លោកស្រី អ៊ុង សានស៊ូជី ប្រកាសដោះលែងអ្នកទោសនយោបាយទាំងអស់

លោកស្រី អ៊ុង សានស៊ូជី ដែលទើបទទួលបាន​តំណែងជារដ្ឋមន្ត្រីការបរទេសនិងតំណែងផ្សេងៗទៀត ប្រកាស​ដោះលែងអ្នកទោសនយោបាយទាំងអស់ដែលដែលរដ្ឋាភិបាលយោធាបានចាប់ឃុំខ្លួននៅពេលកន្លងទៅ។​

លោកស្រី អ៊ុង សានស៊ូជី ថ្លែងអំពីការដោះលែងអ្នកជាប់ឃុំនេះ​ជាសារនយោបាយលើកដំបូងតាំងពីលោកស្រីទ​ទួលតំណែងជារដ្ឋមន្ត្រីការបរទេស ហើយគ្រប់គ្រងក្រសួងផ្សេងៗទៀតនិងជាទីប្រឹក្សារដ្ឋផង។​ លោកស្រីថ្លែងថា រដ្ឋាភិបាលោកស្រីនឹងដោះលែងអ្នកជាប់ឃុំទាំងនោះមុនពេលចូលឆ្នាំរបស់ប្រទេសនេះនៅសប្តាហ៍ក្រោយ។ នេះ​បើតាមសារព័ត៌មាន The Telegraph។​

លោកស្រី អ៊ុង សានស៊ូជី អាយុ៧០ឆ្នាំមេដឹកនាំគណបក្សសម្ព័ន្ធជាតិ​ដើម្បីលទ្ធិប្រជាធិបតេយ្យក៏ធ្លាប់ត្រូវរដ្ឋអំ​ណាចយោធាចាប់ឃុំខ្លួនក្នុងផ្ទះជិត២០ឆ្នាំដែរ។ គណបក្សរបស់លោកស្រីឈ្នះការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំ២០១៥ ហើយរដ្ឋអំណាចយោធាបានផ្ទេរអំណាចកាលពីថ្ងៃទី៣០ខែមីនាឆ្នាំ២០១៦៕

លោកស្រី អ៊ុង សានស៊ូជី ប្រកាសដោះលែងអ្នកទោសនយោបាយទាំងអស់(រូបភាពពី The-Telegraph)

ប្រភពៈ VOD