១២ ឃ្លា​ដែល​អ្នក​និយាយ​ប្រាប់​ខ្លួន​ឯង ដើម្បី​ស្គាល់​ច្បាស់​ថា​អ្នក​ជា​នរណា

១) ខ្ញុំ​ធ្វើ​តាម​បេះ​ដូង​ខ្លួន​ឯង ៖ ជីវិត​គឺ​ខ្លី ហើយ​មនុស្ស​គ្រប់​រូប​គឺ​មាន​រឿងរ៉ាវ ដែល​ពួក​គេ​ចូល​ចិត្ត​រៀងៗ​ខ្លួន​។ ដូច្នេះ​អ្នក​ត្រូវ​តែ​ហ៊ាន​និយាយ​នូវ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ ដោយ​មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ ឬ ភាព​ភ័យ​ខ្លាច​មក​គ្រប​លើ​អ្នក​ឡើយ​។ នៅ​ពេល​ដែល​អ្នក​ធ្វើ​អ្វី​ដែល​មិន​ត្រូវ​តាម​បេះ​ដូង​របស់​ខ្លួន នោះ​មាន​ន័យ​ថា​អ្នក​បាន​ចំណាយ​ពេល​ជិត​មួយ​ជីវិត​របស់​ខ្លួន ធ្វើ​រឿង​ដែល​អ្នក​មិន​ចង់​បាន។

 

២) ខ្ញុំ​ជឿ​លើ​ខ្លួន​ឯង ៖ ប្រសិន​បើ​អ្នក​បរាជ័យ ថ្ងៃ​នេះ​មិន​មែន​អ្នក​បន្ត​ធ្វើ​ថ្ងៃ​ស្អែក​ទៀត​អ្នក​បរាជ័យ​នោះ​ឡើយ។ អ្នក​គួរ​ចេះ​និយាយ​ប្រាប់​ខ្លួន​ឯង​ថា ខ្ញុំ​ជឿ​លើ​ខ្លួន​ឯង​ថា​ខ្ញុំ​អាច​ធ្វើ​វា​បាន រាល់​អ្វីៗ​ដែល​ជោគជ័យ គឺ​ចាប់​ផ្តើម​ចេញ​ពី​ការ​ជឿ​លើ​ខ្លួន​ឯង។

 

៣) ខ្ញុំ​ទំនាក់ទំនង​អ្នក​ដទៃ​ក្នុង​វិធី​ដែល​ខ្ញុំ​ចង់​ទំនាក់​ទំនង​ ៖ និយាយ​ទៅ​កាន់​មនុស្ស​ដទៃ នៅ​ក្នុង​វិធី​មួយ​ដែល​អ្នក​ចង់​និយាយ គោរព​មនុស្ស​ដែល​អ្នក​ចង់​គោរព។ ឋានៈ​ក្នុង​សង្គម​របស់​អ្នក សាសនា​របស់​អ្នក ពូជសាសន៍​របស់​អ្នក ទស្សនៈ​នយោបាយ​របស់​អ្នក វប្បធម៌​របស់​អ្នក​មិន​មែន ជា​បញ្ហា​ក្នុង​ការ​ទំនាក់​ទំនង​ឡើយ​ ប្រសិន​បើ​អ្នក​ធ្វើ​ខ្លួន​ជា​មនុស្ស​ល្អ សាមញ្ញ ដោយ​អនុវត្ត​តាម​គោលការណ៍ នៅ​ពេល​គេ​គោរព​អ្នក អ្នក​នឹង​គោរព គេ​វិញ។

 

៤) ខ្ញុំ​យល់​ពី​ពេល​វេលា​ថា​វា​មាន​តម្លៃ​ប៉ុណ្ណា ៖ អ្នក​គួរ​ចេះ​និយាយ​ថា​ ខ្ញុំ​មិន​ខ្ជះខ្ជាយ​ពេល​វេលា​ខ្លួន​ឯង​ឡើយ​ អ្នក​ត្រូវ​ចាំ​ថា​ពេល​វេលា​គឺ​ជា​របស់​ដែល គ្មាន​តម្លៃ​ជា​លុយ ប៉ុន្តែ​វា​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​ ដែល​អ្នក​មិន​អាច​យក​ពេល​វេលា​ដែល​គ្មាន​តម្លៃ​ជា​លុយ​នេះ​ មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​បាន​ឡើយ ប៉ុន្តែ​អ្នក​អាច​ចាយ​ពេល​វេលា​ទាំង​នោះ​ឲ្យ​មាន​តម្លៃ និង ឲ្យ​គ្មាន​តម្លៃ ដូច្នេះ​អ្នក​ត្រូវ​ទុក​ពេល​វេលា​ជា​ធនធាន​សំខាន់​បំផុត​សម្រាប់​ការ​វិនិយោគ​របស់​អ្នក។

 

៥) ខ្ញុំ​ស្វែង​រក​នូវ​ភាព​វិជ្ជមាន​គ្រប់​រឿង​ទាំង​អស់ ៖ ដើម្បី​ជំនួស​ឲ្យ​ការ​គិត​នូវ​គ្រប់​រឿង​ទាំង​អស់​ ដែល​មិន​ល្អ អ្នក​ត្រូវ​ធ្វើ​ខ្លួន​ជា​មនុស្ស​ម្នាក់​ដែល​កំពុង​ស្វែង​រក​អ្វី​មួយ​ដែល​នឹង​អាច​កើត​ឡើង​ដោយ​ភាព​ត្រឹមត្រូវ​។ ចិត្ត​របស់​មនុស្ស​គឺ​ជា​អនុភាព​ដ៏​ធំ នៅ​ពេល​អ្នក​គិត​ពី​រឿង​វិជ្ជមាន ជីវិត​ធម្មជាតិ​របស់​អ្នក​នឹង​ទៅ​រក​ភាព​វិជ្ជមាន។

 

៦) ខ្ញុំ​ជឿ​លើ​វិចារណញ្ញាណ​របស់​ខ្លួន​ឯង ៖ អ្នក​មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​យក​ចេញ​នូវ​គំនិត​ដែល​អ្នក​គិត​ថា​ត្រូវ​នោះ​ឡើយ។ ការ​ជឿ​លើ​វិចារណញ្ញាណ​របស់​ខ្លួន​កាន់​តែ​ច្រើន​ ជួយ​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​សុភមង្គល។

 

៧) ខ្ញុំ​ហ៊ាន​និយាយ​នូវ​អ្វី​ដែល​ខុស ៖ នៅ​ពេល​ដែល​អ្នក​មិន​ហ៊ាន​និយាយ​ចេញ​នូវ​អ្វី​ដែល​ខុស​ចំពោះ​អ្នក នោះ​មាន​ន័យ​ថា​អ្នក​មិន​ស្មោះ​ត្រង់​ចំពោះ​ខ្លួន​ឯង​ឡើយ។ នៅ​ពេល​ដែល​អ្នក​ហ៊ាន​និយាយ​ប្រាប់​ខ្លួន​ឯង​នៅ​អ្វី​ដែល​ខុស ប្រាប់​ចិត្ត​ខ្លួន​ឯង នោះ​មាន​ន័យ​ថា​អ្នក​កំពុង​បង្កើន​ទំនុក​ចិត្ត និង លើក​ទឹក​ចិត្ត​ខ្លួន​ឯង។

 

៨) ខ្ញុំ​ជា​មនុស្ស​ដែល​គេ​បង្រៀន​ឲ្យ​តស៊ូ​នៅ​ក្នុង​ភាព​លំបាក ៖ នៅ​ពេល​ដែល​ជីវិត​ជួប​នឹង​ពេល​វេលា​លំបាក​ខ្លាំង​បំផុត​មួយ វា​គឺ​ជា​ពេល​មួយ​ដ៏​ល្អ​ ដើម្បី​បង្រៀន​អ្នក​ពី​មេរៀន​ជីវិត​ដ៏​មាន​អត្ថន័យ។ នៅ​ពេល​ជួប​នឹង​ការ​លំបាក​ក្នុង​ជីវិត មនុស្ស​ខ្លះ​អាច​រត់​គេច​ចេញ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា​ ប្រឈម​មុខ​នឹង​បញ្ហា​ វា​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​ជា​មនុស្ស​ដែល​រឹងមាំ។

 

៩) ខ្ញុំ​ជា​មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ ៖ អ្នក​មិន​ត្រូវ​ធ្វើ​ជា​មនុស្ស​ ដែល​ស្តី​បន្ទោស​ឲ្យ​អ្នក​ដទៃ​ដើម្បី​ការ​ពារ​កំហុស​ខ្លួន កុំ​ធ្វើ​ខ្លួន​ជា​មនុស្ស​ដែល​ដោះសា។ កូនសោ​ដ៏​មាន​សារសំខាន់​មួយ​ដើម្បី​ជោគជ័យ​ គឺ​ការ​មាន​គោលការណ៍​ធ្វើ​អ្វី​មួយ​ដែល​អ្នក​ដឹង ហើយ​អ្នក​ត្រូវ​ធ្វើ​វា​ទោះ​បី​ជា​អ្នក​គ្មាន អារម្មណ៍​ធ្វើ​វា​ក៏​ដោយ ព្រោះ​ការ​សម្រេច​ចិត្ត​បែប​នេះ​ប្រចាំ​ថ្ងៃ គឺ​ជាប់​ទាក់ទង​នឹង​ទំនួល​ខុស​ត្រូវ​សម្រាប់​ជម្រើស​ផ្ទាល់​ខ្លួន​របស់​អ្នក​។ អ្នក​ត្រូវ​ចាំ​ថា សកម្មភាព​របស់​អ្នក គឺ​ជះ​ឥទ្ធិពល​ដល់​មនុស្ស​ដទៃ ដូច្នេះ​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្វី​ដែល​អ្នក​ធ្វើ និង និយាយ។

 

១០) ខ្ញុំ​ជា​មនុស្ស​ដែល​ដឹង​គុណ ៖ ការ​ដឹង​គុណ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​រីករាយ។ ប្រសិន​បើ​អ្នក​ពិបាក​ស្វែង​រក​អ្វី​មួយ​ជា​ការ​ដឹង​គុណ​ អ្នក​ត្រូវ​ស្វែង​រក​ មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន អ្នក​ដែល​មាន​បញ្ហា​ ហើយ​បង្ហាញ​ពី​ការ​រីករាយ​ក្នុង​ការ​ជួយ​ពួក​គេ​។

 

១១) ខ្ញុំ​ជា​មនុស្ស​ដែល​អភ័យ​ទោស​ចំពោះ​អ្នក​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ ៖ ការ​អត់​ទោស​ ហើយ​បំភ្លេច​ចោល​គឺ​ជា​រឿង​ល្អ​បំផុត​ដែល​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​រឹងមាំ​។ ជីវិត​កាន់​តែ​មាន​ភាព​ងាយ​ស្រួល អាជីវកម្ម​កាន់​តែ​ងាយ​គ្រប់គ្រង​នៅ​ពេល​ដែល​អ្នក​ រៀន​ពី​របៀប​នៃ​ការ​អភ័យ​ទោស។

 

១២) ខ្ញុំ​ជា​មនុស្ស​ដែល​គ្មាន​ការ​ស្តាយ​ក្រោយ ៖ អ្នក​ត្រូវ​និយាយ​ថា​អ្នក​ជា​មនុស្ស​ទទួល​យក​ឱកាស និយាយ​ការ​ពិត និង​ជា​មនុស្ស​ខុស​ក្នុង​វិធី​មួយ​ត្រឹមត្រូវ។ កំហុស​ដ៏​ធំ​នៃ​ការ​ស្តាយ​ក្រោយ​ គឺ​ការ​ស្តាយ​ក្រោយ​ដែល​អ្នក​មិន​ចេះ​បង្កើត​ឱកាស​ថ្មី ឬ ទទួល​យក​ឱកាស​ថ្មី។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: http://www.inc.com/