អាជ្ញាធរ​នៅ​ពោធិ៍សាត់​គ្រោង​រៀបចំ​កន្លែង​​សម្រាប់​អាជីវករ​លក់​ដូរ​ដែល​គ្មាន​​សណ្ដាប់ធ្នាប់

អាជីវករ​​ប្រមាណ ៣០០​នាក់ កំពុង​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ​ជុំវិញ​វត្ត​ពាលញែក នៅ​ក្នុង​ក្រុង​ពោធិ៍សាត់ ដោយ​ពុំ​មាន​សណ្ដាប់ធ្នាប់ និង​អនាម័យ។ អាជ្ញាធរ​បញ្ជាក់​ថា ក្រុម​អាជីវករ​ទាំង​នេះ​នឹង​ត្រូវ​រៀបចំ​ឲ្យ​មាន​កន្លែង​លក់​ដូរ​ត្រឹមត្រូវ​ក្បែរ​ផ្លូវ​ជាតិ​ក្នុង​ក្រុង​ពោធិ៍សាត់ ក្រោយ​ពី​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ​៥ កាត់​ក្រុង​ត្រូវ​ធ្វើ​រួច​រាល់។

ក្រុម​អាជីវករ​លក់ដូរ​សេរី​មក​ពី​តាម​បណ្ដា​ស្រុក និង​ក្រុង​ពោធិ៍សាត់ មួយ​ចំនួន​បង្ខំ​ចិត្ត​លក់​បន្លែ​ផ្លែឈើ និង​ត្រី​សាច់ របៀប​ឆក់កណ្ដៀត ឬ​រយៈ​ពេល​ខ្លី គឺ​ចាប់​ពី​ម៉ោង ៣​ទៀបភ្លឺ រហូត​ដល់​ម៉ោង ១០​ព្រឹក។

អាជីវ​ករ​ខ្លះ​ចង់​លក់ដូរ​ដូច​សព្វថ្ងៃ​ដោយ​គ្រាន់​តែ​សុំ​ឲ្យ​បញ្ចុះ​ថ្លៃ​ភាស៊ី និង​សម្អាត​កន្លែង​លក់​ក្បែរ​របង​វត្ត​ឲ្យ​បាន​ស្អាត។ ចំណែក​អាជីវករ​ខ្លះ​ទៀត ចង់​ឲ្យ​អាជ្ញាធរ​រៀបចំ​កន្លែង​លក់ដូរ​ត្រឹមត្រូវ​ឲ្យ​ពួក​គាត់។

អាជីវករ​លក់​បន្លែ​ស្លឹកឈើ​ព្រៃ​ម្នាក់ គឺ​លោកស្រី ជា ម៉ៅ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៨ ខែ​មេសា​ ​ថា រយៈ​ពេល​ជិត​ដប់​ឆ្នាំ​ហើយ​ដែល​លោកស្រី និង​ប្ដី​ដើរ​ប្រមូល​ទិញ​បន្លែ ឬ​ផ្លែឈើ​ព្រៃ​ពី​តាម​ព្រៃ​ឆ្ងាយៗ មក​ដាក់​លក់​នៅ​ក្បែរ​របង​វត្ត​ ក្នុង​ក្រុង​ពោធិ៍សាត់ នេះ។ លោកស្រី​ថា បើ​ភាស៊ី​ថោក និង​អនាម័យ​ល្អ​គាត់ សុខចិត្ត​លក់ដូរ​ដូច​សព្វ​ថ្ងៃ ព្រោះ​បើ​ឲ្យ​ទៅ​លក់​នៅ​កន្លែង​ថ្មី​គាត់​គ្មាន​លទ្ធភាព​ទិញ​តូប​នោះ​ទេ៖ «គ្រាន់​តែ​ចង់​បាន​លក់​នៅ​ត្រង់​នេះ ហើយ​សុំ​ឲ្យ​អ្នក​លក់​ជួយ​សំអាត​គ្នា ដើម្បី​កុំ​ឲ្យ​គេ​ដេញ​ចុះ​ដេញ​ឡើង​លំបាក។ កាល​លើក​មុន​លក់​នៅ​ខាង​លិច (វត្ត​ពាលញែក) ឥឡូវ​យក​មក​លក់​នេះ និយាយ​ទៅ​អត់​មាន​កន្លែង​លក់​ជុំវិញ​វត្ដ​ដើរ​ដាក់​ពេញ​ហ្នឹង​ដែរ»

ចំណែក​អាជីវករ​លក់​បន្លែ​ម្នាក់​ទៀត​មក​ពី​ស្រុក​កណ្ដៀង គឺ​លោកស្រី ឡាច ស៊ីនី ឲ្យ​ដឹង​ថា ថ្លៃ​ភាស៊ី​ក្នុង​មួយ​កន្លែង ១.៥០០​រៀល ប៉ុន្តែ​ធ្វើ​អនាម័យ​មិន​សូវ​ស្អាត ហើយ​កាន់​តែ​កខ្វក់​ខ្លាំង​នោះ​ ​គឺ​នៅ​ពេល​មាន​ភ្លៀង​ម្ដងៗ​ធ្លាក់។ ប៉ុន្តែ​លោកស្រី​សុខចិត្ត​បង់​ភាស៊ី និង​លក់​ផ្ទាល់​ដី​តាម​ចិញ្ចើម​ថ្នល់ ព្រោះ​បើ​លក់​នៅ​តាម​មុខ​ផ្ទះ​គេ ត្រូវ​ម្ចាស់​ផ្ទះ​តម្រូវ​ឲ្យ​បង់​លុយ​ពី ១០ ទៅ ១៥​ម៉ឺន​រៀល​ក្នុង​១​ខែ៖ «ចង់​ឲ្យ​គាត់ (អាជ្ញាធរ) ធ្វើ​កន្លែង​រោង​បន្លែ​ជា​ជួរៗ​ដូច​គេ អ៊ីចឹង​ទៅ​ណា​ពូ! កុំ​ឲ្យ​លក់​ដូរ​រហេមរហាម​តាម​ថ្នល់។ អត់​បាន​លក់​នៅ​តាម​នេះ​ទេ ព្រោះ​គេ​ជិះ​ម៉ូតូ​ឡាន​ពេញ​ហ្នឹង​ដី​ហុយ​ចូល​ច្រមុះ តែ​យើង​អត់​ហើយ​ចេះ​តែ​លក់​តាម​គេ​តាម​ឯង»

ទាក់ទង​បញ្ហា​នេះ​អភិបាល​ក្រុង​ពោធិ៍សាត់ លោក ចាប នាង មិន​បាន​អត្ថាធិប្បាយ​យ៉ាង​ណា​ទេ​នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ដោយ​លោក​ប្រាប់​ថា សេវា​ទូរស័ព្ទ​រអាក់រអួល​លំបាក​និយាយ​ស្ដាប់​គ្នា ខណៈ​ដែល​វិទ្យុ​អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​អ្នក​យក​ភាស៊ី ឬ​អ្នក​ម៉ៅការ​ខាង​អនាម័យ​នៅ​កន្លែង​លក់​ដូរ​នេះ ដើម្បី​សាកសួរ​ពី​តម្លៃ​ភាស៊ី និង​ការ​សំអាត​អនាម័យ។

យ៉ាងណា​អភិបាល​រង​ខេត្ត​ពោធិ៍សាត់ និង​ជា​អ្នក​នាំ​ពាក្យ​លោក កើត ឆែ បញ្ជាក់​ថា ក្រុម​អាជីវករ​មាន​ទម្លាប់​លក់ដូរ​បន្លែ​ជា​លក្ខណៈ​គ្រួសារ​នេះ​ច្រើន​ឆ្នាំ​ហើយ ប៉ុន្តែ​អាជ្ញាធរ​នឹង​រៀបចំ​កន្លែង​ឲ្យ​លក់ដូរ​ត្រឹមត្រូវ ក្រោយ​ការ​ស្ថាបនា​ផ្លូវ​ជាតិ​លេខ​៥ ចេញ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះ​ទៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាត់​តាម​ក្រុង​ពោធិ៍សាត់ ហើយ​រួច​រាល់​នោះ៖ «កន្លង​មក​កន្លែង​នេះ គឺ​ជា​ផ្សារ​ក្រមួន គាត់​លក់​តែ​ព្រឹក​ឡើង​ទេ​ដល់​ថ្ងៃ​រលាយ​ហើយ​បាត់​ឈ្មោះ​ហើយ។ អ៊ីចឹង​ស្ថានភាព​ម៉ោង ៤ ឬ​ម៉ោង ៦​ភ្លឺ វា​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ការ​ធ្វើ​ចរាចរណ៍​ប្រជាពលរដ្ឋ​នោះ​ទេ»

រដ្ឋាភិបាល​កម្ពុជា និង​គម្រោង​ចៃកា (Jica) របស់​ប្រទេស​ជប៉ុន គ្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ​៥ ឡើង​វិញ ឲ្យ​ក្លាយ​ទៅ​ជា​ផ្លូវ​ភ្លោះ​ខ្នាត​អន្តរជាតិ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៥។ ដូច្នេះ​អាជីវករ​លក់​ដូរ​សេរី​ទាំង​នេះ​អាច​នឹង​បន្ត​លក់​ដោយ​គ្មាន​សណ្ដាប់​ធ្នាប់ និង​គ្មាន​អនាម័យ​ជា​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។