រដ្ឋាភិបាលលើកពេលបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតពេលចូលឆ្នាំទៅបុណ្យពិសាខបូជាវិញ

ក្រសួងយុត្តិធម៌ប្រកាសលើកពេលពិនិត្យ និងសម្រេចសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ទៅក្នុងឱកាសពិធីបុណ្យពិសាខបូជាវិញ ដោយអះអាងថា សំណើមួយចំនួនពុំទាន់អនុវត្តត្រឹមត្រូវតាមលក្ខខណ្ឌ។

ក្នុងលិខិតចុះថ្ងៃទី៧ ខែមេសា ផ្ញើជូនប្រធានគណៈកម្មការក្រសួងមហាផ្ទៃ និងប្រធានគណៈកម្មការថ្នាក់រាជធានីខេត្ត រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស លោក អង្គ វង្ស វឌ្ឍានា បានលើកឡើងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ គណៈកម្មការបានទទួលសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោសរបស់គណៈកម្មការរាជធានីខេត្តចំនួន១២ ។

លិខិតបន្តថា គណៈកម្មការថ្នាក់ជាតិពិនិត្យឃើញថា សំណើមួយចំនួនពុំទាន់អនុវត្តឲ្យបានត្រឹមត្រូវតាមលក្ខខណ្ឌ ហើយការរៀបចំឯកសារក៏នៅមិនទាន់ត្រឹមត្រូវទៅតាមគោលការណ៍ និងទម្រង់លក្ខខណ្ឌដែលមានចែងក្នុងបទបញ្ញត្តិច្បាប់ជាធរមាននៅឡើយ រួមទាំងខ្វះខាតព័ត៌មាននៃសំណុំឯកសាររបស់ទណ្ឌិតមួយចំនួន។

រដ្ឋាភិបាលលើកពេលបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតពេលចូលឆ្នាំទៅបុណ្យពិសាខបូជាវិញ

លិខិតដដែលបន្តថា គណៈកម្មការថ្នាក់ជាតិសម្រេចលើកពេលពិនិត្យ និងសម្រេចលើសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោសនេះ ទៅក្នុងឱកាសពិធីបុណ្យពិសាខបូជា ក្នុងខែឧសភាវិញ ដោយអះអាងថាដើម្បីធានាការអនុវត្តត្រឹមត្រូវតាមគោលការណ៍ និងទម្រង់លក្ខខណ្ឌដែលមានចែងក្នុងបទបញ្ញត្តិច្បាប់។

ក្នុងលិខិតដដែល លោក អង្គ វង្ស វឌ្ឍានា ក៏បានស្នើទៅប្រធានគណៈកម្មការក្រសួងមហាផ្ទៃ និងប្រធានគណៈកម្មការរាជធានីខេត្ត រៀបចំបញ្ជីឈ្មោះទណ្ឌិតដើម្បីស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ឲ្យស្របតាមគោលការណ៍ និងទម្រង់លក្ខខណ្ឌដែលមានចែងក្នុងច្បាប់ ដោយត្រូវត្រួតពិនិត្យ និងតាមដានឲ្យបានម៉ត់ចត់អំពីកម្រិតនៃការកែប្រែអត្តចរិត និងអំពីប្រភេទបទល្មើសរបស់ទណ្ឌិតម្នាក់ៗ។

វីអូឌី (VOD)មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បាននៅឡើយទេ ដោយទូរស័ព្ទលោកមិនអាចទាក់ទងបាន។

កាលពីចុងខែកុម្ភៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងប្រធានពន្ធនាគារត្រូវធ្វើការឲ្យបានម៉ត់ចត់ទៅលើទណ្ឌិតដែលជាប់ទោសដោយសារប្លន់និងគ្រឿងញៀន មុនពេលដាក់ឲ្យលោកចុះហត្ថលេខាដាក់ថ្វាយព្រះមហាក្សត្រលើកលែងទោស។ លោក ហ៊ុន សែន បានលើកឡើងថា នៅពេលដាក់ឈ្មោះទណ្ឌិតណាដែលត្រូវលើកលែងទោស លោកស្នើឲ្យប្រាប់រូបលោកថាតើទណ្ឌិតណាជាប្រភេទចោរ និងគ្រឿងញៀន។

លោកបានមានប្រសាសន៍ថា៖ “អាមុខចោរដដែលៗ រឿងវាងើបឡើងលើកទីបីហើយ មុខចោរដដែលៗ គឺអាចោរចូលគុក មិនដែលជាប់គុកបានយូរទេ… អាអ្នកប្លន់ហ្នឹងគឺថាចេញតែពីគុក អញ្ចឹងសូមមើលឡើងវិញ ខ្ញុំនិយាយសាជាថ្មី ពីមុនខ្ញុំប្រើពាក្យថាខ្ញុំប្រើកណ្តាប់ដៃដែករបស់ខ្ញុំ ដើម្បីប្រឆាំងនឹងរឿងនេះ។ ឥឡូវឲ្យតែប្រភេទចោរនិងពួកគ្រឿងញៀន វាចេញពីគុកដូចស្រួលពេកហ្មង។ ហើយអាហ្នឹងចេញមកបង្ករឿង។ ពីមុនវាត្រឹមប្លន់ អត់ទាន់ហ៊ានសម្លាប់មនុស្ស តែវាចេញលើកក្រោយវាហ៊ានសម្លាប់មនុស្ស”

ចំណែកកាលពីខែធ្នូ ឆ្នាំ២០១៥ លោក ហ៊ុន សែន ក៏បានបញ្ជាឲ្យក្រសួងយុត្តិធម៌ពិនិត្យឡើងវិញនូវការស្នើឈ្មោះទណ្ឌិតមួយចំនួនសម្រាប់ការលើកលែងទោស ដោយលោកថាករណីពាក់ព័ន្ធនឹងការប្លន់ថ្មីៗនេះ គឺជាមុខសញ្ញានៃទណ្ឌិតដែលទើបចេញពីពន្ធនាគារ។ ភ្លាមៗនោះ ក្រសួងយុត្តិធម៌បានកោះប្រជុំជាមួយប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានី-ខេត្ត ដើម្បីពិភាក្សាពីការសហការអនុវត្តច្បាប់រវាងតុលាការអយ្យការនិងនគរបាលយុត្តិធម៌ ក្នុងការពង្រឹងសន្តិសុខសាធារណៈ ការបង្ការនិងបង្រ្កាបបទល្មើសព្រហ្មទណ្ឌ។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលតែងធ្វើការបន្ធូរបន្ថយ និងលើកលែងទោសទណ្ឌិតមួយចំនួននៅក្នុងឱកាសបុណ្យជាតិធំៗដូចជាបុណ្យពិសាខបូជា បុណ្យចូលឆ្នាំខ្មែរ និងព្រះរាជពិធីបុណ្យអុំទូកជាដើម៕

ប្រភពៈ VOD