិត្យសិក្សា ទៅលើ​បំណែក​ថ្មីនេះ ថាតើវាពិតជាសម្ភារៈតុបតែងលំអរ នៃផ្នែកខាងក្នុងយន្ដហោះបាត់ខ្លួន។ នេះបើតាមការអះអាង របស់​ប្រភព​ដដែលនោះ។ ហើយប្រសិនបើបំណែកនេះ ពិតជាជារបស់យន្ដហោះ ម៉ាឡេស៊ី មែននោះ វានឹងក្លាយ​ជា​បំណែក​ខាង​ក្នុងយន្ដហោះ លើកដំបូងបង្អស់ ដែលត្រូវបានរកឃើញ មកទល់នឹងបច្ចុប្បន្ន។

សូមបញ្ជាក់ដែរថា បំណែកយន្ដហោះមួយដំបូងគេ ដែលពិតជាផ្នែកមួយ នៃយន្ដហោះបាត់ខ្លួន ត្រូវបានរក​ឃើញ កាលពីខែកក្កដាមុន នៅលើឆ្នេរសមុទ្រ នៃកោះរ៉េអ៊ុយញ៉ុង (ទឹកដីរបស់ប្រទេសបារាំង ដែលស្ថិត​នៅ​ភាគ​ខាង​លិច នៃមហាសមុទ្រឥណ្ឌា)។ ហើយកាលពីខែធ្នូ និងខែមីនាកន្លងមក បំណែកពីរដុំផ្សេងទៀត ត្រូវ​បាន​រក​ឃើញ អណ្ដែតមកបង្កកខ្លួន នៅលើឆ្នេរ នៃប្រទេសម៉ូហ្សំប៊ិច (ស្ថិតនៅភាគខាងកើត នៃទ្វីប​អាហ្វ្រិក)។ អ្នកជំនាញច្រើននាក់ នៅបស្ចឹមលោកបានគិតថា គេអាចរកឃើញ ពីដានរបស់យន្ដហោះ ជាពិសេស​ពី​កន្លែង​ដែលយន្ដហោះធ្លាក់ ដោយត្រូវគណនា ទៅតាមចរន្តហូរ របស់ទឹកសមុទ្រ ដែលបានបក់បោក នាំបំណែក​ទាំង​នេះ (ដែលមានចំនួន៤ សរុបទាំងអស់) មកកាន់ទីនោះ៕