ក្រុមហ៊ុន​ PVEP​ របស់​យួន​ដែល​ទទួល​បាន​សិទ្ធិ​រុករក​ប្រេង​ក្នុង​តំបន់​ទន្លេសាប​ កាន់តែ​អាជ្ញាប័ណ្ណ​ជិត​១០​ឆ្នាំ​ ប៉ុន្តែ​មិន​ទាន់​មាន​សកម្មភាព​

​អំឡុង​ខែវិច្ឆិកា​ ឆ្នាំ​២០០៩​ ក្រុមហ៊ុន​ប្រេង​ និង​ឧស្ម័ន​មួយ​របស់​យួន​ឈ្មោះ​ PetroVietnam​ Exploration​ Production​ Corporation​ (PVEP)​ ទទួល​បាន​សិទ្ធិ​ក្នុង​ការ​ខួង​រុករក​ប្រេង​ និង​ឧស្ម័ន​នៅ​ប្លុក​១៥(Block​ XV)​ ក្នុង​តំបន់​ទន្លេសាប​ ខេត្តកំពង់ធំ​ នៃ​ប្រទេស​កម្ពុជា​ ហើយ​ក្រុមហ៊ុន​នេះ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អាជ្ញាធរ​កម្ពុជា​រួចរាល់​ ដោយ​សន្យា​ថា​ នឹង​ចាប់ផ្តើម​ដំណើរការ​ខួង​រុករក​ប្រេង​លើក​ដំបូង​នៅ​ខែមករា​ ឆ្នាំ​២០១៦​ ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន​ បាន​ត្រឹមតែ​កាន់​អាជ្ញាប័ណ្ណ​អស់​រយៈពេល​ជិត​១០​ឆ្នាំ​ គឺ​មិន​ទាន់​មាន​សកម្មភាព​ជាក់ស្តែង​នៅឡើយ​ ។​

​យោង​តាម​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន​យួន​ PVEP​ មាន​លោក​ Hoang​ Ngoc​ Dang​ ជានា​យក​ក្រុមហ៊ុន​ និង​ក្រសួង​រ៉ែ​និង​ថាមពល​ មាន​ឯកឧត្តម​ ស៊ុ​យ​ សែ​ម​ ជា​រដ្ឋមន្ត្រី​ គឺ​ក្រុមហ៊ុន​ PVEP​ ទទួល​បាន​សិទ្ធិ​ក្នុង​ការ​ខួង​រុករក​ប្រេង​នៅ​ប្លុក​១៥​ ក្នុង​តំបន់​ទន្លេសាប​ ភូមិសាស្ត្រ​ខេត្តកំពង់ធំ​ ទំហំ​ ៦.៩០០​គីឡូម៉ែត្រ​ក្រឡា​ មាន​រយៈពេល​៣០​ឆ្នាំ​ចំពោះ​ប្រេងឥន្ធនៈ​ និង​រយៈពេល​៣៥​ឆ្នាំ​ចំពោះ​ឧស្ម័ន​ ដោយ​ត្រូវ​ចាប់ផ្តើម​ដំណើរការ​ដំបូង​នៅ​ខែមករា​ ឆ្នាំ​២០១៦​ ។​

​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ឲ្យ​ដឹង​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​អនុញ្ញាត​យល់ព្រម​ឲ្យ​ក្រុមហ៊ុន​យួន​ PVEP​ ពន្យារពេល​ខួង​រុករក​ប្រេង​ក្នុង​តំបន់​ទន្លេសាប​រហូត​ដល់​ខែមករា​ ឆ្នាំ​២០១៧​ខាង​មុខ​វិញ​ ។​

​ឯកឧត្តម​ ម៉េ​ង​ សក្តិ​ធា​រ៉ា​ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​និង​ថាមពល​ ធ្លាប់​បាន​លើក​ឡើង​ក្នុង​ន័យ​ព្រមាន​កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​ថា​ បើ​ក្រុមហ៊ុន​ទទួល​បាន​អាជ្ញាប័ណ្ណ​រុករក​ប្រេង​ហើយៗ​មិន​អនុវត្តន៍​តាម​កិច្ចព្រមព្រៀង​របស់​ខ្លួន​ជាមួយ​រាជរដ្ឋាភិបាល​ទេ​នោះ​ គឺ​អាច​ប្រឈម​នឹង​ការ​រឹបអូស​ប្រាក់​កក់​ និង​ដកហូត​អាជ្ញាប័ណ្ណ​ ៕​

ក្រុមហ៊ុន​ PVEP​ របស់​យួន​ដែល​ទទួល​បាន​សិទ្ធិ​រុករក​ប្រេង​ក្នុង​តំបន់​ទន្លេសាប​ កាន់តែ​អាជ្ញាប័ណ្ណ​ជិត​១០​ឆ្នាំ​ ប៉ុន្តែ​មិន​ទាន់​មាន​សកម្មភាព​

Related