ទាហាន​​​នៅ​​​ព្រំដែន​​​​​​ត្រៀម​​​​​​បន្ទាប់​​​ពី​​​មាន​​​ការ​​​គំរាម​​​ពី​​​ប្រទេស​​​ឡាវ​​​

អ្នក​​​នាំ​​​ពាក្យ​​​សាលា​​​ខេត្ត​​​បាន​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា ទាហាន​​​កម្ពុជា​​​ក្នុង​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​បាន​​​ដាក់​​​ឲ្យ​​​ត្រៀម​​​ បន្ទាប់​​​ពី​​​មាន​​​ការ​​​គំរាម​​​​​​ប្រើ​​​ហិង្សា​​​ពី​​​សំណាក់​​​អាជ្ញាធរ​​​ឡាវ​​​ ដោយ​​​សារ​​​​​​ជម្លោះ​​​មួយ​​​ទាក់​​​ទិន​​​នឹង​​​ការ​​​ប៉ុន​​​ប៉ង​​​របស់​​​ឡាវ​​​ដើម្បី​​​សង់​​​មូល​​​ដ្ឋាន​​​យោធា​​​មួយ​​​កន្លែង​​​នៅ​​​ជិត​​​​​​ព្រំដែន​​​ដែល​​​មិន​​​ទាន់​​​បោះ​​​បង្គោល​​​។

កាល​​​ពី​​​ថ្ងៃ​​​ទី​​១​​​ ខែ​​​មេសា​​​ យោធា​​​ឡាវ​​​បាន​​​ចាប់​​​ផ្តើម​​​ជីក​​​​​​លេណដ្ឋាន​​​មួយ​​​សម្រាប់​​​មូល​​​ដ្ឋាន​​​ថ្មី​​​នៅ​​​ចម្ងាយ​​​ប្រហែល​​​៣០​​​ម៉ែត្រ​​​ពី​​​តំបន់​​​ព្រំដែន​​​​​​ដែល​​​មិន​​​ទាន់​​​បោះ​​​បង្គោល​​​បែង​​​ចែក​​​ស្រុក​​​​​​ថាឡាបរិវ៉ាត់​​​​​​របស់​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​ពីខេត្ត​​​ចំប៉ាសាក់​​​របស់​​​ប្រទេស​​​ឡាវ​​​ បណ្តាល​​​ឲ្យ​​​មាន​​​ការ​​​តវ៉ា​​​ពី​​​ក្រុម​​​មន្ត្រី​​​ក្នុង​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​ ដែល​​​និយាយ​​​ថា ប្រទេស​​​ទាំង​​​ពីរ​​​បាន​​​ព្រម​​​ព្រៀង​​​មិន​​​សាង​​​សង់​​​អគារ​​​ថ្មី​​​ក្នុង​​​តំបន់​​​នោះ ​​​រហូត​​​ដល់​​​ព្រំដែន​​​បោះ​​​បង្គោល​​​បាន​​​ត្រឹម​​​ត្រូវ​​​សិន។

លោក​​​ ម៉ែន គង់ អ្នកនាំ​​​ពាក្យ​​​ខេត្ត​​​នេះ​​​បាន​​​និយាយ​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា នៅ​​​ពេល​​​ក្រុម​​​​​​មន្ត្រី​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​បាន​​​ទៅ​​​ជួប​​​សមភាគី​​​ឡាវ​​​របស់​​​ខ្លួន​​​នៅ​​​សប្តាហ៍​​​នេះ​​​ដើម្បី​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ មន្ត្រ​​​ី​​​ឡាវ​​​ក៏​​​បាន​​​បដិសេធ​​​មិន​​​ចរចា​​​ ហើយ​​​បាន​​​គំរាម​​​ប្រើ​​​ហិង្សា​​​ប្រសិន​​​បើ​​​រារាំង​​​ពួក​​​គេ​​​​​​​​​មិន​​​ឲ្យ​​​បន្ត​​​ការ​​​សាង​​​សង់​​​។

លោក​​​បាន​​​និយាយ​​​ថា “សម​​​ភាគី​​​ឡាវ​​​របស់​​​យើង​​​បាន​​​បដិសេធ​​​មិន​​​ជួប​​​ជា​​​មួយ​​​យើង​​​ទេ​​​​​​។ ពួក​​​គេ​​​គ្រាន់​​​តែ​​​បាន​​​និយាយ​​​ថា ការ​​​សាង​​​សង់​​​របស់​​​ពួក​​​គេ​​​ផ្អែក​​​តាម​​​សេចក្តី​​​សម្រេច​​​ពី​​​រដ្ឋាភិបាល​​​ឡាវ​​​នៅ​​​ក្រុង​​​វៀង​​​​​ច័ន្ទ​​​​​​”។

លោក​​​បាន​​​និយាយ​​​បន្ថែម​​​ថា “ពួក​​​គេ​​​បាន​​​និយាយ​​​ថា ពួក​​​គេ​​​ស្តាប់​​​តែ​​​បញ្ជា​​​​​​ពី​​​រដ្ឋាភិបាល​​​របស់​​​ពួក​​​គេ​​​ប៉ុណ្ណោះ​​​​​​ ហើយ​​​ថា ប្រសិន​​​បើ​​​យើង​​​ទៅ​​​បញ្ឈប់​​​សកម្មភាព​​​របស់​​​ពួក​​​គេ​​​ វា​​​នឹង​​​ឈាន​​​ដល់​​​ការ​​​ផ្ទុះ​​​អាវុធ​​​”។

លោក​​​ គង់ បាន​​​និយាយ​​​ថា កម្លាំង​​​យោធា​​​កម្ពុជា​​​បាន​​​ត្រៀម​​​ជា​​​ការ​​​​​​ប្រយ័ត្ន​​​ជា​​​មុន​​​។ លោក​​​បាន​​​​​​និយាយ​​​ថា “យើង​​​បាន​​​ត្រៀម​​​កម្លាំង​​​រួច​​​ហើយ​​​នៅ​​​ទី​​​នេះ​​​ ប៉ុន្តែ ខ្ញុំ​​​មិន​​​អាច​​​ប្រាប់​​​ល្អិត​​​ល្អន់​​​បាន​​​ទេ​​​។​​​ យើង​​​បាន​​​ត្រៀម​​​ហើយ​​។ យើង​​​មាន​​​កម្លាំង​​​គាំទ្រ​​​ និង​​​កម្លាំង​​​ជួរ​​​មុខ​​​”។

លោក គង់ បាន​​​និយាយ​​​ថា ការ​​​ជួប​​​ជាមួយ​​​អាជ្ញាធរ​​​ឡាវ​​​នៅ​​​សប្តាហ៍​​​នេះ​​​បាន​​​ធ្វើ​​​ឡើង​​​បន្ទាប់​​​ពី​​​លិខិត​​​មួយ​​​ច្បាប់​​​បញ្ជូន​​​ដោយ​​​មន្ត្រី​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​អំពាវ​​​នាវ​​​ឲ្យ​​​ឡាវ​​​បញ្ឈប់​​​ការ​​​សាង​​​សង់​​​ និង​​​រង់​​​ចាំ​​​គណៈកម្មាធិការ​​​ព្រំដែន​​​ចម្រុះ​​​របស់​​​ប្រទេស​​​ទាំងពីរ​​​បោះ​​​បង្គោល​​​តំបន់​​​នោះ​​​ តែ​​​ឡាវ​​​មិន​​​បាន​​​ឆ្លើយ​​​តប​​​។

លោក​​​បាន​​​និយាយ​​​បន្ថែម​​​ថា លោក​​​អភិបាល​​​ខេត្ត​​​ មុំ សារឿន ​​​បាន​​​បញ្ជូន​​​របាយការណ៍​​​មួយ​​​ទៅ​​​លោក​​​ ស ខេង រដ្ឋមន្ត្រីក្រសួង​​​មហាផ្ទៃ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ដើម្បី​​​ជូន​​​ព័ត៌មាន​​​លោក​​​អំពី​​​ស្ថាន​​​ការ​​​ណ៍​​​ និង​​​ស្នើ​​​សុំ​​​យោបល់​​​។

លោក ខៀវ សុភ័គ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​បាន​​​​​​ទេ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​។

លោក​​​ ឈុំ​​​ សុជាតិ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​បាន​​​និយាយថា លោក​​​​​​បាន​​​ដឹង​​​អំពី​​​​​​ជម្លោះ​​​នេះ​​​ ប៉ុន្តែ ថា លោក​​​មិន​​​បាន​​​ដឹង​​​បទ​​​បញ្ជា​​​បែប​​​ណា​​​ត្រូវ​​​បាន​​​ចេញ​​​ដល់​​​ទាហាន​​​ក្នុង​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​ទេ​​​។ លោក​​​បាន​​​និយាយ​​​ថា ទោះជា​​​យ៉ាង​​​នេះ​​​ក្តី​​​មិន​​​មាន​​​កម្លាំង​​​យោធា​​​បញ្ជូន​​​ទៅ​​​តំបន់​​​នោះ​​​ពី​​​កន្លែង​​​ផ្សេង​​​ក្នុ​​​ង​​​ប្រទេស​​​ទេ​​​។

លោក​​​ វ៉ា គឹមហុង ប្រធាន​​​គណៈកម្មាធិការ​​​កិច្ច​​​ការ​​​ព្រំដែន​​​របស់​​​រដ្ឋាភិបាល​​​​​​ មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​ពន្យល់​​​បាន​​​ទេ​​​។

ការដ្ឋាន​​​សំណង់​​​ឡាវ​​​ ស្ថិត​​​នៅ​​​ចម្ងាយ៣០​​​ម៉ែត្រ​​​ក្នុង​​​ទឹក​​​ដី​​​មាន​​​ជម្លោះ​​​ដែល​​​ឡាវ​​​គ្រប់​​​គ្រង​​​ជា​​​បណ្តោះ​​​អាសន្ន​​​ នៅ​​​ជិត​​​ច្រក​​​ព្រំដែន​​​អន្តរជាតិ​​​​​​ត្រពាំង​​​គ្រៀល​​​។

លោក​​​ ឯក ស៊ីវ​​​វណ្ណដន ​​​ស្នង​​​ការ​​​រង​​​​​​ទទួល​​​បន្ទុក​​​​​​កិច្ច​​​ការ​​​ព្រំដែន​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​ បាន​​​និយាយ​​​ថា អាជ្ញាធរ​​​កម្ពុជា​​​មិន​​​បាន​​​ប៉ុន​​​ប៉ង​​​បញ្ឈប់​​​សំណង់​​​​​​នៃ​​​មូល​​​ដ្ឋាន​​​នោះ​​​ទេ​​​ ពួក​​​គេ​​​​​​បាន​​​​​​ទប់​​​ស្កាត់​​​សម្ភារ​​​សំណង់​​​មិន​​​ឲ្យ​​​ដឹក​​​ជញ្ជូន​​​​​​​​​តាម​​​បណ្តោយ​​​ផ្លូវ​​​ជាតិ​​​លេខ​​​៧ ចូល​​​តំបន់​​​ជម្លោះ​​​។ មិន​​​មាន​​​ផ្លូវ​​​ចូល​​​ទៅ​​​កាន់​​​ការ​​​ដ្ឋាន​​​នោះ​​​ពី​​​ខាង​​ប្រទេស​​​ឡាវ​​​ទេ​​​។

លោក​​​ សីុវវណ្ណដន បាន​​​និយាយ​​​ថា “អ្វីដែល​​​យើង​​​អាច​​​ធ្វើ​​​បាន​​​រាល់​​​ថ្ងៃ​​​ គឺ​​​រារាំង​​​ប្រជាជន​​​ឡាវ​​​មិន​​​ឲ្យ​​​ដឹក​​​ជញ្ជូន​​​សម្ភារ​​​តាម​​​​​​ផ្លូវ​​​របស់​​​យើង​​​​​​ទៅ​​​កាន់​​​​​​ការដ្ឋាន​​​សំណង់​​​នោះ​​​”។

លោក​​​បាន​​​និយាយ​​​ថា “យើង​​​រារាំង​​​តែ​​​រថយន្ត​​​ដែល​​​ដឹក​​​ខ្សាច់​​​ ថ្ម​​​ និង​​​ដែក​​​។ យើង​​​បញ្ជា​​​ពួក​​​គេ​​​ឲ្យ​​​ត្រឡប់ក្រោយ​​​វិញ​​​”។

ការ​​​ខំ​​​ប្រឹង​​​ប្រែង​​​ដើម្បី​​​បោះ​​​បង្គោល​​​សម្គាល់​​​ព្រំ​​​ដែន​​​​​​​​​ប្រវែង​​​៥៤០​​​គីឡូ​​​ម៉ែត្រ​​​​​​រវាង​​​ប្រទេស​​​ឡាវ និង​​​ប្រទេស​​​កម្ពុជា​​​​​​បាន​​​ចាប់​​​ផ្តើម​​​​​​នៅ​​​ឆ្នាំ​​​២០០០​​​ ហើយ​​​​​​មិន​​​ទាន់​​​បញ្ចប់​​​រួច​​​រាល់​​​នៅ​​​ឡើយ​​​ទេ៕ និត

The post ទាហាន​​​នៅ​​​ព្រំដែន​​​​​​ត្រៀម​​​​​​បន្ទាប់​​​ពី​​​មាន​​​ការ​​​គំរាម​​​ពី​​​ប្រទេស​​​ឡាវ​​​ appeared first on ខេមបូឌា ដេលី.