លោក​ឱម យ៉ិនទៀង ​មិន​ទាន់​បង្ហាញ​លទ្ធផល​នៃ​ការ​ហែក​ស្រោម​សំបុត្រ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​លោក​កឹម សុខា

លោក​ឱម យ៉ិនទៀង ​មិន​ទាន់​បង្ហាញ​លទ្ធផល​នៃ​ការ​ហែក​ស្រោម​សំបុត្រ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​លោក​កឹម សុខា



ភ្នំពេញ ​៖​ កាលពី​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០១៦ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​បើក​ស្រោម​សំបុត្រ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​លោក​កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ពិនិត្យមើល​ថា​តើ​មាន​កំណើន​ទ្រព្យសម្បត្តិ​មិន​ប្រក្រតី​ណាមួយ​ដែរ​ឬ​ទេ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង មិនទាន់​បង្ហាញ​លទ្ធផល​យ៉ាង​ណា​នៅ​ឡើយ​ទេ ដោយសារ​លោក​កឹម សុខា​ មាន​អភ័យឯកសិទ្ធិ ដូច្នេះ​ការ​និយាយ​មាន​កម្រិត។

លោក​ទេសរដ្ឋមន្ត្រី​ ឱម យ៉ិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​មានប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៦​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានសម្រេច​ហែក​ស្រោមសំបុត្រ​ប្រកាស​ទ្រព្យសម្បត្តិ​របស់​លោក កឹម សុខា រួចហើយ​។ លោក​ទេសរដ្ឋមន្ត្រី​បន្តថា ដោយសារតែ​លោក កឹម​សុខា មាន​អភ័យឯកសិទ្ធិសភា​ទើប​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​មិនទាន់​បើក​ការស៊ើបអង្កេត​លើ​ករណី​លោក កឹម សុខា ទេ ទោះបីជា​លោក កឹម សុខា ទិញ​ផ្ទះ ទិញ​ដី ឲ្យ​អ្នកណា​ក៏ដោយ។

លោក​ទេសរដ្ឋមន្ត្រី ​ឱម យ៉ិនទៀង បញ្ជាក់​យ៉ាង​នេះ​ថា “​ខ្ញុំ​គិត​ថា គាត់​ទិញ​ឲ្យ​អ្នកណា ទិញ​ឲ្យ​ប្រពន្ធ​បង្កើត​ខ្លួនឯង​ ក៏​ខ្ញុំ​អត់​មាន​បញ្ហា​អី​ដែរ តែ​បើ​កំណើន​ទ្រព្យសម្បត្តិ គឺ​ត្រូវ​ដោះស្រាយ ទោះ​គាត់​ទិញ​ខ្លួនឯង​ក៏ដោយ ចឹង​ខ្ញុំ​នៅតែ​បដិសេធ​ថា ខ្ញុំ​មិន​ប្រើ​ពាក្យ​ស្រី​ស្នេហ៍​មិន​ស្រី​ស្នេហ៍​ទេ ហើយ​យើងខ្ញុំ​បាន​បើក​មើល​ហើយ និង​កំពុង​វិភាគ​មើល​បន្តទៀត ថា​តើ​មាន​កំណើន ឬ​មិន​មាន​កំណើន​តែ​ប៉ុណ្ណឹង​ទេ តែ​អាស្រ័យ​ដោយ​គាត់​មាន​អភ័យឯកសិទ្ធិ ដូច្នេះ​ការនិយាយ​ក៏មាន​កម្រិត​ដែរ លើ​បញ្ហា​ហ្នឹង​។ ខ្ញុំ​ធ្លាប់​បាន​បញ្ជាក់​ហើយ​ថា ​​តែ​បើក​ស្រោមសំបុត្រ គឺ​ហៅ​គាត់​មក​សួរ​ហើយ បើ​គាត់​មក​អញ្ជើញ ហើយ​បើ​មិន​មក​ សរសេរ​សំបុត្រ​មក​ឲ្យ​ខ្ញុំ​មក​”​។

ឆ្លើយតប​សំណួរ​ថា តើ​ការ​បើក​ស្រោមសំបុត្រ​មាន​លទ្ធផល​យ៉ាងណា លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​បញ្ជាក់​ថា “​ខ្ញុំ​បាន​បញ្ជាក់​ជូន​ហើយ​ថា យើង​បាន​ពិនិត្យ​ហើយ ប៉ុន្តែ​ដោយ​គាត់​មាន​អភ័យឯកសិទ្ធិ ដូច្នេះ​ការ​និយាយ​របស់ខ្ញុំ​មាន​​កម្រិត​បន្តិច មិន​ទាន់​បាន​និយាយ​អ្វី​លើ​ពី​នេះ​បានទេ​”។

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៦​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា និង​ពិចារណា ទៅលើ​ពាក្យបណ្ដឹង​របស់​ក្រុម​យុវជន និង​និស្សិត ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​​សង្គ្រោះ​ជាតិ ពី​បទ​សង្ស័យ​បាន​ប្រព្រឹត្ត​អំពើពុករលួយ ដោយ​ភ្ជាប់​អង្គហេតុ​មួយ​ចំនួន ក្នុង​នោះ​មាន​ខ្សែអាត់​សំឡេង ដែល​លោក កឹម សុខា​ទំនាក់ទំនង​ដាក់​លុយ​តាម​ធនាគារ​ទៅ​ឲ្យ​ស្ត្រី​ម្នាក់​ចំនួន​៤ ពាន់​ដុល្លារ និង​ការទិញ​ដី ទិញ​ផ្ទះ​មួយចំនួន​នៅ​ក្បែរ​ផ្សារ​ដី​ហុយ និង​នៅ​ក្បែរ​ដី​លោក ជា សុ​ផា​រា ជាដើម ហើយ​ទីបំផុត ក៏​បានទទួល​យកពាក្យ​បណ្ដឹង​នោះ​ទៅ​បើក​ការស៊ើបអង្កេត​។​

លោក​ទេសរដ្ឋមន្ត្រី ឪ​ម យ៉ិនទៀង បានលើកឡើង​នៅពេលនោះ​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ខ្វល់​ចំពោះ​ការ​មាន​ស្រី​របស់លោក កឹម សុខា ទេ ប៉ុន្តែ​អង្គភាព​តែ​បញ្ហា​អ្វីដែល​ពាក់ព័ន្ធ​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ប៉ុណ្ណោះ ហើយ​បើ​ទាក់ទង​ដល់​ការប្រកាស​ទ្រព្យសម្បត្តិ បើ​មិន​ប្រកាស ក៏​មានទោស ប្រកាស​លើស​ ក៏​មានទោស ប្រកាស​ខុស​ក៏​មានទោស ហើយ​បើ​មានទ្រព្យ​សម្បត្តិ​ពន្យល់​មិន​ត្រូវ​ ក៏​មានទោស​ដែរ ប៉ុន្តែ​ខាង​នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ បាន​អះអាង​ថា លោក​កឹម សុខា បាន​ប្រកាស​ទ្រព្យសម្បត្តិ​ចំនួន​៣ លើក​រួច​មក​ហើយ​មក​ដល់​ពេល​នេះ និង​ត្រឹមត្រូវ​តាម​ពេលវេលា​ផង​ដែរ។

ដោយឡែក​ការប្រកាស​ទ្រព្យសម្បត្តិ ​ក្រុម​អ្នក​ច្បាប់​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​លើកឡើង​ថា ចំណុច​នេះ គឺ​ចង់​និយាយ​ពី​កំណើន​នៃ​ទ្រព្យសម្បត្តិ​ធៀប​ទៅ​ការប្រកាស​ពេលមុន ហើយ​អ្វី​ដែល​ធ្វើ​នេះ​មិន​ពាក់ព័ន្ធ​អភ័យ​ឯកសិទ្ធិ​ទេ​។ ក្រុមអ្នកច្បាប់​បញ្ជាក់​ទៀតថា “​នៅ​មាត្រា​៣៦ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​មានចែង​ពី​ការ​មានទ្រព្យ​សម្បត្តិ​ដោយ​ខុសច្បាប់ ហើយ​បើ​សង្កេត​ទៅលើ​អង្គហេតុ​នៃ​ពាក្យបណ្តឹង គឺមាន​ទ្រព្យ​មួយចំនួន ដូចជា​ផ្ទះ​ផង ដី​ផង និង​ជា​សាច់ប្រាក់​ផង ហើយ​បើ​អាច​ពន្យល់​បាន​ថា ទ្រព្យ​នោះបាន​មកពីណា សម​ហេតុ​សម​ផល គឺ​មិន​បញ្ហា​អ្វី​ទេ ប៉ុន្តែ​បើ​ពន្យល់​ខុស គឺ​អាចមាន​បទល្មើស​”​។​

ក្រុមអ្នកច្បាប់​បានបញ្ជាក់​ទៀតថា “​អ្វីដែល​ត្រូវ​សួរ ថា​តើ​ទ្រព្យសម្បត្តិ​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ ហើយ​ដើម្បី​បញ្ជាក់ គឺ​មានតែ​ការ​បើក​ស្រោមសំបុត្រ ដើម្បី​ឲ្យ​ដឹង​ថា លោក កឹម សុខា មានទ្រព្យ​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ​។ អ្វីដែល​ត្រូវ​ពិចារណា​ថែមទៀត​នោះ ថា​តើ​អាច​ហែក​ស្រោមសំបុត្រ​ប្រកាស​ទ្រព្យសម្បត្តិ​ដែរ​ឬ​ទេ ចំណុច​នេះ​ខ្ញុំ​យល់ថា នៅ​មាត្រា​២០ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​បាន​ផ្តល់​សិទ្ធិ​ពិសេស​ទៅ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​សម្រាប់​អនុវត្ត​ករណី​នេះ ហើយ​មិន​ពាក់ព័ន្ធ​ដល់​អភ័យ​ឯកសិទ្ធិ​សភា​របស់​លោក កឹម សុខា ទេ ពីព្រោះ​ការ​ស៊ើប​អត់​ទាន់​ប៉ះពាល់​ការ​ចោទ ការ​ចាប់ ការ​ចង និង​ការ​ឃុំ​ទេ​”​។​

គួរ​រំលឹក​ដែរ​ថា កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៦ ក្រុមយុវជន និង​និស្សិត​ប្រមាណ​៥០ នាក់ បាន​យកពាក្យ​បណ្តឹង​ទៅ​ដាក់ជូន​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយបាន​ប្តឹង​លោក កឹម សុខា សង្ស័យ​ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ការទិញ​ដី ផ្ទះ និង​ផ្ដល់​លុយ​ឲ្យ​ស្រី​កំណាន់ ហើយ​ការ​សម្រេច​ប្តឹង​បន្ទាប់ពី​មានការ​បែកធ្លាយ​សំឡេង​សន្ទនា​ជាមួយ​នារី​ម្នាក់ ដែល​លោក កឹម សុខា បាន​ដាក់​លុយ​តាម​ធនាគារ​ចំនួន​៤០០០ ដុល្លារ និង​ការទិញ​ដី ទិញ​ផ្ទះ​ជាច្រើន​កន្លែង​ទៀត៕