លោក​ឡុង ឌី​ម៉​ង់ នឹង​ក្លាយ​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង

លោក​ឡុង ឌី​ម៉​ង់ នឹង​ក្លាយ​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង



ភ្នំពេញ ​៖ ​​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន បាន​ធ្វើ​លិខិត​មួយ​ថ្វាយ​ព្រះមហាក្សត្រ​ ស្នើ​សុំ​បញ្ចប់​តួនាទី​របស់​លោក​ស៊ុត ឌីណា និង​តែងតាំង​លោកឡុង ឌីម៉ង់ ​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​ជំនួស​វិញ។
​​​​
យោង​តាម​លិខិត​របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន សែន ចុះ​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៦ ដែល​ថ្វាយ​​​ព្រះមហាក្សត្រ​​នោះ ​បាន​បញ្ជាក់​ថា​ យោង​តាម​តម្រូវ​ការងារ​ចាំបាច់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៥ នៃ​រដ្ឋសភា ទួល​ព្រះ​បង្គំ​ជា​ខ្ញុំ​សូម​ក្រាប​បង្គំ​ទួល​ស្នើ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស​ព្រះរាជទាន​បញ្ចប់​ភារកិច្ច​ឯកឧត្ដម​ស៊ុត ឌី​ណា ពី​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ និង​ស្នើសុំ​តែងតាំង​លោក​ឡុង ឌី​ម៉​ង់ ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ ជំនួស​វិញ។

យោង​តាម​លិខិត​នោះ​បញ្ជាក់​ទៀត​ថា សេចក្ដី​ដូច​បាន​ក្រាប​បង្គំ​ទួល​ថ្វាយ​ខាងលើ សូម​ព្រះករុណា​ជា​អម្ចាស់​លើ​ត្បូង​ជាទី​សក្ការៈ ​ទ្រង់​ព្រះរាជ​តម្រិះ​លើ​សេចក្ដី​ស្នើ​សុំ​ខាង​លើ ដោយ​ព្រះទ័យ​អនុគ្រោះ​បំផុត។

សូម​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ជា​ទី​សក្ការៈ ទ្រង់​ព្រះ​មេត្តា​ទទួល​នូវ​ភក្ដីភាព និង​ការ​គោរព​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​ទួល​ព្រះ​បង្គំ​ជា​ខ្ញុំ៕