​វេណេហ្ស៊ុយអេឡា​​​ បន្ថែម​ថ្ងៃ​​​​​​សុក្រ​​ជា​ថ្ងៃ​សម្រាក​​​ព្រោះ​ប្រទេស​​ជួប​វិបត្តិ​ថាមពល

ថ្មី​ៗ​នេះ ​ប្រធានាធិបតី​​ប្រទេស​វេណេហ្ស៊ុយអេឡា​​លោក​ Nicolás Maduro ​​បាន​បង្ហាញ​ពី​យុទ្ធសាស្ត្រ​ថ្មី​រយៈ​ពេល​​ពីរ​ខែ​​សម្រាប់​​ជួយ​សន្សំ​​​សំចៃ​ថាមពល​​​​ប្រើ​ប្រាស់​ក្នុង​ប្រទេស​​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​Wall Street Journal ។

 

​វេណេហ្ស៊ុយអេឡា​​​ បន្ថែម​ថ្ងៃ​​​​​​សុក្រ​​ជា​ថ្ងៃ​សម្រាក​​​ព្រោះ​ប្រទេស​​ជួប​វិបត្តិ​ថាមពល
 

ផែន​ការ​យុទ្ធសាស្ត្រ​ថ្មី​គឺ​តម្រូវ​ឲ្យ​​អ្នក​ធ្វើ​ការ​​​ទាំង​អស់​នៅ​វេណេហ្ស៊ុយអេឡា​​នឹង​បាន​ឈប់​សម្រាក​នៅ​​រៀង​រាល់​​ថ្ងៃ​​​សុក្រ​បន្ថែម​​ពី​លើ​ថ្ងៃ​ឈប់​ចុង​សប្ដាហ៍​សៅរ៍​-អាទិត្យ​​ថែម​ទៀត​។ ​​​ប្រជាជន​វេណេហ្ស៊ុយអេឡា​​​ជា​អ្នក​ធ្វើ​ការ​​​​​​ទាំង​អស់​អាច​ឈប់​ជា​ផ្លូវ​ការ​ចាប់​ពី​ថ្ងៃ​សុក្រ​ខែ​មេសា​ថ្ងៃ​នេះ​រហូត​​ដល់​ថ្ងៃ​​សុក្រ​នា​ខែ​មិថុនា​ខាង​មុខ។ នេះ​បើ​តាម​​សារព័ត៌មាន AFP។

 

“វាជា​​ថ្ងៃ​​​ឈប់​សម្រាក​​ចុង​សប្ដាហ៍​​រយៈ​ពេល​​វែង​មួយ​។ ផែន​ការ​នេះ​គឺ​សម្រាប់​រយៈ​ពេល​៦០​ថ្ងៃ។ ពីរ​ខែ នឹងអាច​​​​ឲ្យ​ប្រទេស​យើង​​ឆ្លង​កាត់​ភាព​លំបាក​នេះ។ ខ្ញុំ​អំពាវ​នាវ​​ឲ្យ​​ក្រុម​គ្រួសារ បង​ប្អូន​ទាំង​អស់​គ្នា​​ ចូល​រួម​​​ក្នុង​ផែន​ការ​នេះ​ចាត់​ជា​វិធានការ​មួយ​ដើម្បី​ជម្នះ​នឹង​ស្ថានការណ៍​​លំបាក​ក្នុង​ប្រទេស​។ ” នេះ​បើ​តាម​​សម្ដី​របស់​​លោក​ប្រធានាធិបតី Nicolás Maduro បាន​ថ្លែង​បង្ហាញ​​​​​​​​​​​​​​​​​តាម​កញ្ចក់​ទូរទស្សន៍​រដ្ឋ​។

 

តាម​សារព័ត៌មាន Independent របស់​អង់គ្លេស គេ​ពុំ​ទាន់​អាច​ដឹង​ថា​​វិធានការ​ថ្មី​​ខាង​លើ​នឹង​អាច​​ជះ​ឥទ្ធិពល​យ៉ាង​ណា​​​លើ​សាលា កន្លែង​ធ្វើ​ការ​ រដ្ឋ​និង​ឯកជន និង​តាម​ទី​ផ្សារ​នានា​នោះ​ទេ។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា ថាមពល​អគ្គិសនី​កំពុង​ក្លាយ​​​​ជា​​បញ្ហា​សំខាន់​បំផុត​មួយ​​ក្នុង​ប្រទេស​​វេណេហ្ស៊ុយអេឡា​​​​នា​ពេល​នេះ ដោយ​​​ប្រទេស​នៅ​តំបន់​អាមេរិក​ខាង​ត្បូង​មួយ​នេះ​​ពឹង​ផ្អែក​លើ​ថាមពល​​វារីអគ្គិសនី​​នៅ​​ភាគ​​ខាង​កើត​នៃ​រដ្ឋ Bolivar ។ ​​គ្រោះ​រាំង​ស្ងួត​គឺ​ជា​មូលហេតុ​​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​​ជួប​បញ្ហា៕

 

​វេណេហ្ស៊ុយអេឡា​​​ បន្ថែម​ថ្ងៃ​​​​​​សុក្រ​​ជា​ថ្ងៃ​សម្រាក​​​ព្រោះ​ប្រទេស​​ជួប​វិបត្តិ​ថាមពល
 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ wsj, independent​​​​