ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ជួយ​ស្ត្រី​ខ្មែរ​ចំនួន​០៤​រូប​ ដែល​ជួប​ការ​លំបាក​

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី​ជួយ​ស្ត្រី​ខ្មែរ​ចំនួន​០៤​រូប​ ដែល​ជួប​ការ​លំបាក​



ភ្នំពេញ ​៖ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជួយ​ស្ត្រី​ខ្មែរ​ចំនួន ០៤ រូប ដែល​បាន​ទៅ​ធ្វើ​ការ​ផ្នែក​សេវា​បោសសម្អាត នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​ជួបប្រទះ​ការ​លំបាក​ក្នុង​ការងារ​ឲ្យ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ នេះ​បើ​តាម​អ្នកនាំពាក្យ ដែល​បាន​ថ្លែង​កាលពី​រសៀល​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៦។​

តាម​ លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បញ្ជាក់​ថា ស្ត្រី​ទាំង​០៤ រូប​នោះ​រួមមាន ទី​១, ឈ្មោះ គង់ លក្ខិណា អាយុ​៣២​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​ថ្មី ឃុំ​ត្រពាំង​ស្ដៅ ស្រុក​រមាសហែក ខេត្តស្វាយរៀង បាន​ទៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ និង​បាន​ទៅ​ស្ថានទូត​នៅ​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៦ សុំ​ជួយ​ឲ្យ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​។ ទី​២, ឈ្មោះ អុល សា​រ៉ង អាយុ​២៩​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​ឆក​រកា ឃុំ​សំឡូត ស្រុក​សំឡូ​ត ខេត្តបាត់ដំបង បាន​ទៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​០២ ខែ​មករា ឆ្នាំ​២០១៦ និង​បាន​ទៅ​ស្ថាន​ទូត​នៅ​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៦ សុំ​ជួយ​ឲ្យ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ។ ទី​៣, ឈ្មោះ ឡេង ស្រី​មុំ អាយុ​៣៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ក្រឡា ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​ទៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​០៦ ខែ​មីនា ឆ្នាំ​២០១៥ និង​បាន​ទៅ​ស្ថានទូត នៅ​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ ២០១៦ សុំ​ជួយ​ឲ្យ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​។ ទី​៤, ឈ្មោះ នៅ ដា​នី អាយុ​៤១​ឆ្នាំ មាន​ស្រុក​កំ​ណើ​ត នៅ​ភូមិ​ត្រពាំង​ថ្ម ឃុំ​ល្បើក ស្រុក​ឈូក ខេត្តកំពត បាន​ទៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០១៦ និង​បាន​ទៅ​ស្ថានទូត នៅ​ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ​២០១៦ សុំ​ជួយ​ឲ្យ​បាន​វិល​ត្រឡ​ប់​មក​កម្ពុជា​វិញ។

លោក ជុំ សុន្ទរី បញ្ជាក់​ថា ស្ថានទូត​បាន​ធ្វើ​ការ​ទាមទារ​យ៉ាង​ស្វិតស្វាញ​ជាមួយ​ថៅកែ​របស់​ពល​ការិ​នី​ទាំង​០៤ នាក់​នេះ ឲ្យ​បើក​ប្រាក់ខែ និង​ទិញ​សំបុត្រ​យន្តហោះ​ឲ្យ​ធ្វើដំណើរ​ត្រឡប់​មក​មាតុប្រទេស​។ កំឡុង​ពេល​រង់ចាំ​ការ​ត្រឡប់​មក​កម្ពុជា​វិញ ស្ថានទូត​បាន​ផ្តល់​កន្លែង​ស្នាក់នៅ និង​ការ​ហូបចុក​ជូន​ដល់​ពល​ការិនី​ទាំង​០៤ រូប នោះ ផង​ដែរ។ ពល​ការី​នី​០៤ រូប ខាងលើ ​មកដល់​អាកាសយានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​នៅ​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង​៧ និង​៣៥ នាទី ព្រឹក តាម​ជើង​យន្ត​ហោះ AK ៥​៣៦​។​

ដោយឡែក​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​អន្តរាគមន៍​ជួយ​ស្ត្រី​ខ្មែរ​០១ រូប ឈ្មោះ វេន ផល្លី អាយុ ២៦​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ទីមួយ ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូច​ឆ្មារ ខេត្ត​ត្បូងឃ្មុំ ដែល​បាន​រៀបការ​ជាមួយ​ប្ដី​ជនជាតិ​ចិន ហើយ​ត្រូវ​ប្ដី​បិទ​សិទ្ធិ​សេរីភាព ឲ្យ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ ហើយ​ស្ត្រី វេន ផល្លី បាន​មក​ដល់​មាតុភូមិនិវត្តន៍​ហើយ កាលពី​ថ្ងៃទី​០១ ខែ​មេ​សា ឆ្នាំ​២០១៦៕