ច្រៀង​យក​ពស់​វែក​មក​បង្ហាញ​ឫទ្ធិ ដល់​ពេល​ពស់​ចិក… ស្អែក​ស្លាប់

ស្ត្រីអ្នកចម្រៀង ជាតិឥណ្ឌូនេស៊ីមួយរូប បានស្លាប់បន្ទាប់ពីត្រូវបានចិក ដោយពស់វែកមួយក្បាល ដែលនាង​ខ្លួនឯង បាន​យក​​មក​សម្ដែង​ជាមួយ។
ច្រៀង​យក​ពស់​វែក​មក​បង្ហាញ​ឫទ្ធិ ដល់​ពេល​ពស់​ចិក... ស្អែក​ស្លាប់

នាង អ៊ីម៉ា ប៉ូឡេ បានឡើងសម្ដែងជាមួយពស់វែក នៅមុនពេលនាងត្រូវបានពស់ចិក។ (រូបថតផ្តិតពីវីដេអូ)

អ៊ីម៉ា ប៊ូឡេ (Irma Bule) ស្ត្រីអ្នកចម្រៀងអាយុ២៩ឆ្នាំ ជាតិឥណ្ឌូនេស៊ីមួយរូប បានចូលរួមការប្រគុំតន្ត្រីមួយ ដែល​រៀបចំ​ឡើង នៅក្រុង «Karawang» ស្ថិតនៅខាងកើតរដ្ឋធានី ចាការតា កាលពីថ្ងៃអាទិត្យកន្លងទៅ។ នៅពេល​នាង​បានច្រៀនចម្រៀងទីពីរ ពស់វែកមួយក្បាល ដែលនាងយកទៅសម្ដែងជាមួយ បានងាក​មកចិក​កំភួន​ជើង​របស់​នាង។ ប៉ុន្តែស្ត្រីអ្នកចម្រៀងអាជីពរូបនេះ បាននៅបន្តសម្ដែង និងនៅលើឆាក រហូត៤៥នាទីទៀត ទើប​បាន​ចូលទៅក្រោយឆាក។

នៅទីនោះ នាង ប៊ូឡេ បាននៅនិយាយលេងជាមួយ នឹងមនុស្សម្នាជុំវិញបានជាច្រើនម៉ាត់ទៀត មុន​នឹង​នាង​ដួលចុះ។ នាងត្រូវបានដឹក ទៅសង្គ្រោះជាបន្ទាន់ នៅឯមន្ទីរពេទ្យ។ ប៉ុន្តែការសង្គ្រោះជនរងគ្រោះ ដែល​បណ្ដាល​មក​ពី​ពស់ចិក ដែលទុករហូតដល់ជាតិពិស ជ្រាបចូលទៅ​ដល់ប្រព័ន្ធប្រសាទហើយនោះ ពិតជា​មិន​អាច​ទៅ​រួចឡើយ។ នាងបានលាចាកលោក នៅព្រឹកថ្ងៃចន្ទស្អែកឡើង។

ពស់វែកដែលចិក នាង អ៊ីម៉ា ប៊ូឡេ ជាប្រភេទពស់ដែលមានពិសដ៏សាហាវបំផុត។ វានឹងចូលទៅបំផ្លាញ​ប្រព័ន្ធ​សរសៃប្រសាទ របស់សារពាង្គកាយ យ៉ាងឆាប់រហ័សជាទីបំផុត ហើយដែលធ្វើឲ្យជនរងគ្រោះ ស្រវាំងភ្នែក មាន​អាការៈចង់ក្អួត និងបន្ទាប់មកដើរលែងរួច។ ជនរងគ្រោះ ពីការចិករបស់ពស់វែកប្រភេទនេះ អាច​នឹង​ស្ទះ​ដង្ហើម​នៅទីបំផុត ហើយធ្វើឲ្យជនរងគ្រោះស្លាប់តែម្ដង។

អ្នកជំនាញមួយរូប មកពីមជ្ឈមណ្ឌលស្រាវជ្រាវ​ខាងសត្វពស់ «Tulala Snake» ដែលត្រូវបាន​សាកសួរ​ដោយ​សារព័ត៌មានក្នុងស្រុក បានថ្លែងឲ្យដឹងថា ពស់វែកប្រភេទនេះ អាចសម្លាប់បានដំរីមួយក្បាល ដែលពេញ​រូប​ពេញ​រាង បានយ៉ាងងាយ។ ចុះទម្រាំមនុស្ស?

» វីដេអូ នៃការសម្ដែងចុងក្រោយ របស់នាង ប៊ូឡេ៖