រឿង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ​៖ លោក ឱម យ៉ិនទៀង ថា បើ​មិន​ជ្រាប​ ក៏​សើម​ដែរ​

រឿង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ​៖ លោក ឱម យ៉ិនទៀង ថា បើ​មិន​ជ្រាប​ ក៏​សើម​ដែរ​



ភ្នំពេញ ​៖ ថ្មីៗ​នេះ​បាន​បែកធ្លាយ​នូវ​ព័ត៌មាន​មួយ​បាន​អះ​អាង​ថា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កម្ពុជា​ លោក អង្គ វង្សវឌ្ឍានា មានឈ្មោះ​នៅក្នុង​បញ្ជី “Panama Paper” ទាក់ទង​នឹង​ការ​លាក់​លុយ​នៅ​ក្រៅ​ប្រទេស ប៉ុន្តែ​រឿង​នេះ​ ត្រូវ​បាន​ក្រសួងយុត្តិធម៌​បាន​ចេញ​សេចក្ដី​បដិសេធ​ថា ជា​ព័ត៌មាន​មិន​ពិត ភូត​កុហក និង​ធ្វើ​ឲ្យ​សាធារណជន​ភាន់ច្រឡំ និង​ប៉ះពាល់​ដល់​កិត្តិយស​។​

មានប្រសាសន៍​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​រសៀល​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៦ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​អះ​អាង​ថា លោក​ក៏​បាន​ឮ​ដែរ​បញ្ហា​នេះ ហើយ​នៅ​ពេល​ឮ គឺ​លោក​ធ្វើការ​ហើយ មិនបាច់​អ្នកណា​មក​ប្រាប់​ទេ​។​

ឆ្លើយតប​សំណួរ​អ្នកសារព័ត៌មាន ដែល​បាន​សួរ​ថា “​ទាក់ទង​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ គឺ​ឯកឧត្ត​ម អង្គ​វង្ស វ​ឌ្ឍា​នា ថា​ មានការ​លាក់​លុយ​នៅ​បរទេស ទាក់ទង​បញ្ហា​នេះ​ឯកឧត្តម​បាន​ជ្រាប​ទេ ហើ​យ​គ្រោង​ថា មាន​ចំណាត់ការ​បែប​ណា​ដែរ ?”​។

លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​លើក​ឡើង​ថា “​បើ​មិន​ជ្រាប​ក៏​សើម​ដែរ ហើយ​យើងខ្ញុំ​តែ​ឮ​ហើយ ផ្លូវច្បាប់​ថា ធ្វើ​បាន​ឬ​មិនបាន តែ​យើងខ្ញុំ​ធ្វើការ​ហើយ មិនមែន​មិន​ធ្វើការ​ទេ មិនបាច់​អ្នកណា​មក​ដាស់តឿន​ទេ មុខងារ​របស់​យើងខ្ញុំ​។ អត់​មាន​ប្រើ​ពាក្យ​ស៊ើបអង្កេត​ទេ យើង​ធ្វើការ​របស់​យើង តែ​ប្រើ​ពាក្យ​ស៊ើបអង្កេត​ហើយ​ ដំណាក់កាល​មួយទៀត​ហើយ​”​។​

សូម​បញ្ជាក់​ថា កាលពី​ថ្មីៗ​នេះ មាន​សារព័ត៌មាន​មួយចំនួន​បាន​ផ្សព្វផ្សាយ​ថា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កម្ពុជា​លោក អង្គ វង្សវឌ្ឍានា ត្រូវ​បាន​គេ​ឃើញ​ឈ្មោះ​នៅក្នុង​បញ្ជី «Panama Paper» ដែល​ជា​ការ​បែក​ធ្លាយ​នៃ​កំណត់ត្រា​ធនាគារ ដោយ​បាន​បង្ហាញ​ពី​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ការ​លាក់​លុយ​នៅ​ក្រៅ​ប្រទេស​របស់​បុគ្គល ដែល​មាន​ទ្រព្យសម្បត្តិ និង​មានអំណាច​ជាងគេ​មួយចំនួន​នៅ​ជុំវិញ​ពិភពលោក ហើយ​ឯកសារ​បែកធ្លាយ​នេះ​ប្រមាណ ១១,៥ លាន​ច្បាប់​របស់​ក្រុមហ៊ុន​មេធាវី Mossack Fonseca ដែ​ល​មាន​ទីតាំងនៅ​ប្រទេស​ប៉ា​ណា​ម៉ា ទោះជា​យ៉ាងណា​ការ​បែកធ្លាយ​នេះ កំពុង​ត្រូវ​បាន​គេ​ស៊ើប​អង្កេ​ត​ក្រោម​ការ​សម្របសម្រួល​របស់​សមាគម​អ្នកសារព័ត៌មាន​ស៊ើបអង្កេត​អន្តរជាតិ​។​

ក្នុងចំណោម​ការ​លេច​ធ្លាយ​កំណត់ត្រា​ព័ត៌មាន​ក្រុមហ៊ុន​កិច្ចសន្យា និង​អ៊ីមែល​ទាំង​នោះ​ គេ​ឃើញ​មាន​បញ្ជី​ឈ្មោះ​ក្រុម​វិនិយោគិន​សរសេរ​ដោយ​ដៃ​របស់​ក្រុមហ៊ុន RCD International Limited ស្ថិត​នៅ​លើ​ប្រជុំ​កោះ Virgin ប្រទេស​អង់គ្លេស ​ដែល​មាន​ឈ្មោះ​របស់​ លោក អង្គ វង្សវឌ្ឍានា​។ លោក អង្គ​វង្ស វ​ឌ្ឍា​នា មានឈ្មោះ​ស្ថិតនៅ​ក្នុងចំណោម​ម្ចាស់​ភាគហ៊ុន៥​នាក់​របស់​ក្រុមហ៊ុន RCD ដោយ​បាន​ទិញ​ចំនួន​៥០០០ ហ៊ុន នៅ​ឆ្នាំ ២០០៧ ហើយ​មុខរបរ ដែល​ដាក់​ក្នុង​បញ្ជី​គឺ “​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​”​។ ចំណែកឯ​ម្ចាស់​ភាគហ៊ុន​៤ នាក់​ទៀត​ ត្រូវ​បាន​គេ​រាយការណ៍​ថា​ មាន​ទាំង​អ្នកជំនួញ​ចិន និង​កម្ពុ​ជា​លាយ​គ្នា​។​

ទាក់ទង​បញ្ហា​នេះ ការិយាល័យ​របស់​យើង​នៅ​មិនទាន់​ស្វែងរក​ការ​បញ្ជាក់​ពី ​លោក អង្គ​វង្ស វ​ឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​នៅឡើយ​ទេ​។ ទោះជា​យ៉ាងណា នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ ដែល​ចេញ​ដោយ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក សន សោភ័ណ បាន​បដិសេធ​ចំពោះ​ព័ត៌មាន​នេះ ដោយ​បាន​លើក​ឡើង​ថា លោក​រដ្ឋមន្ត្រី​មិន​ធ្លាប់​ស្គាល់​ក្រុមហ៊ុន​ខាងលើ​ទេ ​ហើយក៏​មិន​ធ្លាប់​បាន​ទិញ​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​បរទេស​ណាមួយ​ឡើយ​។​

ជាមួយ​គ្នា​នេះ អ្នកនាំពាក្យ​បាន​លើក​ឡើង​ផង​ដែរ​ថា ក្រសួងយុត្តិធម៌​កំពុង​ព្យាយាម​ទាក់ទង​ជាមួយ International Consortium Investigative Journalists(ICIJ) និង​បណ្ដាញសារព័ត៌មាន​បរទេស​នានា ដើម្បី​បង្ហាញ​ប្រភព​ឯកសារ​ ដែល​ពាក់ព័ន្ធ​នឹង​ការ​អះអាង​ខាង​លើ​នេះ​៕

រឿង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ​៖ លោក ឱម យ៉ិនទៀង ថា បើ​មិន​ជ្រាប​ ក៏​សើម​ដែរ​