តើភ្នំពេញក្រោន អាចបន្សាបភាពខ្លាំង ក្រសួងការពារជាតិ បានអត់ល្ងាចនេះ?

ភ្នំពេញ៖ ឆ្លងកាត់ ៤ប្រកួតមកហើយ គ្មានក្រុមណាអាចរារាំង ក្រុមក្រសួងការពារជាតិ ឲ្យទទួលបាន ៣ពិន្ទុពេញ សូម្បីតែក្រុមខ្លាំង បឹងកេតអង្គរ ។ ប៉ុន្ដែនៅរសៀលថ្ងៃទី០៩ ខែមេសានេះ ក្រសួងការពារជាតិ ត្រូវជួបជាមួយ ក្រុមការពារតំណែង ជើងឯក ភ្នំពេញក្រោនវិញម្ដង ចាំមើល តើភ្នំពេញក្រោន អាចផ្តល់មេរៀន ចាញ់លើកដំបូង សម្រាប់ក្រុម ក្រសួងការពារជាតិ នៅក្នុងសប្ដាហ៍ទី៥ នៃពានលីគកំពូលកកម្ពុជា រដូវកាលថ្មីនេះបានទេ?

ជំនួបដ៏កក្រើកនេះ នឹងចាប់ផ្ដើមនាវេលាម៉ោង ៣:៣០នាទី រសៀលថ្ងៃនេះ នៅលើទីលាន ពហុកីឡដ្ឋាន ស្ដាតចាស់ ទឹកដីរបស់ក្រុម ក្រសួងការពារជាតិ ។ ក្រសួងការពារជាតិ រដូវកាលថ្មីនេះ បានធ្វើឲ្យថ្នាក់ដឹកនាំក្រុម ៩ផ្សេងទៀត ព្រួយបារម្ភជាខ្លាំង ជាពិសេស ក្រោយពេលក្រុមទ័ពនេះ បានលត់ក្រុមបឹងកេតអង្គរ ២-១ កាលពីសប្ដាហ៍មុន ដើម្បីទទួលបាន ១២ពិន្ទុពេញ សម្រាប់ឈរកំពូល តារាងតែម្ដង ។

ក្រសួងការពារជាតិ បានផ្លាស់ប្ដូរទម្រង់លេងទាំងស្រុង នៅពេលក្រុមនេះ បាននាំចូលកីឡាករ កូរ៉េខាងជើង ២រូប នៅមុនលីគចាប់ផ្ដើម ពិសេសគឺ កីឡាករ Choe Myong Ho ដែលរូបគេ តែងតែរកបាន គ្រាប់ជ័យជម្នះឲ្យក្រុម ក្រសួងការពារ ជានិច្ច នៅរាល់គ្រប់ការប្រកួត កន្លងមក ខណៈធនធាន កីឡាករក្នុងស្រុកវិញ ក៏មិនធម្មតាដែរ ទាំងកីឡាករចាស់ៗ និងកីឡាករយុវជន ។

ដោយឡែកក្រុមភ្នំពេញក្រោនវិញ ឆ្លងកាត់ ៤ប្រកួតកន្លងទៅ ទើបរកបាន ៥ពិន្ទុប៉ុណ្ណោះ ។ នៅរដូវកាលថ្មីនេះ ភ្នំពេញក្រោន ហាក់មិនសូវ ទទួលបាន លទ្ធផលល្អ ពីការប្រកួតនោះទេ ក្រោមការដឹកនាំ របស់គ្រូបង្វឹកថ្មី ជនជាតិអេស្ប៉ាញ លោក Oriol Mohedano ដែលរុះរើកីឡាករថ្មី និងប្រើប្រាស់ ធនធានកីឡាករ យុវជន ស្ទើពាក់កណ្ដាល ក្រុមទៅហើយនោះ ។
អ្វីដែលរឹងតែសំខាន់ ៤ប្រកួតកន្លងមក ភ្នំពេញក្រោន បានអវត្តមាន កីឡាករសំខាន់ ៣រូប គឺកីឡាករ ធានរី ចន្ថាប៊ីន, កែវ សុខផេង និងកីឡាករ Booysen Shane ដែលបាន តែមួយប្រកួត បើកឆាក ក៏របួស ។ ការអវត្តរបស់ពួកគេ បានធ្វើឲ្យលោក Sam អ្នកចាត់ការក្រុមភ្នំពេញ ចាត់ទុក ជារឿងអាក្រក់ ដែលនាំឲ្យភ្នំពេញក្រោន ពិបាករកបាន ៣ពិន្ទុដូច្នេះ ។

ជារួមមកនៅល្ងាចនេះ ក្រសួងការពារជាតិ បានត្រៀមខ្លួន ពេញជើងលេងតែម្ដង ដោយគ្មានកីឡាករណា មានបញ្ហាគួរឲ្យ ព្រួយបារម្ភនោះទេ ខណៈភ្នំពេញក្រោន នៅតែអវត្តមាន កីឡាករសំខាន់ ២រូប គឺធានរី ចន្ថាប៊ីន និង Booysen Shane តែ កែវ សុខផេង នៅមិនទាន់ច្បាស់ ព្រោះថ្ងៃមុន គេបានលេង នៅពានសម្ដេច ។ ប៉ុន្ដែយ៉ាងណា គេជឿជាក់ថា ភ្នំពេញក្រោន ទំនងជាពិបាកបន្សាប ភាពខ្លាំង របស់ក្រសួង ការពារជាតិណាស់ ព្រោះរដូវកាលថ្មីនេះ ការពារជាតិ ពិតជាល្អហួស ពីការស្មានតែម្ដង ៕

 

តើភ្នំពេញក្រោន អាចបន្សាបភាពខ្លាំង ក្រសួងការពារជាតិ បានអត់ល្ងាចនេះ?