ប្រាសាទព្រះគោក​ន្លែ​ង​បូជាសព​

6 Videos


​ប្រាសាទ​ព្រះ​គោ​ត្រូវបាន​កសាង​ទុកជា​ទីកន្លែងសម្រាប់​បូជាព្រះសព​រាជ​វង្សានុវង្ស​របស់​ព្រះបាទ ជយ​វរ្ម័នទី ២ ហើយក៏​ជា​កន្លែង​ដែល​ព្រះអង្គ​គោរព​សក្ការៈ​ផងដែរ ។ សព្វថ្ងៃ​ប្រាសាទ​នេះ​បានក្លាយ​ទៅជា​បូជនីយដ្ឋាន​ដ៏​សំខាន់​មួយ​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​ទស្សនា​នៅ​ប្រាសាទ​នេះ ។​
​ប្រាសាទ​ព្រះ​គោ ស្ថិតនៅ​ភូមិ​ឪឡោក ឃុំ​ប្រាសាទបាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដែល​ស្ថិតនៅ​ចន្លោះ​ប្រាសាទ បាគង និង ប្រាសាទលលៃ ។ ប្រាសាទ​នេះ​ត្រូវបាន​កសាង​ទ្បើងដោយ​ព្រះបាទ ឥន្ទ្រ​វរ្ម័នទី ១ នៅ​សតវត្សរ៍​ទី ៩ ( ៨៧៧-៨៨៩ ) ដើម្បី​ឧទ្ទិស​ដល់​ព្រះ​ឥសូរ​ក្នុង​លទ្ធិ​ព្រហ្មញ្ញសាសនា ហើយ​ជា​ប្រាសាទ សម្រាប់​បូជាសព​ព្រះ​មាតា បិតា ព្រមទាំង​ព្រះ​អាយ្យ​កោរ​បស់​ព្រះអង្គ និង បុព្វការី​ជន​របស់​ព្រះអង្គ​មាន​ព្រះបាទ ជយ​វរ្ម័នទី ២ និង ព្រះ​អគ្គមហេសី ជាដើម ។​

ប្រាសាទព្រះគោក​ន្លែ​ង​បូជាសព​

ប្រាសាទព្រះគោក​ន្លែ​ង​បូជាសព​

ប្រាសាទ​ព្រះ​គោ​មាន​ទ្រង់ទ្រាយ​ជា​ការ៉េ​ព័ទ្ធជុំវិញ​ទៅដោយ​កំពែង ៤ ជាន់ ព្រមទាំង​មាន​ខ្លោងទ្វារ​នៅ​គ្រប់​ជាន់​ទាំងអស់ ចំណែក កំពែង​ទី ២ បានរ​លំបាក់​ខ្ទេចខ្ទី​អស់​ទៅហើយ​នៅសល់តែ​សំណល់ថ្ម ។ រីឯ​បរិវេណ​ខាងក្នុង​ចំ​ផ្នែក​កណ្តាល​មាន​រាង​ចតុកោណកែងមាន​ប្រាង្គ​សង់​ពី​ឥដ្ឋ​ចំនួន ៦ សង់​រៀង​គ្នា​ជា​ពីរ​ជួរ ។ តួ​ប្រាសាទ​ដែល​ស្ថិតនៅលើ​ខឿន​ជួរមុខ​សម្រាប់​ឧទ្ទិស​ថ្វាយ​បុព្វបុរស​ខាង​ឪពុក​គេ​សង្កេត ឃើញ​មាន​លម្អ​ទៅដោយ​អ្នកយាម​ប្រុសៗ​នៅ​សងខាង​ទ្វារ​ប្រាសាទ ចំណែក​ប្រាសាទ​ឯទៀត​ដែល​ស្ថិតនៅ​ជួរ​ខាងក្រោយ​សម្រាប់​ឧទ្ទិស ថ្វាយ​បុព្វបុរស​ខាង​ម្តាយ​ដោយមាន​អ្នកយាម​ស្រី​នៅ​យាម​សងខាង​ទ្វារ ។

ប្រាសាទព្រះគោក​ន្លែ​ង​បូជាសព​

បើសិនជា​យើង​ធ្វើដំណើរ​បន្ត​តាម​បណ្តោយ​ផ្លូវ​ចូល​ឆ្ងាយ​បន្តិច​យើង​នឹងឃើញ​កំពែង​ឥដ្ឋ​មួយទៀត​ដែលមាន​ទ្វារ​ចូល​ពីរ​មួយ​ស្ថិតនៅ​ខាងកើត​មួយទៀត ស្ថិតនៅ​ខាងលិច ។ លុះ​ដើរ​ផុត​ទ្វារ​ចូល​ពី​ខាងកើត​ឃើញ​មាន​សំណល់​គោ​ស័ក្តិសិទ្ធិ​ចំនួន ៣ ដែល​ក្រាប​ទន្ទឹមគ្នា​មួយ​ជួរ​នៅក្នុង​បរិវេណ​នៅ​ចំ​ពីមុខ​ប្រាសាទ ។ ដោយសារតែ​មានការ​គំរាមកំហែង​ពី​ធម្មជាតិ​និង​ជនខិលខូច​មួយចំនួន​ធ្វើឱ្យ ប្រាសាទ​នេះ​ទទួល​គ្រោះថ្នាក់​យ៉ាងខ្លាំង​ហើយ​បច្ចុប្បន្ននេះ​កំពុងតែ​ជួសជុល​ឡើងវិញ​ដោយ​អាជ្ញាធរ​អប្សរា ។​
​តាម​ឯកសារ​របស់លោក អាំង ជូ​លាន បានឱ្យដឹងថា ប្រាសាទ​ព្រះ​គោ​នៅក្នុង​លទ្ធិ​ព្រហ្មញ្ញសាសនា​ជា​យានជំនិះ​របស់​ព្រះ​ឥសូរ​ឈ្មោះ គោ​ន​ន្ទិ មាន​ភ្នែក ៣ ដែលមាន​មហិទ្ធិឫទ្ធិ​ស្មើ​ព្រះ​ឥសូរ គោ​នេះ​អាចជា​យានជំនិះ​ផង​និង​ជាទី​ប្រឹក្សា របស់​ព្រះ​ឥសូរ​ផង ។

ប្រាសាទព្រះគោក​ន្លែ​ង​បូជាសព​

ចំណែក​គោ​នៅក្នុង​ព្រះពុទ្ធសាសនា​វិញ ជា​រូប​តំណាងឱ្យ​ព្រះសមណគោតម ។ ដូច្នេះ​ព្រះ​គោ​ក្នុង ព្រហ្មញសាសនា​បូក​បញ្ចូល​នឹង​ព្រះពុទ្ធសាសនា​បានជា​ធ្វើឱ្យ​អ្នកស្រុក​គោរពបូជា​និង បាន​ហៅ​ផ្លូវ​ចូល​ប្រាសាទ​នេះ​ថា​ផ្លូវ​ព្រះ​គោ ។ ចំណែក​ស្រះ​ដែល​នៅ​ខាងជើង​នៃ​ប្រាសាទ​ព្រះ​គោ ហៅថា ស្រះ​ព្រះ​កែវ ហើយ​ស្រះ​ដែល​នៅ​ត្បូង​ហៅថា ស្រះ​ព្រះ​គោ និង តំបន់​នៅក្នុង​ប្រាសាទ​នេះ​ទាំងមូល​ហៅថា ភូមិ ព្រះ​គោ​ព្រះ​កែវ ។

​នៅក្នុង​រឿងព្រេង​ខ្មែរ​យើង គឺ​រឿង​បក្សី​ចាំ​ក្រុង​បានបញ្ជាក់ ថា កន្លែង​ដែល​សាងសង់​ប្រាសាទ​នេះ គឺជា​ក្រោលគោ​របស់ លោកតា គ​ហេ ។ បន្ទាប់ពី​ការសាងសង់​ប្រាសាទបាគង​រួច ព្រះបាទ បក្សី​ចាំ​ក្រុង បាន​បញ្ជា​ឱ្យ​សាង​ប្រាសាទ​មួយទៀត​នៅត្រង់​ក្រោលគោ របស់​តា គ​ហេ គឺ​ប្រាសាទ​ព្រះ​គោ​សព្វថ្ងៃនេះ ។​ ​សព្វថ្ងៃ​ប្រាសាទ​ព្រះ​គោ​កំពុង​ត្រូវបាន​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​អប្សរា ដោយ​កំពុងមាន​ការជួសជុល​ប្រាសាទ​នេះ​ឱ្យបាន​ល្អប្រសើរ​ឡើងវិញជា​ប្រយោជន៍​សម្រាប់​ទាក់ទាញ​ភ្ញៀវ ទេសចរ​ឱ្យ​ចូលមក​ទស្សនា​ប្រាសាទ​នេះ​កាន់តែ​ច្រើនឡើងៗ ។ ជារៀងរាល់ថ្ងៃ​នៅ​បរិវេណ​ប្រាសាទ​ព្រះ​គោ​គេ​សង្កេតឃើញ​ភ្ញៀវទេសចរ​ចេញចូល​ទស្សនា​ប្រាសាទ​នេះ​ជា​ហូរហែ​ឥត​ដាច់ ជាពិសេស​ភ្ញៀវទេសចរ​ក្នុងស្រុក​ភាគច្រើន​ដែល​ចូល​ទស្សនា​ប្រាសាទ​នេ តែងតែ​គោរព​សក្ការៈ​ចំពោះ​រូបសំណាក​ព្រះ​គោ​នេះ ៕ នឿន​