រដ្ឋាភិបាល​ស្នើ​ដាក់​លោក ឡុង ឌីម៉ង់ ជា​អគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ​ជំនួស​លោក ស៊ុត ឌីណា

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ស្នើ​ព្រះមហាក្សត្រ ដើម្បី​តែងតាំង​អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ជា​ឯក​អគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ជំនួស​លោក ស៊ុត ឌីណា។

លិខិត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្វាយ​ព្រះ​មហាក្សត្រ ចុះ​ថ្ងៃ​ទី​៨ មេសា បញ្ជាក់​ថា ការ​ស្នើ​តែងតាំង​នេះ ដោយ​យោង​តាម​តម្រូវ​ការងារ​ចាំបាច់​របស់​រដ្ឋាភិបាល ហើយ​ក៏​ស្នើ​បញ្ចប់​តួនាទី​លោក ស៊ុត ឌីណា ពី​តួនាទី​ជា​ឯក​អគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ផង​ដែរ។

នៅ​យប់​ថ្ងៃ​ទី​៨ មេសា នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​យល់​ឃើញ​ពី​លោក ឡុង ឌីម៉ង់ ដែល​រដ្ឋាភិបាល​ស្នើ​ដាក់​លោក​ក្នុង​តួនាទី​នេះ​នៅ​ឡើយ។

លោក ស៊ុត ឌីណា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា ហើយ ត្រូវ​បាន​តុលាការ​សម្រេច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ ព្រៃ​ស កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា។ លោក​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​កេង​យក​ផលប្រយោជន៍​ដោយ​ខុស​ច្បាប់ ​តាម​មាត្រា​៥៩៧ និង ៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា និង​បទ​រំលោភ​អំណាច​មាន​ប្រសិទ្ធភាព​តាម​មាត្រា ៣៥ នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ ដែល​អាច​ឲ្យ​លោក​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ១៥​ឆ្នាំ បើ​តុលាការ​រក​ឃើញ​ថា លោក​មាន​កំហុស​ដូច​ការ​ចោទប្រកាន់​ក្នុង​បទល្មើស​ទាំង​២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។