កងការពារ​ជាតិ​ថ្មី​របស់​រុស្ស៊ី​សម្រាប់​ការពារ​អំណាច​លោក ពូ​ទីន ឬ ប្រឆាំង​ភេរវកម្ម​?

​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានសម្រេច​បង្កើត​អង្គភាព​ការពារជាតិ​ពិសេស សម្រាប់​ប្រឆាំង​ភេរវកម្ម និង​ទទួលខុសត្រូវ​បញ្ហា​សន្តិសុខ​ផ្ទៃក្នុង​ដូចជា​ប្រឆាំង​កុប្បកម្ម និង​ទទួលបន្ទុក​ឆ្លើយតប​បញ្ហា​សន្តិសុខ​ធ្ងន់ធ្ងរ​។ អង្គភាព​ពិសេស​នឹង​ក្លាយជា​កងកម្លាំង​ផ្ទាល់ខ្លួន​របស់លោក ពូ​ទីន ហើយ​គេ​វាយតម្លៃថា វា​នឹងមាន​តួនាទី​គ្រប់គ្រង​ស្ថានការណ៍ និង​ប្រឆាំង​បញ្ហា​អស្ថិរភាព ឬ​ចលនា​ប្រឆាំង​លោក ពូ​ទីន ក្នុងស្រុក​ផងដែរ​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​អង្គភាព​ការពារជាតិ​ពិសេស​នឹងត្រូវ​បង្កើតឡើង​ក្រោម​បទបញ្ជា​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ដែល​បាន​ដាក់ចេញ​កាលពីដើម​សប្តាហ៍​នេះ​។ កងកម្លាំង​ពិសេស​ដែលមាន​ឈ្មោះថា​«​កងការពារ​ជាតិ​» មាន​តួនាទី​ចម្បង​បំផុត ប្រយុទ្ធប្រឆាំង​ក្រុម​ភេរវជន ហើយ​ក្រៅពីនេះ ក្រុម​នេះ​ក៏ បំពេញភារកិច្ច ដើម្បី​ទប់ស្កាត់​ការគំរាមកំហែង​សន្តិសុខ​ក្នុង​កាលៈទេសៈ​ពិសេស​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua កងកម្លាំង​ថ្មី​នេះ​នឹង​ដណ្តើម​តួនាទី​មួយចំនួន​ពី​កងកម្លាំង​ក្រសួងមហាផ្ទៃ ហើយ​ពួកគេ​ដើរតួ​សំខាន់​ក្នុង​ការរក្សា​ស្ថិរភាព​និង​សន្តិសុខ​នៅ​រុស្ស៊ី​ក្រៅពី​កម្ចាត់​ចលនា​ភេរវកម្ម​។ យ៉ាងណាមិញ គេ​មើលឃើញថា វា​មិនមែនជា​រឿង​ចាំបាច់​ឡើយ​ដើម្បី​បង្កើត​អង្គភាព​ពិសេស​នេះ​ឡើង ប៉ុន្តែ​អាច​ថា វា​ជា​ការរៀប​ជើង​ព្រួល​ដើម្បី​រក្សា​ស្ថិរភាព​និង​ទប់ស្កាត់​រាល់​ចលនា​ប្រឆាំង​របប​ដឹកនាំ​ក្រុង​មូ​ស្គូ​ទៅវិញ​។​

​តាមពិតទៅ លោក ពូ​ទីន មិនមែនជា​មនុស្ស​ដំបូង​គេ​ដែល​ស្នើ​បង្កើត​អង្គភាព​ពិសេស​នេះឡើយ ។ ប្រធានាធិបតី Boris Yelsin ឡើងកាន់តំណែង​ដើមឆ្នាំ ១៩៩០ លោក​ក៏​ធ្លាប់​ស្នើ​បង្កើត​អង្គភាព​ពិសេស​បែបនេះ​ដែរ ដោយសារ​អស្ថិរភាព​នយោបាយ ហើយ​រដ្ឋាភិបាល​លោក​ប្រឈម​បញ្ហា​ច្រើន​ដែរ​ដោយសារ​កងកម្លាំង​មិនសូវ​ស្មោះស្ម័គ្រ​ជាមួយ​លោក​។ ក្រោយមក ចលនា​ប្រឆាំង​លោក​កើតមាន​មែន ក្នុងពេល​ប្រទេស​ធ្លាក់​ចូលក្នុង​វិបត្តិ​រដ្ឋធម្មនុញ្ញ​ពេលដែល​សភា​ប៉ង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ចេញពី​តំណែង​។

​នៅក្នុង​ឆ្នាំ ២០១២ រដ្ឋាភិបាល​រុស្ស៊ី​ក៏​ចាប់ផ្តើម​ជជែក​ពី​គម្រោង​បង្កើត​កម្លាំង​ពិសេស​នេះ​តែម្តង ស្របពេល​ដែលមាន​ចលនា​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​ការបោះឆ្នោត​សភា​និង​ប្រធានាធិបតី​ដ៏​ចម្រូងចម្រាស កើតឡើង ពោលគឺ​ពេលដែល​លោក ពូ​ទីន ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាណត្តិ​ទី​២​ទៀត​។

-​អង្គភាព​ពិសេស​ត្រៀម​ប្រឆាំង​អសន្តិសុខ​ពេល​បោះឆ្នោត​ខាងមុខ​?
​យោងតាម​បទបញ្ជា​របស់លោក ចេញពី​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​ដែល​ចុះហត្ថលេខា​ដោយ​លោក ពូ​ទីន ផ្ទាល់​នោះ  កងការពារ​ពិសេស​មាន​សមត្ថកិច្ច​ថែរក្សា​សណ្តាប់ធ្នាប់​សាធារណ ប្រឆាំង​ភេរវកម្ម​និង​ចលនា​ជ្រុលនិយម ការពារ​ស្ថាប័ន​រដ្ឋាភិបាល ជួយ​គាំទ្រ​សកម្មភាព​ការពារ​បូរណភាព​ដែនដី និង​គ្រប់គ្រង​ការជួញដូរ​អាវុធ​ផង​។​

​ដូច​លើកឡើង​ខាងលើ​ស្រាប់ អង្គភាព​ថ្មី​នឹង​ដណ្តើម​ការងារ​កងកម្លាំង​យោធា និង​កងសន្តិសុខ​សហព័ន្ធ​។ ដោយសារតែ​មិនមាន​ការកំណត់​ឲ្យ​ដាច់ដោយឡែក​ពី​តួនាទី និង​មុខងារ​រវាង​ក្រុម​នេះ​ជាមួយ​កងកម្លាំង​យោធា​និង​កងសន្តិសុខ​សហព័ន្ធ​នេះហើយ ទើប​គេ​វាយតម្លៃថា កងការពារ​ជាតិ​ថ្មី​ដែល​លោកពូ​ទីន បញ្ជា​ឲ្យ​បង្កើត​នោះ​មិនមាន​គោលដៅ​ចម្បង​ប្រឆាំង​ភេរវកម្ម​ទេ តែ​វា​នឹង​ក្លាយជា​កងកម្លាំង​ផ្ទាល់​របស់លោក​។​ហើយ​រឿង​ដែល​គួរ​ឲ្យ​កត់សម្គាល់​គឺប្រធាន​កងសន្តិសុខ​ផ្ទាល់​របស់លោក ពូ​ទីន លោក Viktor Zolotov ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជាម​នុស្ស​ស្មោះស្ម័គ្រ​និង​គោរព​លោក ពូ​ទីន ខ្លាំង​បំផុត​នោះ​ក្លាយជា​ប្រមុខ​អង្គភាព​ថ្មី​នេះដែរ​។​

​អាច​ថា​នេះ​ជា​វិធានការ​សំខាន់​មួយ​ដើម្បី​ទប់ស្កាត់​បញ្ហា​សន្តិសុខ​ដែល​អាច​នឹង​កើតឡើង​ក្រោយ​ការបោះឆ្នោត​សភា​នៅ​ឆ្នាំ​ចុងឆ្នាំ ២០១៦​នេះ ហើយ​និង​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ ២០១៨​នោះ​។ មិនមែន​សម្រាប់តែ​ទប់ស្កាត់​ការប្រឆាំង​របស់​ប្រជាជន​ទូទៅ​ទេ វា​ក៏​នឹង​ក្លាយជា​មធ្យោបាយ​បង្ក្រាប​ក្រុម​អភិជន​រុស្ស៊ី​ដែល​មិន​ពេញចិត្ត​លោក ពូ​ទីន ដែរ​។

​អ្នកវិភាគ​នយោបាយ​រុស្ស៊ី​លោក Dmitry Oreshkin បាន​ពន្យល់​ដែរ​ថា កងកម្លាំង​ថ្មី​មិនមែនជា​កងការពារ​ជាតិ​ទេ តែ​វា​ជា​កងការពារ​លោក ពូ​ទីន ទៅវិញ​ទេ ហើយ​លោក​យល់ស្រប​ថា​របប​ដឹកនាំ​ក្រេ​ម​ឡាំង​បារម្ភ​ពី​បញ្ហា​សន្តិសុខ​ដែល​អាច​កើតមានឡើង​ក្រោយ​ការបោះឆ្នោត​។

​បញ្ហា​ប្រឈម​បច្ចុប្បន្ន​ជាពិសេស​វិបត្តិ​សេដ្ឋកិច្ច​បង្កឡើង​ដោយ​ការធ្លាក់ចុះ​តម្លៃ​ប្រេង​ឆៅ និង​ទណ្ឌកម្ម​លោកខាងលិច​ដោយសារ​ឈ្លានពាន​អ៊ុយ​ក្រែ​ន បង្ក​ឲ្យ អភិជន​រុស្ស៊ី​បែកខ្ញែក​គ្នា ហើយ​លោក ពូ​ទីន ក៏​មិន​ទុកចិត្ត​ថា វា​ពិតជា​គ្មាន​អ្នកប្រឆាំង​លោក​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ដែរ​។​

​យ៉ាងណា​មិនទាន់​បានទទួល​ព័ត៌មាន​លម្អិត​ឡើយ​ជុំវិញ​ចំនួន​កងទ័ព​ដែល​ស្ថិតក្នុង​អង្គភាព​ថ្មី​នេះ ប៉ុន្តែ​បើ​យោងតាម​សារព័ត៌មាន Financial Times កងកម្លាំង​ស្ថិតក្រោម​ចំណុះ​ស្ថាប័ន​នេះ មាន​ចន្លោះ​ពី ៣៥​ម៉ឺន ទៅ ៤០​ម៉ឺន​នាក់​ឯណោះ​៕