ក្រោយពេល​ប្រកាស​ដាក់ចូល​ជា​តំបន់​អភិរក្ស ព្រៃ​ឡង់​នៅតែ​រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​តំបន់​ព្រៃ​ឡង់​នៅក្នុង​ខេត្តកំពង់ធំ ខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ក្រោយពេល​ក្រសួងបរិស្ថាន ប្រកាស​ដាក់​ព្រៃ​ឡង់​ជា​តំបន់​ការពារ​និង​អភិរក្ស គឺ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​កើតមាន​យ៉ាង​អនាធិបតេយ្យ​។ បើទោះបី​ប្រជា​សហគមន៍​ប្រមូល​ផ្ដុំគ្នា​ដើរល្បាត​ក្នុងព្រៃ​ឡង់​ដើម្បី​ការពារ​ព្រៃឈើ​យ៉ាងណាក៏ដោយ ក៏​បទល្មើស​កាប់​ឈើ​នៅតែ​កើតឡើង​យ៉ាង​រាលដាល ហើយ​សកម្មជន​ព្រៃឈើ​ត្រូវ​ទទួលរង​នូវ​ការគំរាមកំហែង​ដល់​អាយុជីវិត​ទៀតផង​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម និង​រាជរដ្ឋាភិបាល គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃ​ឡង់ ប្រកបដោយ​ប្រសិទ្ធភាព​។

កាលពី​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៦ តំណាង​សហគមន៍​ការពារ​ព្រៃ​ឡង់​ក្នុងស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ក្រោយពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ដាក់​ព្រៃ​ឡង់​ជា​តំបន់​ព្រៃ​អភិរក្ស គឺ​បទល្មើស​កាប់​ឈើ​និង​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុមហ៊ុន​មួយចំនួន​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​តំបន់​ព្រៃ​ឡង់​បាន​បំពាន​កាប់​ឈើ​ក្រៅ​បរិវេណ​ដី​សម្បទាន​របស់ខ្លួន ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ លើស​នេះ​ទៅទៀត​ការដែល​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ឡង់​នៅតែ​បន្ត​កើតមាន គឺ​មកពី​មានការ​ឃុបឃិត​រវាង​ជនល្មើស​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀត​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់ បាន​លើកឡើងថា អាជ្ញាធរ​ក៏ដូចជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តកំពង់ធំ ខេត្តក្រចេះ ស្ទឹងត្រែង និង​ព្រះវិហារ មិន​យកចិត្តទុកដាក់​ការពារ​ព្រៃ​ឡង់​ឲ្យ​ស្របទៅតាម​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន នោះទេ​។ ហេតុនេះហើយ​ទើប​ព្រៃ​ឡង់​នៅតែ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក បើទោះបី​លោក ហ៊ុន សែន ប្រកាស​ដាក់​ព្រៃ​ឡង់​ជា​តំបន់​ការពារ​និង​អភិរក្ស​យ៉ាងណាក៏ដោយ​។ ជុំវិញ​បញ្ហា​នេះ​កាលពី​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៦ អង្គការ​ឃ្លាំមើល​បរិស្ថាន​ពិភពលោក បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​នូវ​គម្រោង​ប្រកបដោយ​តម្លាភាព​ក្នុង​បញ្ហា​ការពារ​ព្រៃឈើ​៩៥​ម៉ឺន​ហិកតា​ជា​តំបន់​ព្រៃ​ការពារ​និង​អភិរក្ស​។ ដោយហេតុថា ការរក្សា​ព្រៃឈើ​ឲ្យ​បាន​គង់វង្ស​គឺជា​បញ្ហា​សំខាន់បំផុត​សម្រាប់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​និង​ប្រទេស​កម្ពុជា​៕

4 index