សាំ​យ៉ុង​បុក​សាំ​យ៉ុង​របួស​ធ្ងន់​ស្រាល​មនុស្ស​៤​នាក់

សាំ​យ៉ុង​បុក​សាំ​យ៉ុង​របួស​ធ្ងន់​ស្រាល​មនុស្ស​៤​នាក់



 

ព្រះវិហារ​ ៖ ​មនុស្ស​ចាស់ ​ក្មេង​៤​នាក់​រង​របួស​ធ្ងន់​ស្រាល ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​២៥​នាទី​ រសៀល​ថ្ងៃ​ទី​០៧ ខែ​​មេសា ឆ្នាំ​​២០១៦​ នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៦២ ​ស្ថិត​នៅ​ភូមិ​រំចេក ​ឃុំ​រមណីយ ​ស្រុក​រវៀង​ ខេត្ត​ព្រះវិហារ។

រថយន្ត​ទាំង​២​គ្រឿង ​រង​ការ​ខូចខាត​ផ្នែក​កាប៊ីន​​យ៉ាង​ដំណំ​ដូចគ្នា ​រីឯ​ជន​រងគ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​រវៀង​បាន​ទាន់​ពេល​វេលា។

ពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាល​មក​ពី​ អ្នក​​បើកបរ​រថយន្ត​សាំ​យ៉ុង​ ពណ៌​ស ​១​គ្រឿង​ បើក​ក្នុង​ស្ថានភាព​ស្រវឹង​ស្រា​ ហើយ​បាន​រេ​ចង្កូត​ទៅ​បុក​រថយន្ត​សាំ​យ៉ុង​១​គ្រឿង​ទៀត​ពេញ​ទំហឹង​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា។ ម្ចាស់​រថយន្ត​រងគ្រោះ​នោះ ​រកស៊ី​មុខរបរ​ដឹក​សម្ភារៈ​ប្រើប្រាស់​លក់​តាម​ភូមិ។

ប្រភព​ព័ត៌មាន​ដដែល​បញ្ជាក់​ថា​ ក្មេង​ប្រុស​ម្នាក់​រង​របួស​ស្រាល​ និង​មនុស្ស​ចាស់​៣​នាក់​ទៀត​រង​របួស​ធ្ងន់។ រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​រមណីយ​យក​ទៅ​រក្សាទុក​ដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់។

លោក​សាយ​ ដេ​ត ​អធិការ​នគរបាល​បាន​ឲ្យ​ដឹង​យ៉ាង​ខ្លី​ថា​ ពិត​ជា​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​កើត​ឡើង​ប្រាកដ​មែន​ ប៉ុន្តែ​លោក​បាន​លាក់លៀម​អត្តសញ្ញាណ​ជនរងគ្រោះ​មិន​ឲ្យ​អ្នកសារព័ត៌មាន​កម្ពុជា​ថ្មី​បាន​ដឹង​នោះ​ទេ ​សង្ស័យ​លោក​មាន​ចេតនា​រើសអើង​មិន​ចង់​និយាយ​ស្ដី​ជាមួយ​អ្នកសារព័ត៌មាន។

រីឯ​ឈ្មោះ​សុគន្ធ​អធិការរង​នគរបាល​ស្រុក​រវៀង​ទទួលបន្ទុក​ផ្នែក​ចរាចរណ៍​ និង​សណ្ដាប់ធ្នាប់​ក៏​មិន​លើក​ទទួល​ទូរស័ព្ទ​របស់​អ្នកសារព័ត៌មាន​អ្វី​ដែរ​ នៅ​រសៀល​ថ្ងៃ​ទី​០៧​ ខែ​មេសា​នេះ​ដោយ​ហៅ​ចូល​ចំនួន​៥​ដង​មិន​លើក​ទទួល​អ្វី​ទាល់តែសោះ៕
​​​

សាំ​យ៉ុង​បុក​សាំ​យ៉ុង​របួស​ធ្ងន់​ស្រាល​មនុស្ស​៤​នាក់