ឈ្មួញ​២​នាក់​កំពុង​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​ក្នុង​ខេត្តសៀមរាប ដោយមាន​ការឃុបឃិត​ពី​សមត្ថកិច្ច​ពុករលួយ​

ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប បាន​រិះគន់ថា លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្នុង​ខេត្តសៀមរាប មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឲ្យ​ស្របទៅតាម​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន នោះទេ​។ ជាក់ស្តែង​សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​សុខ​ស្រួល​ក្នុង​ការប្រមូល​លុយ​ពី​ឈ្មួញ​ឈ្មោះ យិន ថាវ និង​ឈ្មោះ ក្រាញ់ នៅពេលដែល​ឈ្មួញ​ទាំង​២​នាក់​នេះ​ធ្វើ​សកម្មភាព​ឡើងវិញ​។ ដូច្នេះ​គណៈ​កម្ម​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ គួរពិនិត្យមើល​បទល្មើស​ដែល​កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​នៅ​ខេត្តសៀមរាប​នោះ​ខ្លះ​ផង កុំ​ឲ្យ​មាន​ភាពអនាធិបតេយ្យ​កាន់តែខ្លាំង​។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ឈ្មោះ យិន ថាវ និង​ឈ្មោះ ក្រាញ់ ដែលជា​ឈ្មួញ​រកស៊ី​ដ៏​ល្បីល្បាញ​ក្នុង​ខេត្តសៀមរាប កំពុង​ធ្វើ​សកម្មភាព​ឡើងវិញ​បន្ទាប់ពី​ពួកគេ​ផ្អាក​អស់​មួយរយៈ​ពេល​មក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ឈ្មោះ យិន ថាវ និង​ឈ្មោះ ក្រាញ់ កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចូល​ក្រុង​សៀមរាប ដោយមាន​ការឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ និង​ប្រើប្រាស់​អ្នកផ្សេង​ឲ្យ​ចេញមុខ​ជំនួស​ផងដែរ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា លោក យឹម ស៊ី​វន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រុង​សៀមរាប ទំនងជា​ទទួលបាន​ផលប្រយោជន៍​ជាប្រចាំ​ពី​ឈ្មួញ​ទាំង​២​នាក់​ខាងលើ ទើប​បណ្ដោយ​ឲ្យ​ពួកគេ​ដឹកឈើ​ចូលមក​ចែកចាយ​ពេញ​ក្រុង​សៀមរាប បាន​យ៉ាង​រលូន​។

ប្រភពពី​សមត្ថកិច្ច​តូចតាច​ដែល​មិនបាន​ទទួលផល​ប្រយោជន៍​ពីបទ​ល្មើស​ព្រៃឈើ បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​មាន​សកម្មភាព​ដឹកឈើ​ចេញពី​កន្លែង​ស្តុក​ឈើ​របស់​ឈ្មោះ យិន ថាវ នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប គឺ​នៅលើ​ដងផ្លូវ​៦០​ម៉ែត្រ យកមក​លក់​ឲ្យ​ដេប៉ូ​តា​រ៉េ នៅជាប់​ផ្លូវ​៦០​ម៉ែត្រ ទល់មុខ​សារមន្ទីរ​ក្រហម​។ ទន្ទឹមនឹងនេះ​ម្ចាស់​ដេប៉ូ​ឈ្មោះ តា​រ៉េ ដែលមាន​ទីតាំង​ក្នុងភូមិ​អញ្ចាញ ក៏បាន​ប្រាប់​អ្នកសារព័ត៌មាន​ដែរ​ថា ខ្លួន​ទទួល​ទិញ​ឈើ​ពី​ឈ្មោះ យិន ថាវ ហើយ​ជា​ប្រភេទ​ឈើ​សុ​ក្រំ​ដែលមាន​មុខកាត់​ធំៗ​។ សមត្ថកិច្ច​តូចតាច​បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈើ​ឈ្មោះ ក្រាញ់ និង​ឈ្មោះ យិន ថាវ កំពុង​បន្តសកម្មភាព​រកស៊ី​ឈើ​ខុសច្បាប់​យ៉ាង​ក្រអឺតក្រទម ព្រោះ​មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ជា​ខ្នងបង្អែក ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ដូចជា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ គិតគូរ​តែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ ពួកគេ​មិន​បង្ក្រាប​បទល្មើស​ឡើយ​៕

TeaKumSothលោក ទា គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបIMG_4544