អគ្គិភ័យ​​​ឆេះ​​​បំផ្លាញ​​​ផ្សារ​​​ស្ទឹង​​​ត្រែង​​​ បណ្តាល​​​ឲ្យ​​​ខូច​​​ខាត​​​ជាទឹក​​​ប្រាក់​​​១​​​លាន​​​ដុល្លារ​​​​​​

នគរ​​​បាល​​​បាន​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា ​​​តូប​​​លក់​​​​​​និង​​​ហាង​​​ជាង​​​១.០០០ត្រូវ​​​បំផ្លាញ​​​ដោយ​​​អគ្គិ​​​ភ័យ​​​​​​​​​នៅ​​​ផ្សារ​​​​​​ក្នុង​​​ក្រុង​​​ស្ទឹង​​​ត្រែង​​​ ដោយ​​​បណ្តាល​​​ឲ្យ​​​​​​មាន​​​ការ​​​ខូច​​​ខាត​​​ទ្រព្យ​​​សម្បត្តិ​​​​​ជា​​​ទឹក​​​ប្រាក់​​​ជាង​​​មួយ​​​លាន​​​ដុល្លារ។

លោក ឈូក កុម៉ល់ អធិការ​​​​​​នគរ​​​បាល​​​ក្រុង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា អគ្គិ​​​ភ័យ​​​​​​បា​​​ន​​​ឆាប​​​ឆេះ​​​បំផ្លាញ​​​ផ្សារ​​​ថ្ម​​​ក្នុង​​​សង្កាត់​​​ស្ទឹង​​​ត្រែង ​​​ក្រោយ​​​ពី​​​​​​បាន​​​កើត​​​ឡើង​​​​​​នៅ​​​ម៉ោង​​​ប្រហែល​​​​​​១០​​​យប់​​​​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ ហើយ​​​បាន​​​ឆេះ​​​​​​​​​អស់​​​រយៈ​​​ពេល​​​៥​​​ម៉ោង​​​​​​មុន​​​នឹង​​​អ្នក​​​ពន្លត់​​​អគ្គិ​​​​​​ភ័យ​​​​​​អាច​​​ពន្លត់​​​បាន។​​​លោក​​​អធិការ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ឡាន​​​ទឹក​​​​​​ត្រូវ​​​​​​ហៅ​​​មក​​​ជួយ​​​ពី​​​ខេត្ត​​​ជាប់​​​គ្នា​​​គឺ​​​ខេត្ត​​​រតនគិរី និង​​​ក្រចេះ ដើម្បី​​​ជួយ​​​នគរ​​​បាល​​​មូលដ្ឋាន។

អធិការ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “​​​នៅ​​​ពេល​​​ដែល​​​​​​ឡាន​​​ទឹក​​​​​​មក​​​ដល់​​​កន្លែង​​​ឆេះ​​​ វា​​​ពិបាក​​​ចូល​​​ទៅ​​​ក្នុង​​​ ព្រោះ​​​​​​ភ្លើង​​​​​​ឆេះ​​​រាល​​​​​​ដល់​​​ខ្លោង​​​ទ្វារ​​​ទាំង​​​បួន​​​ អ៊ីចឹង​​​យើង​​​ក៏​​​ប្រើ​​​​​​​​​គ្រឿង​​​ចក្រ​​​កាយ​​​​​​ទ្វារ​​​ចេញ​​​ ហើយ​​​វា​​​ក៏​​​បំផ្លាញ​​​តូប​​​ខ្លះ​​​ដែរ”។​​​​​​​​​​​​​​​

លោក កុម៉ល់​​​ ​​​បាន​​​​​​និយាយ​​​ថា ផ្សារ​​​ទាំង​​​មូល​​​ត្រូវ​​​ភ្លើង​​​ឆេះ​​​អស់​​​​​​ ដោយ​​​​​​​​​ប៉ាន់​​​ប្រមាណ​​​ថា​​​អគ្គិភ័យ​​​​​​បាន​​​បណ្តាល​​​ឲ្យ​​​ខូច​​​ខាត​​​​​​ជាទឹក​​​ប្រាក់​​​​​​ប្រហែល​​​មួយ​​​លាន​​​ដុល្លារ​​​។ លោក​​​បាន​​​និយាយ​​​បន្ថែម​​​ថា មូលហេតុ​​​​​​នៃ​​​ការ​​​ឆេះ​​​​​​នៅ​​​មិន​​​ទាន់​​​ច្បាស់​​​នៅ​​​ឡើយទេ ហើយ​​​ថា​​​ ​​​​​​អាជ្ញា​​​ធរ​​​ខេត្ត​​​ នគរ​​​បាល និង​​​កងរាជ​​​អាវុធ​​​ហត្ថ​​​​​​​​​​​​កំពុងតែ​​​​​​ស៊ើប​​​អង្កេត។​​​​​​​​​

អធិការ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “ឥឡូវ​​​នេះ អាជ្ញាធរ​​​ខេត្ត​​​កំពុង​​​​​​ជួប​​​ប្រជុំ​​​ ដើម្បី​​​​​​ពិភាក្សា​​​អំពី​​​​​​ទីតាំង​​​ថ្មី​​​ពីរ​​​កន្លែង​​​​​​សម្រាប់​​​អាជីវ​​​ករ​​​​​​ចាប់​​​ផ្តើម​​​លក់​​​ដូរ​​​​​​ជា​​​ថ្មី គឺ​​​តាម​​​មាត់​​​ទន្លេ ឬ​​​ទីលាន​​​បាល់​​​ទាត់”។​​​

អ្នកស្រី ស៊ុត រតនា អាជីវ​​​ករ​​​លក់​​​សម្លៀក​​​បំពាក់​​​និង​​​ស្បែក​​​ជើង​​​នៅ​​​ផ្សារ​​​នេះ​​​បាន​​​និយាយ​​​ថា ​​​អ្នក​​​ស្រី​​​​​​ខូច​​​ខាត​​​ប្រហែល​​​​​​៨០.០០០​​​ដុល្លារ​​​អាមេរិក​​​​​​ដោយ​​​សារ​​​អគ្គិភ័យ ហើយ​​​ថា អ្នកស្រី​​​សង្ឃឹម​​​ថា រដ្ឋាភិបាល​​​នឹង​​​ពិចារណា​​​​​​សង​​​សំណង​​​​​​ដល់​​​អាជីវករ​​​។​​​

អ្នកស្រី​​​បាន​​​និយាយ​​​ថា អគ្គិសនី​​​​​​ក្នុង​​​ផ្សារ​​​​​​ដែល​​​គ្រប់​​​គ្រង​​​ជា​​​ឯកជន​​​ដោយ​​​ពាណិជ្ជករ​​​ម្នាក់​​​ត្រូវ​​​បាន​​​បិទ​​​​​​នៅល្ងាច​​​​​​​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ ដែល​​​ធ្វើ​​​ឲ្យ​​​អាជីវករ​​​សង្ស័យ​​​ថា ភ្លើង​​​​​​អាច​​​​​​ឆាប​​​ឆេះ​​​ដោយ​​​ចេតនា។ មន្ទិល​​​សង្ស័យ​​​នេះត្រូវ​​​គាំ​​​ទ្រ​​​ដោយ​​​​​​ហេតុការណ៍​​​ថា អ្នក​​​លក់​​​ដូរ​​​​​​ដំបូងគេ​​​​​​​​​ដែល​​​បាន​​​មក​​​ដល់​​​​​​ផ្សារ​​​ ក្រោយ​​​ពី​​​បាន​​​ទទួល​​​ដំណឹង​​​​​​ថាភ្លើង​​​ឆេះ​​​ផ្សារ​​​បាន​​​​​​ឃើញ​​​​​​កន្លែង​​​​​​ឆេះ​​​បី​​​ខុសៗ​​​គ្នា។

អាជីវករ​​​រូប​​​នេះ​​​បាន​​​សួរ​​​ថា “​​​ខ្ញុំ​​​ច្បាស់​​​ថា ភ្លើង​​​បាន​​​កើត​​​ឡើង​​​​​​ដោយ​​​មនុស្ស​​​ដុត ព្រោះ​​​​​​រាល់​​​យប់​​​​​​នៅ​​​ម៉ោង​​​៦​​​ល្ងាច អគ្គិសនី​​​​​​ត្រូវ​​​បិទ អ៊ីចឹង តើ​​​វា​​​ឆ្លង​​​ចរន្ត​​​អគ្គិសនី​​​ម៉េច​​​កើត​​​ទៅ?”៕

 

The post អគ្គិភ័យ​​​ឆេះ​​​បំផ្លាញ​​​ផ្សារ​​​ស្ទឹង​​​ត្រែង​​​ បណ្តាល​​​ឲ្យ​​​ខូច​​​ខាត​​​ជាទឹក​​​ប្រាក់​​​១​​​លាន​​​ដុល្លារ​​​​​​ appeared first on ខេមបូឌា ដេលី.