សង្គម​ស៊ីវិល​៖ កញ្ញា ស្រី មុំ ត្រូវបាន​អ្នកនយោបាយ​ប្រើប្រាស់​ដើម្បី​ប្រយោជន៍​បក្ស​

​ក្រុម​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើកស្ទួយ​សិ​ទ្ទិ​ស្រី្ត​កម្ពុជា យល់ថា ចំណាត់ការ​លើ​ករណីរ​បស់ កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ ដែល​ត្រូវបាន​គេ​សង្ស័យថា​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ ឯកឧត្តម កឹម សុខា ប្រធាន​ស្តី​គណបក្ស​សង្គ្រោះ​ជាតិ មាន​ច​រឹត​នយោបាយ ដោយ​ប្រាសចាក​ពី​ក្របខណ្ឌ​នៃ​ច្បាប់​។ ពួកគេ អះអាងថា ការយក​ជីវិត​ឯកជន​របស់​ស្ត្រី មក​ធ្វើជា​ឧបករណ៍​ដើម្បី​កេងចំណេញ​នយោបាយ​បែបនេះ គឺជា​គំរាមកំហែង​និង​ការរំលោភបំពាន​លើ​សិទ្ធិ​ស្ត្រី​យ៉ាងធ្ងន់ធ្ងរ​។ 

​រឿងអាស្រូវ​ស្នេហា​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី និង​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ធ្វើ​ឲ្យ​ក្រុម​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើកស្ទួយ​សិទ្ធិ​ស្រី្ត​នៅ​កម្ពុជា រឹតតែ​ព្រួយ​ប្រារ​ម្ភ​ខ្លាំង​ឡើងៗ ពី​សិទ្ធិ​ឯកជន​និង​ការរំលោភបំពាន​លើ​ស្ត្រី​។ ពួកគេ​មើលឃើញថា ករណីនេះ​គឺជា​ការប្រើប្រាស់​ស្ត្រី​ជា​កម្មវត្ថុ ដើម្បី​ទាញយក​ផលប្រយោជន៍​ផ្នែក​នយោបាយ​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោកស្រី រស់ សុភាព នាយិកា​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា (GADC) បាន​លើកឡើងថា ការចុះផ្សាយ​របស់​បណ្តា​ញ​សង្គម​និង​សារព័ត៌មាន​មួយចំនួន គឺជា​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ ព្រមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់​កញ្ញា ខុម ចាន់​តារា​ទី​។ លោកស្រី បន្ថែ​ថា ការចោទប្រកាន់​របស់​តុលាការ មកលើ​កញ្ញា ខុម ចាន់​តារា​ទី ពី «​បទ​ផ្តល់​សក្ខីកម្ម​ក្លែងក្លាយ និង​មាន​អំពើ​ពេស្យាចារ​» ក៏​មិនបាន​ឈរលើ​មូលដ្ឋាន​ផ្លូវច្បាប់ ដែរ​។

​ប្រធាន​អង្គការក្រៅរដ្ឋាភិបាល​រូបនេះ​បានបញ្ជាក់​បែបនេះ​ថា​៖«​ការផ្សព្វផ្សាយ​រាល់ថ្ងៃ​ហ្នឹង ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​របស់​នាង (​កញ្ញា ស្រីមុំ​) យ៉ាងខ្លាំង ហើយ​ម្យ៉ាងទៀត​យើង​មិនបាន​ដឹងថា វា​ជា​ការពិត​មិន​ពិត​ផង​។ តែ​ទោះបីជា​ការពិត​ក៏ដោយ ក៏​យើង​មិនត្រូវ​យកមក​ផ្សាយ​អ៊ីចឹង​ដែរ ព្រោះ​ជា​ជីវិត​ឯកជន​របស់គេ​។ យើង​គិត​មើល បើ​មនុស្ស​រាប់លាន់​នាក់​ដឹង រឿង​ផ្ទាល់ខ្លួន​របស់​យើង តើ​យើង​មាន​អារម្មណ៍​យ៉ាងម៉េច​»​។ [……] ខ្ញុំ​យល់ថា ជីវិត​របស់​នាង ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​ប្រយោជន៍​នយោបាយ​របស់​បគ្ស​ណាមួយ​ឬ​ក្រុម​ណាមួយ​»​។ 

​លោកស្រី រស់ សុភាព បានស្នើ​ឲ្យ​រាជរដ្ឋាភិបាល ជួយ​អន្តរាគមន៍ ដើម្បី​បញ្ឈប់​ការផ្សព្វផ្សាយ​ជីវិត​ឯកជន​របស់​កញ្ញា ខុម ចាន់​តារា​ទី ជាបន្ទាន់ ដើម្បី​បង្ហាញថា​រាជរដ្ឋាភិបាល​កម្ពុជា គោរព និង​ការពារ​សិទ្ធិ​ស្ត្រី​។ លោកស្រី បន្ថែម​ចុងក្រោយ​ថា ក្រុម​សង្គម​ស៊ីវិល​ជាង​២០ ដែល​ធ្វើការ​លើកស្ទួយ​សិទ្ធិ​ស្ត្រី​នៅ​កម្ពុជា នឹង​ចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ជុំវិញ​ករណី​របស់​ក​ញ្ញា ខុម ចាន់​តារា​ទី​៕