គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​៧​មេសា​ កើតឡើង​១១​លើក​

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​៧​មេសា​ កើតឡើង​១១​លើក​



ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​១១​លើក ក្នុង​នោះ​យប់​២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៧​នាក់ (ស្រី៣​នាក់) អ្នក​រង​របួស​ធ្ងន់​១០​នាក់ (ស្រី៧​នាក់) និង​រង​របួស​ស្រាល​៥​នាក់ (ស្រី១​នាក់)។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១១​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១៨​គ្រឿង រួមមាន ម៉ូតូ​ចំនួន​១១​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៥​គ្រឿង រថយន្ត​ធុន​ធំ ចំនួន​១​គ្រឿង និង​យាន​ផ្សេងៗ​១​គ្រឿង។

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន​៤​លើក ,​បត់​គ្រោះថ្នាក់​៣​លើក ,​ស្រវឹង​១​លើក ,ប្រជែង​គ្រោះ​ថ្នាក់​១​លើក ,​មិន​ប្រកាន់​ស្តាំ​១​លើក និង​ងងុយដេក​១​លើក។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​១២​នាក់ (យប់២​នាក់)។

គ្រោះ​ថ្នាក់លើ​ដង​ផ្លូវ​រួមមាន ផ្លូវជាតិ​ចំនួន​១២​លើក និង​ផ្លូវ​ខេត្ត​/​ក្រុង ចំនួន​៤​លើក ដោយ​ឡែក​យានយន្ត​ដែល​បង្កហេតុ​រួមមាន ម៉ូតូ​៦​លើក រថយន្ត​ធុន​តូច​៤​លើក និង​រថយន្ត​ធុន​ធំ​១​លើក។​

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បន្ត​ទៀត​ឲ្យ​ដឹង​ថា ខេត្ត/រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន​រួមមាន ខេត្ត​ព្រៃវែង​៣​លើក ស្លាប់​២​នាក់ (ស្រី១​នាក់​) របួស​៣​នាក់ (ស្រី២​នាក់) ខេត្ត​កំពង់ស្ពឺ​១​លើក ស្លាប់​១​នាក់ (ស្រី) របួស​១​នាក់ ខេត្ត​ត្បូងឃ្មុំ​១​លើក ស្លាប់​១​នាក់ (ស្រី) របួស​២​នាក់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​១​លើក ស្លាប់​១​នាក់ របួស​២​នាក់ ខេត្ត​កំពង់ធំ​១​លើក ស្លាប់​១​នាក់ របួស​១​នាក់ និង​ខេត្ត​ក្រចេះ​១​លើក ស្លាប់​១​នាក់ ។

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន​ចំនួន​៥.១៥១​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ២.២៧៤​គ្រឿង និង​ពិន័យ​សរុប​២.៨៧៧​គ្រឿង៕

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​៧​មេសា​ កើតឡើង​១១​លើក​