តម្លៃ​ប្រេង​ទាប​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេស​ឈូង​សមុទ្រ ខណៈ​ដែល​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ស្វះស្វែង​រក​កម្ចី​៨​ពាន់លាន​ដុល្លារ

តម្លៃ​ប្រេង​ទាប​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ប្រទេស​ឈូង​សមុទ្រ ខណៈ​ដែល​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ស្វះស្វែង​រក​កម្ចី​៨​ពាន់លាន​ដុល្លារ

លោក Ali Ibrahim Naimi រដ្ឋ​មន្រ្តី​ធនធាន​រ៉ែ និង​ប្រេង​របស់​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​សណ្ឋាគារ​មួយ​នៅ​ក្នុង​ក្រុង​វីយែន ប្រទេស​អូទ្រីស កាលពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០៥ មុន​កិច្ចប្រជុំ​រដ្ឋ​មន្រ្តី​ប្រេង​របស់ OPEC។ប្រទេស​អារ៉ាប៊ី​សាអូឌីត​កំពុង​ស្វះស្វែង​រក​ប្រាក់​កម្ចី​ពី​ធនាគារ​​​ចំនួន​ច្រើន​ពាន់​លាន​ដុល្លារ​ដើម្បី​ស្តារ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ខ្លួន​ឡើង​វិញ ​ខណៈ​ដែល​ការ​ធ្លាក់​តម្លៃ​ប្រេង​ក្នុង​ពិភពលោក​បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ​នេះ។​
ក្រុង​ឡុងដ៍—

ប្រទេស​អារ៉ាប៊ី​សាអូឌីត​ត្រូវ​បាន​គេ​រាយការណ៍​ថា ​កំពុង​ស្វះស្វែង​រក​ប្រាក់​កម្ចី​ពី​ធនាគារ​ចំនួន​ច្រើន​ពាន់​លាន​ដុល្លារ​ដើម្បី​ស្តារ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ខ្លួន​ឡើង​វិញ ​ខណៈ​ដែល​ការ​ធ្លាក់​តម្លៃ​ប្រេង​ក្នុង​ពិភពលោក​បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ​នេះ។​ ប៉ុន្តែ​ប្រទេស​អារ៉ាប៊ី​សាអូឌីតមិន​មែន​ជា​ប្រទេស​តែ​មួយ​គត់​នៅតំបន់ឈូង​សមុទ្រពែក​ដែល​រង​ផល​ប៉ះពាល់​នោះ​ទេ។​ ប្រទេស​ផលិត​ប្រេង​ដទៃ​ទៀត​មាន​ស្ថានភាព​យ៉ាប់យឺន​ជាង​ប្រទេស​នេះ​ទៅ​ទៀត។ ​

កប៉ាល់​ល្បឿន​លឿន​ដឹក​អ្នក​ទេសចរ​ឆ្លង​កាត់​ផ្ទៃ​ទឹក​នៃ​ឈូង​សមុទ្រ​ពែក​ទៅ​កាន់​អតីត​កន្លែង​នេសាទគុជ ​នៅ​ក្នុងឈូងឆ្នេរ​របស់​ប្រទេស​បារ៉ែន (Bahrain)។​ មុន​ពេល​ការ​រុករក​ប្រេងចាប់​ផ្តើមនៅ​ក្នុង​ទសវត្សរ៍​១៩៣០ ​សេដ្ឋកិច្ច​ពឹង​ផ្អែក​ស្ទើរ​តែ​ទាំង​ស្រុង​លើ​ការ​នាំ​គុជ​ចេញ។​ លោក​ស្រី Noura Al Sayeh​ ដែល​ជា​ប្រធាន​ផ្នែកស្ថាបត្យកម្ម​របស់គម្រោង​ Heritage Trail​ ថ្មី​និយាយ​ថា ​រដ្ឋាភិបាល​បារ៉ែន​មាន​បំណង​បង្អួត​នូវ​កេរតំណែលរបស់​ខ្លួន​ ប៉ុន្តែ​ក៏​មាន​ផែនការ​មួយ​ទៀត​ផង​ដែរ។​

«គម្រោង​ទាំង​មូល​នេះ​ក៏មាន​គំនិ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​បារ៉ែន​មាន​ស្ថិរភាព​ឡើង​វិញដែរ»។​

ប្រទេស​បារ៉ែន​ និង​ប្រទេស​ដទៃទៀត​នៅតំបន់​ឈូង​សមុទ្រ​ពែក​ត្រូវ​តែ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ភ្លាមៗ​មានចំណូល​ចម្រុះ។ ​តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​ពី​១២០​ដុល្លារ​ក្នុង​មួយ​ធុង​នៅ​ក្នុង​ឆ្នាំ២០១៤មកនៅ​ត្រឹម៤០​ដុល្លារ​នា​ពេល​បច្ចុប្បន្ន​នេះ។ ​ទីភ្នាក់ងារ​ឈ្មោះ​ Moody​ដែលវាយ​តម្លៃស្ថាន​ភាព​ទីផ្សារបាន​ទម្លាក់​ចំណាត់​ថ្នាក់​សេដ្ឋកិច្ច​របស់​ប្រទេស Bahrainដល់​កម្រិត​ទាប​ជាខ្លាំង។​ លោក Jason Tuvey ​ដែល​ជាអ្នកវិភាគធ្វើការ​ឲ្យ​ក្រុម​ស្រាវជ្រាវ​ឈ្មោះ​ Capital Economics​ ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ឡុងដ៍​ បាន​និយាយ​ថា ​មិន​មែន​មាន​តែ​ប្រទេស​បារ៉ែន​មួយ​នោះ​ដែល​មាន​បញ្ហា​នេះ។

«សារពើ​ពន្ធ​របស់​ប្រទេស​អូម៉ង់​ (Oman) ​និង​ប្រទេស​បារ៉ែន​នឹង​មានការ​ធ្លាក់​ចុះ​ដ៏​ធំ​នៅ​ប៉ុន្មាន​ឆ្នាំ​ទៀត។​ សេដ្ឋកិច្ច​នឹង​មាន​កណើនខ្សោយ​ខ្លាំង​ណាស់។ បន្ថែម​ពីនេះ ​ ​ប្រទេស​ទាំង​ពីរ​ក៏មាន​បញ្ហា​នយោបាយ​ផងដែរ»។ ​

ប្រេង​បាន​ផ្តល់​ចំណូល​ប្រមាណ​ជា​៨០%​នៃ​ចំណូល​សរុប​របស់​ប្រទេស​អារ៉ាប៊ី​សាអូឌីត។​ ប៉ុន្តែ​ប្រាក់​ចំណូល​នេះ​បាន​ធ្លាក់​ចុះ​ពាក់​កណ្តាល​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​រដ្ឋាភិបាល​កំពុង​ប្រឈម​នឹង​ឱនភាព​សេដ្ឋកិច្ចប្រមាណ​ជា​១៥% ​ហើយ​ត្រូវ​បាន​គេ​រាយ​ការណ៍​ មកថា ​កំពុង​ស្វែង​រកប្រាក់កម្ចី​ចំនួន​៨ពាន់​លាន​ដុល្លារ​ពី​ធនាគារ។ ប៉ុន្តែ​លោក Tuvey​ និយាយ​ថា វា​មិន​មែន​ជា​មហន្តរាយ​ដែល​នឹង​កើត​ឡើង​ភ្លាមៗ​នោះ​ទេ។

«អាជ្ញាធរ​អារ៉ាប៊ី​សាអូឌីត​បាន​ប្រុង​ប្រៀប​ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ ​នៅ​ពេល​ដែល​តម្លៃ​ប្រេង​នៅ​ខ្ពស់។ ​ពួកគេ​បាន​សង​បំណុល​នានា ​ដែល​នៅតែ​តិចតួច​ប៉ុណ្ណោះ។ ​ឥឡូវ​នេះ​ ពួកគេ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​មាន​កម្លាំង​គ្រាន់​បើ​ក្នុង​ការ​ទប់ទល់​នឹង​តម្លៃ​ប្រេង​ទាប ​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ផលិត​ប្រេង​ដទៃ​ទៀត​ដូចជា រុស៊្សី និង​នីហ្សេរីយ៉ា»។ ​

ក្នុង​នាម​ជា​សមាជិក​នៃ​ក្រុម​ប្រទេស​ផលិត​ប្រេង​ OPEC ​ ប្រទេស​អារ៉ាប៊ី សាអូឌីត​មាន​អំណាច​ក្នុង​ការ​កាត់​បន្ថយ​ការ​ផលិតប្រេង​ និង​បង្កើន​តម្លៃ​ប្រេង។ ​ប៉ុន្តែ​វា​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ។​

«បើ​ប្រទេស​អារ៉ាប៊ី សាអូឌីត​ធ្វើ​ដូច្នោះ​ ​នោះ​ក្រុមហ៊ុន​ផលិត​ប្រេង​ពី​អាងស្តុក​ប្រេង​ក្នុងស្រទាប់ថ្ម shale ​នៅ​អាមេរិក​នឹង​បង្កើន​ការ​ផលិត​ឡើយវិញ​ ហើយ​វា​នឹង​ប៉ះពាល់​ដល់ផែនការ​ទីផ្សារ​រយៈពេល​វែង​របស់​អារ៉ាប៊ី​សាអូឌីត»។​

​សហរដ្ឋ​អាមេរិក​មាន​ការ​ពឹង​ផ្អែក​តិចតួច​លើ​ប្រេង​ក្នុង​ឈូង​សមុទ្រ ​ហើយទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ និងរដ្ឋាភិបាល​អ៊ីរ៉ង់ ​ដែលជា​គូ​ប្រជែង​របស់​ប្រទេស​អារ៉ាប៊ី​សាអូឌីត​នោះ​ មាន​លក្ខណៈប្រសើរឡើង។ ​កត្តាទាំងពីរ​នេះបាននាំឲ្យ​មាន​សំណួរ​ជាច្រើន​ទាក់ទង​នឹង​អនាគត​សេដ្ឋកិច្ច ​និង​នយោបាយ​ភូមិសាស្រ្ត​របស់​រដ្ឋាភិបាល​ក្រុង​រីយ៉ាដ (Riyadh)។

«អាមេរិក​ជា​សម្ព័ន្ធ​មិត្ត​របស់​យើង។​ ប្រទេស​នេះ​ជា​សម្ព័ន្ធមិត្ត​ជា​ប្រវត្តិ​សាស្រ្ត​អស់​រយៈពេលជាង​៧​ទសវត្សរ៍​មក​ហើយ។ ​អាមេរិក​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​យើង​ និង​ជា​អ្នក​វិនិយោគ​ធំ​បំផុត​នៅ​ក្នុង​អារ៉ាប៊ី​សាអូឌីត»។

រដ្ឋាភិបាល​ក្រុង​រីយ៉ាដ (Riyadh)​កំពុង​ព្យាយាម​ធ្វើ​កំណែ​ទម្រង់​សេដ្ឋ​កិច្ច​របស់​ខ្លួន​ ដោយកាត់​បន្ថយ​ប្រាក់​ឈ្នួល​ និង​ជំរុញ​ឲ្យ​មាន​កំណើន​ការងារ​នៅ​ក្នុង​វិស័យ​ឯកជន។ ប៉ុន្តែ​អ្នក​វិភាគ​និយាយ​ថា​ នៅ​ក្នុង​ប្រទេស​ដែល​ធ្លាប់​តែ​សម្បូរ​រុងរឿង​ដោយសារ​ប្រេង ការ​ផ្លាស់ប្តូរ​បែប​នេះ​នឹង​ត្រូវ​ចំណាយ​ពេល​ច្រើន​ឆ្នាំ៕​

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ