គន្លឹះ​ថែទាំ​ខ្លួន​សម្រាប់​អ្នក​កើ​ត​កន្ទាលត្រអាក

●​អាការ​មាន​អ្វីខ្លះ​? : ស្បែក​មាន​លក្ខណ​ជា​ផ្ទាំង​កន្ទួល​ក្រហម ពុំមាន​បែក​ព្រុយ​ស្បែក កើតឡើង​យ៉ាង​ឆាប់រហ័ស និង​រាលដាល​តាម​ខ្លួន ដៃ ជើង មាន​អាការ​រមាស់ ។ ប៉ុន្តែ ផ្ទាំង​កន្ទួល​រមាស់ មិន​នៅ​យូរ​ប៉ុន្មាន​ទេ ភាគច្រើន​តែងតែ​កើតឡើង​មិន​លើសពី ២៤​ម៉ោង នឹង​បាត់​ទៅវិញ ដោយ​ពុំ​បន្សល់​ស្លាកស្នាម​អ្វី ប៉ុន្តែ​អាច​កើតមាន​ផ្ទាំ​កន្ទួល​រមាស់​ថ្មី នៅ​កន្លែង​ផ្សេង ឬ​អ្នកខ្លះ​អាច​ហើម​បរ​បូ​មាត់ ហើម​ភ្នែក​ជាដើម ។​

​●​កន្ទាលត្រអាក​មាន​ប៉ុន្មាន​ប្រភេទ​? : មាន​២​ប្រភេទ​ធំៗ​គឺ កន្ទាលត្រអាក​ប្រភេទ​កើត​ភ្លាមៗ មិន​លើស​ពី ​៦ ​សប្ដាហ៍ ភាគច្រើន​តែង​កើត​ពី​ការឆ្លង​មេរោគ​ដូចជា គ្រុនផ្ដាសាយ អ្នកខ្លះ​កើត​ពី​ថ្នាំ អាហារ សត្វល្អិត​ទិច​ឬ​ខាំ ។ បើ​កែប​ញ្ហា​ពី​ដើមហេតុ​បាន អាការ​កន្ទាលត្រអាក នឹង​បាន​ធូ​ស្រាល​មិន​ខាន ។ ប៉ុន្តែ អ្នកខ្លះ​រក​មូលហេតុ​ច្បាស់លាស់​មិនឃើញ ។

ករណី​កើត​កន្ទាលត្រអាក​ភ្លាមៗ​បែប​ធ្ងន់ធ្ងរ អាចមាន​អាការ​បង្ហាញ​នៅ​បរិវេណ​ដ៏​ទៃ ដូចជា ឈឺពោះ តឹង​ច្រមុះ ពិបាក​ដកដង្ហើម ណែន​ទ្រូង ហឺត ឬ​អាច​ខ្យល់គរ ដោយសារ​សម្ពាធ​ឈាម​ខ្សោយ ប៉ុន្តែ ជា​ករណី​កម្រ​មាន ។ ជំងឺ​កន្ទាលត្រអាក​ប្រភេទ​កើត​ភ្លាមៗ តែងតែ​បាត់​ទៅវិញ ក្នុង​រយះពេល ២-៣ សប្ដាហ៍ ។​ ចំណែក​មួយ​ប្រភេទ​ទៀត គឺ​កន្ទាលត្រអាក​ប្រភេទ​រ៉ាំរ៉ៃ មាន​អាការ​រមាស់ កើត​ផ្ទាំង​កន្ទួល​ក្រហម ម្ដង​កើត​ម្ដង​បាត់ យ៉ាងហោចណាស់ ២​ថ្ងៃ ក្នុង​មួយ​សប្ដាហ៍ រ៉ាំរ៉ៃ​លើសពី ៦​សប្ដាហ៍ ដោយមាន​ទាំង​ប្រភេទ ដែល​ដឹង​មូលហេតុ​ជំរុញ ដូចជា ការឆ្លង​មេរោគ ថ្នាំ​ប្រព័ន្ធ​អរ​ម៉ូ​ន និង​ប្រភេទ​ដែល​មិនដឹង​មូលហេតុ​ច្បាស់លាស់​តែងតែមាន​ការប្រែប្រួល​ខាងក្នុង​រាងកាយ​ផ្ទាល់​។​

​●​បុគ្គល​គួរ​ប្រយ័ត្ន :
​ ​នៅ​បរទេស​មាន​ទិន្នន័យ​ថា​អ្នក​កើត​កន្ទាលត្រអាក ប្រភេទ​រ៉ាំរ៉ៃ មាន​ប្រមាណ ០,៥-១% នៃ​ចំនួន​ប្រជាជន ។ ប៉ុន្តែ​នៅ​អាស៊ី​មាន​អ្នកជំងឺ​នេះ ប្រមាណ ២-៣% នៃ​អ្នក​ដែល​មក​ព្យាបាល​ជំងឺ​សើ​ស្បែក ។ កន្ទាលត្រអាក​ប្រភេទ​រ៉ាំរ៉ៃ អាច​រកឃើញ​នៅលើ​មនុស្ស​គ្រប់​វ័យ ។ ប៉ុន្តែ តួរ​លេខ​ខ្ពស់បំផុត​គឺ ក្នុង​វ័យ​ធ្វើការ​អាយុ​ចន្លោះ​ពី ២០-៤០​ឆ្នាំ​។ គេ​សន្និដ្ឋានថា ក្រុមមនុស្ស​ក្នុង​វ័យ​ធ្វើការ​តែងមាន​ភាព​តានតឹង នៅក្នុង​ខ្លួន​និង​តែង​ព្រងើយកន្តើយ មិនសូវ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​របស់ខ្លួន ទើប​ងាយ​កើតមាន​ជំងឺ​នេះ​ច្រើន ។​

​កន្ទាលត្រអាក​រ៉ាំរ៉ៃ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង ចំពោះ​គុណភាព​ជីវិត ទាំង​ផ្នែក​បុគ្គលិកលក្ខណៈ ការធ្វើ​កិច្ចការងារ ការសិក្សា​រៀនសូត្រ ទំនាក់ទំនង​ផ្លូវភេទ ការ​គេង​សម្រាក និង​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ទៀតផង ។ ដោយសារតែ​កើតឡើង​ញឹកញាប់​ជួន​កើត​ជួន​អត់ ពិសេស​ចំពោះ​អ្នក​ដែល​មិនដឹង​មូលហេតុ​ច្បាស់លាស់​។​

​ ​●​ការថែទាំ​ខ្លួន : វិធី​ងាយស្រួល​គឺ ចៀសវាង​អ្វីដែល​ជំរុញ​ឲ្យ​កើត​កន្ទាលត្រអាក ។ អនុវត្តតាម​ការណែនាំ​របស់​គ្រូពេទ្យ​ឲ្យ​បានជា​ប់លាប់ ដូច​ប្រការ​ខាងក្រោម​នេះ :
​ ​-​យក​ថ្នាំ​ព្យាបាល​កន្ទាលត្រអាក ដាក់​តាម​ខ្លួន​ជានិច្ច ដើម្បី​ប្រើ​បាន​ភ្លាមៗ​ទាន់​ចិត្ត ។​
​ ​-​ធ្វើ​ចិត្ត​ឲ្យ​ធូ​ស្រាល ចៀសវាង​តប់ប្រមល់​តានតឹង ។​
​ ​-​កុំ​អេះ​ស្បែក ព្រោះ​អាចធ្វើ​ឲ្យ​កើត​មានការ​រលាក​ស្បែក ដោយសារ​ការ​អេះ​នេះ​។​
​ ​-​ពិសា​ថ្នាំ​តាម​វេជ្ជៈបញ្ជា បើ​ថ្នាំ​ធ្វើ​ឲ្យ​កើតមាន​ការ​ងងុយ រំខាន​ធ្វើការ​ឬ​បើកបរ គួរ​ជម្រាប​គ្រូពេទ្យ ដើម្បី​ប្ដូរ​ថ្នាំ​ព្យាបាល​។​
​ ​-​អាច​ប្រើ​ឡេ​លាប​ស្បែក​សម្រាប់​កន្ទាលត្រអាក (Calamine Lotion) លាប​នៅ​បរិវេណ​ដែលមាន​ផ្ទាំង​ក្រហម ដើម្បី​ជួយ​កាត់បន្ថយ​អាការ​រមាស់ ។ ប៉ុន្តែ ឡេ​នេះ មិនបាន​ធ្វើ​ឲ្យ​បាត់​ក្រហម​នោះទេ គ្រាន់តែ​ធ្វើ​ឲ្យ​បាត់​រមាស់​ប៉ុណ្ណោះ ៕

ប្រភព៖ pmhotnews

  • គន្លឹះ​ថែទាំ​ខ្លួន​សម្រាប់​អ្នក​កើ​ត​កន្ទាលត្រអាក已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/04/09  Category:សុខភាព
Tags: