សម្ដេច​ប្រធានរដ្ឋសភា ​រំលឹក​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ថែម​ទៀត​

សម្ដេច​ប្រធានរដ្ឋសភា ​រំលឹក​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ថែម​ទៀត​



ត្បូងឃ្មុំ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​រំលឹក​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ថែមទៀត។
នៅ​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌ​សីមា និង​កាត់​ឫស​សីមា​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ព្រះវិហារ​ថ្មី និង​សមិទ្ធផល​នានា​ នៅ​ក្នុង​វត្ត​ឧ​ត្ត​ម​សាមគ្គី ហៅ​វត្ត​ត្រាច​ខោល ស្ថិត​ក្នុង​ភូមិ​ត្រាច​ខោល​នា​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មេសា​នេះ សម្ដេច​ប្រធានរដ្ឋសភា​បាន​ក្រើនរំលឹក​ជាថ្មី​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​គោលនយោបាយ ភូមិ/ឃុំ​មាន​សុវត្ថិភាព​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

ជា​មួយ​នេះ ​ត្រូវ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ លុបបំបាត់​ឲ្យ​អស់​នូវ​រាល់​អំពើ​អសកម្ម​ទាំងឡាយ ដែល​នាំ​ឲ្យ​មានការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ សំដៅ​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ឲ្យ​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​អាណត្តិ​ខាង​មុខៗ​បន្ត​ទៀត ជាពិសេស​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ/សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ និង​ការបោះឆ្នោត​សកល​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨។ ទន្ទឹម​នេះ ​សម្ដេច​ក៏បាន​ផ្ដាំផ្ញើ​ដល់​ក្មួយៗ​ចៅៗ ដែល​ជា​យុវជន យុវនារី គប្បី​បន្ត​នាំគ្នា​ធ្វើជា​ពលរដ្ឋ​ល្អ ជៀសវាង​ឲ្យ​បាន​នូវ​ការ​សេព​គ្រឿងញៀន អំពើ​អបាយមុខ ពាលា​អាវាសែ ដែល​សង្គម​ស្អប់ខ្ពើម។

ជា​មួយ​គ្នា​នេះ​ដែរ​ ក្មួយៗ​សិស្សានុសិស្ស​នាំគ្នា​ខិត​រៀន​សូត្រ ដើម្បី​អនាគត​រុងរឿង​របស់​ខ្លួន ក្រុម​គ្រួសារ និង​សង្គមជាតិ។ ជា​មួយ​នេះ​ផង​ដែរ ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​ការពារ​អាយុ​ជីវិត ទ្រព្យ​ខ្លួនឯង​ផង ក៏ដូចជា​អាយុជីវិត និង​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ផង​ដែរ​។

ជាពិសេស​ក្នុង​ឱកាស​សប្បាយរីករាយ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នា​ពេល​ខាង​មុខ ជន​រួម​ជាតិ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស សូម​ចូលរួម​អបអរសាទរ​ជា​មួយ​នឹង​សមិទ្ធផល​ដ៏​ធំធេង ដែល​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​បាន គឺ​សុខ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ប្រកបដោយ​ចីរភាព។

សម្ដេច​ក៏បាន​ថ្លែងអំណរគុណ​ដល់​ព្រះចៅ​អធិការ​វត្ត គណៈកម្មការ​អាចារ្យវត្ត ព្រមទាំង​សប្បុរសជន និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ដែល​បាន​រួមគ្នា​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​មានការ​រីកចម្រើន​។ ដូច​ថ្ងៃនេះ យើង​កំពុង​ប្រារព្ធ​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌ​សីមា និង​កាត់​ឫស​សីមា​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ព្រះវិហារ​ថ្មី ដែល​កើត​ចេញពី​កម្លាំង​សាមគ្គី​របស់​សប្បុរសជន និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​។

សម្ដេច​មាន​ជំនឿ​ថា សមិទ្ធផល​ទាំងនេះ នឹង​ចូលរួម​ចំណែក​បន្ថែម​ទៀត ក្នុង​ការ​លើកកម្ពស់​វិស័យ​ព្រះពុទ្ធ​ចក្រ ដែល​យើង​ទាំង​អស់​គ្នា​ចាត់ទុកជា​មូលដ្ឋានគ្រឹះ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សាសនា​ប្រសើរ​ឡើង។ ក្នុង​ស្មារតី​នេះ ​រដ្ឋសភា និង​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា តែង​យកចិត្តទុកដាក់​ចូលរួម​ជាប្រចាំ​ជាមួយ​ព្រះ​តេគុណ និង​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​មានការ​រីក​ចម្រើន​ព្រម​គ្នា ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ។

លោក ប្រាជ្ញ ចន្ទ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ​បាន​មានប្រសាសន៍ថា វត្ត​ឧ​ត្ត​ម​សាមគ្គី ហៅ​វត្ត​ត្រាច​ខោល​ កសាង​ឡើង​នៅ​ខែ​កក្កដា ឆ្នាំ​១៩៩៣។ ចាប់​តាំងពី​បង្កើត​វត្ត​នេះ​ឡើង រហូត​មក​ទល់​បច្ចុប្បន្ន​ មាន​លោកគ្រូ​ព្រះចៅ​អធិការ​ចំនួន​៥​អង្គ​ហើយ។ ដោយឡែក ​ព្រះវិហារ​ថ្មី​១​ខ្នង​នេះ ចាប់ផ្ដើម​កសាង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៧ និង​កសាង​រួចរាល់​នៅ​ឆ្នាំ​២០១៥ ក្រោម​ការ​ផ្ដួចផ្ដើម​ដោយ​សម្ដេច​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​លោកជំទាវ និង​មានការ​ដឹកនាំ​កសាង​ពី​លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា រួម​ជា​មួយ​សប្បុរសជន និង​ពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ ដោយ​ចំណាយ​ថវិកា​សរុប​៣៩៨.៣៤០.០០០​រៀល និង​ប្រាក់​ដុល្លារ​អស់​ចំនួន ៥៤.១៧០​ដុល្លារ​អាមេរិក។

ក្នុង​ឱកាស​នោះ​ដែរ ​សម្ដេច​ប្រធានរដ្ឋសភា​ក៏បាន​បំពាក់​គ្រឿង​ឥស្សរិយយស មេដាយ​ការងារ​ជូន​សប្បុរសជន និង​ពុទ្ធបរិស័ទ ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​ភូមិ/ឃុំ ព្រមទាំង​នាំ​យក​ថវិកា​ចំនួន​២៦​លាន​រៀល ប្រគេន​ទុកជា​ប្រយោជន៍​សម្រាប់​វត្ត និង​នាំ​យក​អំណោយ និង​ថវិកា​មួយ​ចំនួន​ចែក​ជូន តាជី យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរ​ស្រុក ឃុំ និង​កងកម្លាំង​ការពារ ដែល​ចូលរួម​ក្នុង​ពិធី​នេះ​ផង​ដែរ៕
សម្ដេច​ប្រធានរដ្ឋសភា ​រំលឹក​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​ថែម​ទៀត​